(ភ្នំពេញ)៖ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសពីការត្រៀមទិញវ៉ាក់សាំង កូវីដ១៩ ដែលមកដល់ពេលនេះ កម្ពុជា មិនទាន់សម្រេចទិញពីក្រុមហ៊ុនណានៅឡើយទេ។ តែសម្តេចបញ្ជាក់ថា កម្ពុជាត្រូវទិញតាមយន្តការ Covax ដែលវ៉ាក់សាំងនោះ មានការទទួលស្គាល់អង្គការសុខភាពពិភពលោក។
សម្តេចតេជោ លើកឡើងថា ដោយសារតែកម្ពុជា ស្ថិតនៅក្នុងសមាជិកប្រទេស កូវ៉ាក់ របស់អង្គការសុខភាពពិភពលោក ដូច្នេះកម្ពុជា នឹងទទួលបានវ៉ាក់សាំង ២០% នៃប្រជាជនសរុប។ អីចឹង យើងនឹងទិញតាមយន្តការ កូវ៉ាក់។ តែមកដល់ពេលនេះ មិនទាន់បញ្ជាក់តម្លៃច្បាស់លាស់នៅឡើយទេ។
សម្តេចតេជោ ហ៊ុន សែន បន្តថា ដំបូង យើងទទួលបានតែ ៣%ទេ តាមយន្តការ កូវ៉ាក់។ ដូច្នេះបានជាសម្តេច បញ្ជាឲ្យរដ្ឋមន្ត្រីសុខាភិបាល និងហិរញ្ញវត្ថុ ចុះបញ្ជីបញ្ជាទិញវ៉ាក់សាំង ហើយបានបញ្ជូនទៅដល់កូវ៉ាក់ហើយ ដោយកម្ពុជា បញ្ជាទិញបន្ថែម ១លានដូសទៀត។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «មកដល់ពេលនេះ យើងមិនទាន់ដឹងថា វ៉ាក់សាំង ប្រទេសណាខ្លះ ដែលអង្គការសុខភាពពិភពលោក ទទួលបាន។ តាមដឹង រហូតដល់ខែមករា ឆ្នាំ២០២១ ទើបមានការទទួលស្គាល់។ អីចឹង យើងនឹងបញ្ជាទិញជំហានដំបូង ១លានដូស សម្រាប់មនុស្ស ៥០ម៉ឺននាក់ ដែលត្រូវទទួលបានមុនគេ។ យើងមានបញ្ជីរួចហើយ សរុបប្រមាណ ៤០ម៉ឺននាក់ មាន អ្នកបោសសំរាម អ្នកបើកបរតាក់ស៊ី មន្ត្រីយុត្តិធម៌ ពន្ធដារ មេធាវី មន្ត្រីអនុរក្សបរិស្ថាន មន្ត្រីឃុំសង្កាត់ មន្ត្រីភូមិ គ្រឹះស្ថានឧត្តមសិក្សា... យើងនឹងបន្តរើសទៀត»។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា យើងមានតម្រូវការចាក់វ៉ាក់សាំងដល់ប្រជាជន ៨០%ឡើងទៅ ដែលមានចំនួន ១២លាន ៨សែននាក់ អាចចាត់ទុកថា ១៣លាននាក់។ គឺរាប់ចាប់ពីកុមារទម្រង់ឡើង ត្រូវទទួលបានវ៉ាក់សាំង ដោយឥតគិតថ្លៃ។
ដូច្នេះសម្តេចតេជោ ហ៊ុន សែន បានប្រកាសថា មកដល់ថ្ងៃទី១៤ ខែធ្នូ យើងទទួលបានថវិការបស់សប្បុរសជនជាង ៤៨លានដុល្លារ អាចប្រើប្រាស់បានក្នុងចំណែកតូច នៃការទិញវ៉ាក់សាំងនេះ។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា អំឡុងពេលកើតឡើងកូវីដ កាលពីដើមឆ្នាំនេះ ទទួលបានជិត ៣០លានដុល្លារ ហើយប្រើប្រាស់អស់ប្រមាណ ២០លានដុល្លារ។ រីឯថវិកាពីការចូលរួមតាមរយៈកាត់ប្រាក់ខែរបស់មន្ត្រីរាជការ បានប្រហែលជា ១០លានដុល្លារ។ ដូច្នេះថវិកាទាំងនេះ នៅដាច់ដោយឡែក។
សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសពីការមិនអនុញ្ញាតតាមការស្នើសុំរបស់អង្គការមួយ ដើម្បីចូលរួមត្រួតពិនិត្យមើលការចំណាយថវិការបស់សប្បុរសជនទាំងនេះ។ តែសម្តេចថា មិនអនុញ្ញាតទេ ដោយសារតែមានអង្គការច្រើនទៀត គេនឹងសូមចូលរួម។ ក្នុងនោះ រាជរដ្ឋាភិបាល បានការចំណាយត្រឹមត្រូវហើយ។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសថា ក្នុងពេលនេះ រាជរដ្ឋាភិបាល ត្រៀមបម្រុង ១០០ ទៅ ២០០លានដុល្លារ លើការទិញវ៉ាក់សាំងកូវីដ។ បូកទាំងថវិការបស់សប្បុរសជនជាង ៤៨លានដុល្លារ។ ក្រៅពីនោះ យើងក៏មានថវិកាពីធនាគារអភិវឌ្ឍន៍អាស៊ី ADB ចំនួន២៥០លានដុល្លារ ដែលដកមករក្សាទុកនៅធនាគារជាតិរួចហើយ។ ក្រៅពីនោះ ក៏មានថវិកាពីJICA របសប់ជប៉ុន ២៣៨លានដុល្លារ និងពី DJS កូរ៉េខាងត្បូង ៥០លានដុល្លារ។ ដូច្នេះសរុបទៅ យើងមានប្រាក់ក្នុងដៃ ៥៣៨លានដុល្លារ ដោយមិនទាន់គិតពីប្រាក់បម្រុងរបស់រាជរដ្ឋាភិបាល។
ដូច្នេះសម្តេចតេជោ ហ៊ុន សែន ប្រកាសថា យើងបានសម្រេចប្រើប្រាស់តាមយន្តការ កូវ៉ាក់ ហើយត្រូវទិញតាមយន្តការរបស់អង្គការសុខភាពពិភពលោកនេះ។ យើងមិនទិញវ៉ាក់សាំងពីប្រទេសណា ដែលមិនមានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោកឡើយ ហើយកម្ពុជា ក៏មិនមែនជាកន្លែងធ្វើតេស្តរបស់វ៉ាក់សាំងប្រទេសណានោះដែរ៕


