(ភ្នំពេញ)៖ ផេកហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ បានបង្ហោះសាររីករាយក្នុងថ្ងៃចម្រើនជន្មាយុរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា គម្រប់ ៦៦ឆ្នាំ ឈានចូល ៦៧ឆ្នាំ។
ផេកហ្វេសប៊ុកសម្តេចតេជោ ហ៊ុន សែន ក៏បានសរសេរជូនពរដែលមានខ្លឹមសារថា៖ «សូមគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សូមបានប្រកបដោយសុខភាពល្អបរិបូរណ៍ បញ្ញាញាណភ្លឺថ្លា កម្លាំងពលំមាំមួន អាយុយឺនយូរ ដើម្បីបន្តដឹកនាំកាកបាទក្រហមកម្ពុជា ទទួលបាននូវជ័យជំនះថ្មីៗធំធេងថែមទៀត ជាពិសេសការស្វះស្វែងរកជំនួយមនុស្សធម៌ពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ដើម្បីជួយដល់ជនងាយរងគ្រោះ ទុរគតជន ជនចាស់ជរា កុមារកំព្រា ជនគរថ្លង់ យុទ្ធជនរបួស ជនពិការ ព្រមទាំងជនរងគ្រោះដោយសារគ្រោះមហន្តរាយ និងគ្រោះធម្មជាតិផ្សេងៗ។
សូមទេវតាជួយបីបាច់ថែរក្សា និងប្រោះព្រំសព្ទសាធុការពរ សិរីសួស្ដីជ័យមង្គលបវរមហាប្រសើរជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និង សម្តេចតេជោនាយករដ្ឋមន្រ្តី ព្រមទាំងបុត្រា-បុត្រី និងចៅប្រុស-ចៅស្រីជាទីស្រឡាញ់ទាំងអស់ សូមបានប្រកបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍»៕



