(ភ្នំពេញ)៖ នៅក្នុងកិច្ចប្រជុំកំពូល អាស៊ីបូព៌ា លើកទី១៥ ដែលបានធ្វើឡើង តាមប្រពន្ធ័វីដេអូ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជា បានប្រតិកម្មខ្លាំង ចំពោះការសម្តែងការព្រួយបារម្ភរបស់សហរដ្ឋអាមេរិក ទាក់ទងការចោទប្រកាន់ ដែលគ្មានមូលដ្ឋានថា កម្ពុជាមានផែនការធ្វើជាម្ចាស់ផ្ទះ សម្រាប់កងទ័ពជើងទឹកបរទេស និងបុគ្គលិករបស់គេ នៅមូលដ្ឋានកងទ័ពជើងទឹករាម។
ក្នុងកិច្ចប្រជុំ អាមេរិក លើកឡើងថា វត្តមានកងទ័ពជើងទឹកបរទេស នៅកម្ពុជា នឹងធ្វើឲ្យប៉ះពាល់ដល់ដំណើរការនៃការដោះស្រាយវិវាទដោយសន្តិវិធី ការលើកកម្ពស់សុវត្ថិភាពនាវាចរណ៍ និងសេរីភាពនៃការធ្វើនាវាចរណ៍ និងការហោះហើរនៅក្នុងតំបន់។
ក៏ប៉ុន្តែចំពោះការចោទប្រកាន់ ដោយគ្មានមូលដ្ឋានដដែលៗ របស់អាមេរិកនេះ ត្រូវបានឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងសម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា «ខ្ញុំសូមឆ្លើយតបទៅនឹងការព្រួយបារម្ភ ដែលបានលើកឡើងថា ប្រទេសកម្ពុជា មានផែនការឲ្យដាក់បរិក្ខារ និងកម្លាំងយោធាចិន នៅមូលដ្ឋានកងទ័ពជើងទឹករាម។ ខ្ញុំចាំបាច់ ត្រូវតែឆ្លើយតប ពីព្រោះការចោទប្រកាន់ម្តងហើយម្តងទៀត និងការផ្សព្វផ្សាយរឿង ដែលគ្មានមូលដ្ឋានបែបនេះ អាចធ្វើឲ្យអន្តរាយដល់ការជឿទុកចិត្តគ្នា និងបង្កអរិភាពរវាងប្រទេសកម្ពុជា និងប្រទេសក្នុងតំបន់»។
ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បញ្ជាក់ថា «ដូចដែលខ្ញុំបានបញ្ជាក់រួចមកហើយ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៧ ហើយនាយករដ្ឋមន្ត្រីរបស់ខ្ញុំ ក៏បានធ្វើការបញ្ជាក់ដូចគ្នានេះ ម្តងហើយម្តងទៀតថា កម្ពុជា គ្មាន ហើយថ្ងៃមុខ ក៏នឹងពុំមានដែរ នូវមូលដ្ឋានយោធាបរទេសណាមួយ នៅលើទឹកដីរបស់ខ្លយន។ ខ្ញុំសូមបញ្ជាក់សាជាថ្មីថា រាជរដ្ឋាភិបាលកម្ពុជា ប្រកាន់ខ្ជាប់យ៉ាងម៉ឹងម៉ាត់នូវគោលការណ៍ឯករាជ្យ និងអព្យាក្រឹត្យ តាមសេចក្តីចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលហាមឃាត់ដាច់ខាតនូវវត្តមានមូលដ្ឋានយោធាបរទេស នៅក្នុងប្រទេសកម្ពុជា»៕




