(ភ្នំពេញ)៖ ក្នុងលិខិតជូននាយករដ្ឋមន្ត្រីឡាវ នៅថ្ងៃទី១៤ ខែវិច្ឆិកានេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដ៏ស្មោះស័គ្រចំពោះការហៅទូរស័ព្ទ និងការសួរសុខទុក្ខរបស់ឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ ពាក់ព័ន្ធនឹងបញ្ហាសុខភាពរបស់សម្តេច នារសៀលថ្ងៃនេះ ខណៈពេលដែលសម្តេច កំពុងធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ។ កាយវិការនេះ ត្រូវបានសម្តេចតេជោ ចាត់ទុកថា បានបង្ហាញអំពីទំនាក់ទំនងដ៏ពិសេស និងមិត្តភាពដ៏ជិតស្និទ្ធក្នុងភាពជាបងប្អូនរវាងប្រទេសយើងទាំងពីរ។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមក្នុងលិខិតថា «ផ្អែកលើកិច្ចសន្ទនាតាមទូរស័ព្ទ និងតាមរយៈការរួមដៃគ្នា ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តម ក្នុងការបង្ការការរីករាលដាលនៃជំងឺកូវីដ១៩ តាងនាមរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមធ្វើការបរិច្ចាគនូវម៉ាសចំនួន ២លាន និងសម្ភារៈវេជ្ជសាស្ត្រមួយចំនួនទៀត ដូចមានក្នុងបញ្ជីរាយនាម ជូនដល់រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ទន្ទឹមនេះ ខ្ញុំក៏សូមចាត់តាំងលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការនៃក្រសួងសុខាភិបាល ដើម្បីនាំយកអំណោយខាងលើ ទៅទីក្រុងវៀងចន្ទន៍ នៅព្រឹកថ្ងៃចន្ទសប្តាហ៍ក្រោយ តាមជើងយន្តហោះពិសេស។ ខ្ញុំមានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ឯកឧត្តម ស.ប.ប. ឡាវ នឹងទទួលបានជោគជ័យ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ហើយយើងនឹងងើបឡើងវិញយ៉ាងរឹងមាំជាមួយគ្នា»។



