(ភ្នំពេញ)៖ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ លោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ បានធ្វើដំណើរចុះទៅតាមបណ្ដាខេត្តនានា។ ជាការធ្វើដំណើរលក្ខណៈដំណើរកម្សាន្តផង ចុះសួរសុខទុក្ខប្រជាពលរដ្ឋផង ទៅចូលរួមពិធីបុណ្យនានា និងចុះចែកអំណោយជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ផង។ អ្វីដែលជាការកត់សម្គាល់នោះ គឺលោក កឹម សុខា តែងតែផ្លាស់ប្ដូររថយន្តធ្វើដំណើរនៅពេលលោកចុះទៅតាមបណ្ដាខេត្តទាំងនោះ។
កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ លោក កឹម សុខា បានជិះរថយន្ត Land cruiser សេរីខ្ពស់មួយគ្រឿង ដែលមានតំលៃមិនក្រោម១០ម៉ឺនដុល្លារអាមេរិកនោះឡើយ ក្នុងការចុះផ្ដល់ស្បៀងអាហារជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់នៅស្រុករុក្ខគិរី ខេត្តបាត់ដំបង។




