(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកាសរុបចំនួន ៩៦៨,៣៩០ ដុល្លារអាមេរិក ដល់អង្គការចំនួនពីរ ក្រោមគ្រោងការណ៍ជំនួយហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោងរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុន នៅថ្ងៃទី១៥ ខែធ្នូនេះ។
សេចក្តីប្រកាសបានបញ្ជាកថា ទឹកប្រាក់ចំនួន ៦៩៤,៥៣៩ ដុល្លារសម្រាប់អង្គការមូលនិធិសម្រាប់ការអភិវឌ្ឍន៍និងជំនួយសង្គ្រោះអន្តរជាតិ (FIDR) ដើម្បីអនុវត្តគម្រោងសល្យសាស្រ្តកុមារប្រចាំខេត្តក្រចេះ(ឆ្នាំទី២) និងទឹកប្រាក់ចំនួន ២៧៣,៨៥១ ដុល្លារអាមេរិក សម្រាប់សមាគមសម្រាប់ជំនួយ និងសង្គ្រោះនៃប្រទេសជប៉ុន (AAR Japan) ដើម្បីអនុវត្តគម្រោងលើកកម្ពស់ការអប់រំបរិយាប័ន្នសម្រាប់កុមារពិការតាមរយៈពង្រឹងការអនុវត្តក្នុងតំបន់គំរូ និងការអភិវឌ្ឍប្រព័ន្ធវាយតម្លៃការអប់រំបរិយាប័ន្ន (ឆ្នាំទី២)។
ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន និងអ្នកតំណាងអង្គភាពទាំង២ បានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយរបស់ពួកគេជាមួយនឹងអ្នកតំណាងអង្គការទាំងពីរ។ ឯមឧត្តមជឿជាក់ថា ជំនួយឥតសំណងនេះនឹងជួយក្នុងការកែលម្អគុណភាពជីវិតសម្រាប់ប្រជាជននៅក្នុងតំបន់នីមួយៗនៃគម្រោង៕





