(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០នេះ បានកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកក្នុងរយៈពេល៩ខែ គិតចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២០នេះ ដែលអត្រាគ្រោះថ្នាក់ ស្លាប់ និងរងបួសមានការថយចុះគួរឲ្យកត់សំគាល់ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩។
របាយការណ៍បានបង្ហាញថា ក្នុងរយៈពេល៩ខែឆ្នាំ២០២០នេះ មានគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកបានកើតឡើងសរុបចំនួន២៤៣០លើក ថយចុះ៧២៩លើក ស្មើនឹង២៣,០៧ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលឆ្នាំ២០១៩។ រយៈពេល៩ខែកាលពីឆ្នាំ២០១៩ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងរហូតដល់ទៅ៣១៥៩លើក។
អត្រាគ្រោះថ្នាក់ថយចុះ ធ្វើឲ្យអត្រាអ្នកស្លាប់ក៏បានថយចុះ! នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ដែលថយចុះមកនៅត្រឹម២៤៣០លើកនេះ បានធ្វើឱ្យចំនួនអ្នកស្លាប់ថយចុះ២៦៤នាក់ ស្មើនឹង១៧,៣៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩។ រយៈពេល៩ខែឆ្នាំ២០១៩ គ្រោះថ្នាក់ចរាចរណ៍បានបណ្ដាលឲ្យមានអ្នកស្លាប់ចំនួន១៥២១នាក់។
ចំណែកអត្រាអ្នករងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍វិញ នៅក្នុងរយៈពេល៩ខែឆ្នាំ២០២០នេះ អ្នករងរបួសមានចំនួន៣៦៦៣នាក់ បានថយចុះ១០៥៨នាក់ ស្មើនឹង២២,៤១ភាគរយ បើធៀបនឹងរយៈពេល៩ខែដូចគ្នាកាលឆ្នាំ២០១៩ ដែលអ្នករងបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ពេលនោះ មានរហូតដល់ទៅ៤៧២១នាក់។
សម្តេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណ និងកោតសរសើរខ្ពស់ ចំពោះស្មារតីយកចិត្តទុកដាក់បំពេញភារកិច្ចដឹកនាំការអនុវត្តច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោកទាំងយប់ ទាំងថ្ងៃ ដោយគ្មានការនឿយហត់ របស់ថ្នាក់ដឹកនាំ និងមន្រ្តីកងកម្លាំងនគរបាលគ្រប់លំដាប់ថ្នាក់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត។
យ៉ាងណាមិញសម្តេចក្រឡាហោម នៅបន្តការអំពាវនាវដល់ប្អូនជនរួមជាតិទាំងអស់ សូមប្រកាន់ខ្ជាប់នូវស្មារតីបើកបរដោយការគោរពច្បាប់ចរាចរណ៍ និងប្រុងប្រយ័ត្នគ្រប់ពេលវេលា និងសូមស្នើថ្នាក់ដឹកនាំសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់បន្តបំពេញភារកិច្ចដ៏ថ្លៃថ្លាក្នុងការរក្សាសុវត្ថិភាព ចរាចរណ៍ជូនប្រជាពលរដ្ឋ និងបន្តផ្តល់ការលើកទឹកចិត្តដល់មន្ត្រីដោយស្មារតីយកចិត្តទុកដាក់ខ្ពស់៕


