(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសបន្តដំណើរការផ្តល់សាច់ប្រាក់ដល់គ្រួសារក្រីក្រ ក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅជុំទី៤ រយៈពេល ៣ខែតទៅទៀត ចាប់ពីខែមករា ឆ្នាំ២០២១។
សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសថា នៅជុំទី១ រយៈពេល ២ខែ ចាប់ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០។ ក្នុងនោះ ខែមិថុនា មាន ៥៣៨ ៣៣៨ គ្រួសារ អស់ទឹកប្រាក់ ចំនួន ៩៤ ៥៥១ ៨៧៦ ០០០ រៀល ប្រហាក់ប្រហែល ២៥លានដុល្លារ។ ខែកក្កដា មានជាង ៥៩ម៉ឺនគ្រួសារ បើកផ្តល់អស់ប្រហាក់ប្រហែល ៣០លានដុល្លារ។
ជុំទី២ គឺខែសីហា និងខែកញ្ញា ឆ្នាំ២០២០។ ខែសីហា ចំនួនគ្រួសារកើនឡើងដល់ជាង ៦៤ម៉ឺនគ្រួសារ បើកផ្តល់អស់ជិត ៣០លានដុល្លារ។ ខែកញ្ញា ចំនួន ៦៦១ ១៨៤គ្រួសារ បើកប្រាក់អស់ជាង ៣០លានដុល្លារ។
ដោយឡែក នៅជុំទី៣ គឺខែតុលា វិច្ឆិកា និងខែធ្នូ។ ក្នុងនោះ នៅតុលា មានប្រជាជនក្រីក្រ ៦៧៤ ១៤៦ គ្រួសារ បើកប្រាក់អស់ជាង ១២០ ០០០ លានរៀល។ ខែវិច្ឆិកា មានប្រជាជន ៧០៣ ៥៩២ គ្រួសារ ប្រើប្រាស់ថវិកា ១២៦ ០០០ លានរៀល។ មកដល់ពេលនេះ ខែវិច្ឆិកា មិនទាន់ចប់ទេ។
សរុបចាប់ពីចំណាយថវិការបស់រាជរដ្ឋាភិបាល ដល់ប្រជាជនក្រីក្រ ចាប់តាំងពីការចាប់ផ្តើម ពីខែមិថុនា ឆ្នាំ២០២០ មកដល់ពេលនេះ ចំណាយអស់ ៦៧៩ ០០០ លានរៀល ស្មើនឹងប្រហែល ១៦០ លានដុល្លារ។ ក្នុងនោះ រាជរដ្ឋាភិបាល បានត្រៀមបម្រុង ២០០លានដុល្លារ សម្រាប់ធ្វើការងារនេះ៕



