(បន្ទាយមានជ័យ)៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំកងកម្លាំងស្នងការនគរបាលខេត្ត កងពលតូចថ្មើរជើងលេខ៥១ កម្លាំងកងរាជអាវុធហត្ថខេត្ត និងកម្លាំងតំបន់ប្រតិបត្តការសឹករងខេត្ត លោកអភិបាលស្រុកមង្គលបូរី ចុះជួយច្រូតស្រូវលិចទឹក របស់ប្រជាពលរដ្ឋ ៤,៥ហិកតា នៅភូមិបល័ង្គជ្រៃ ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ក្នុងនោះក៍មានវត្តមានអញ្ជើញពី លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការយោធភូមិភាគទី៥ ទិសទី១បន្ទាយមានជ័យ លោឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត ។
ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យមានប្រសាសន៍ថាក្នុងនាមអាជ្ញាធរខេត្ត ក្រុមការងារ កងកម្លាំងប្រដាប់អាវុធជាកម្លាំងជួរមុខ តែងតែចុះជួយដោះស្រាយទុក្ខលំបាកប្រជាពលរដ្ឋគ្រប់ទីកន្លែង ពេលវេលាដោយគ្មានគិតពីបក្សពួក និងនិន្នាការនយោបាយនោះឡើយ ទីណាមានទុកលំបាកទីនោះមានមន្ត្រី ថ្នាក់ដឹកនាំ និងកងកម្លាំងចុះជាប់ជានិច្ចដូចជារងគ្រោះធម្មជាតិខ្យល់កន្ត្រាក់ខូចខាតផ្ទះសម្បែក ក្រីក្រខ្វះខាត និងគ្រោះទឹកជំនន់ដូចជាក់ស្តែងថ្ងៃនេះ និងកន្លងមក កងកម្លាំងបានចុះដោយស្រាយបានទាន់ពេលវេលាប្រកបដោយភាពជោគជ័យ ។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានសម្តែងការកោតសរសើរចំពោះលោកមេបញ្ជាការ ស្នងកការនគរបាលកងកម្លាំង ទាំងអស់បានខិតខំយកអស់ស្មារតី សាមគ្គីភាពគ្នាល្អក្នុងបេសកកម្មការងារ នៅមូលដ្ឋាន ដើម្បីចូលរួមជាមួយអាជ្ញាធរដែនដីគ្រប់ថ្នាក់ ដោះស្រាយបញ្ហាការងារទាំងឡាយ។ សូមបន្តសកម្មភាពនិងអំពើល្អនេះជាគំរូដ៍ល្អប្រពៃសម្រាប់កូនចៅជំនាន់ក្រោយៗទៀត ។
គួរបញ្ជាក់ថា អំឡុងចុងខែកញ្ញា ឆ្នាំ២០២០នេះស្ថានភាពស្រូវបង្កើនរដូវដែលត្រូវប្រមូលផល ស្របពេលទឹកភ្លៀងជាប់ៗ និងហូរមកពីខាងលើធ្វើឲ្យមានការជនលិចនៅភូមិបល័ង្គជ្រៃ ឃុំ សឿ ស្រុកមង្គលបូរីចំនួនត្រឹមតែ៤,៥ ហិកតាប៉ុណ្ណោះ ដោយឃើញពីលំបាកនេះថ្នាក់ដឹកនាំខេត្ត រួមនឹងកងកម្លាំងបានចុះជួយច្រូតកាត់រួចរាល់១០០%ក្នុងរយៈពេលតែកន្លះថ្ងៃ៕








