(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានប្រកាសនៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកានេះថា កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានធ្វើតេស្តអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍ថ្ងៃ៣វិច្ឆិកា បានចំនួន ២៨សំណាកបន្ថែមទៀត ដែលវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានវិភាគ និងទទួលបានលទ្ធផល អវិជ្ជមានវីរុសកូវីដ១៩ ទាំងអស់។ វត្ថុសំណាកវិភាគសរុបលើកទី៣ ដែលមានចំនួន ១៣៥២ គឺអវិជ្ជមានវីរុសកូវីដ១៩ ទាំងអស់។
ក្រសួងសុខាភិបាល ក៏បានប្រកាសថា គិតចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ សរុបចំនួនតេស្ត ដែលបានធ្វើវិភាគ មាន ៣៩១៨ វត្ថុសំណាក ( ក្នុងចំនួននេះ មានអ្នកដែលបានធ្វើតេស្ត លើកទី១ ចំនួន ១៧៤១ នាក់ និងលើកទី២ បានចំនួន ៨២៥នាក់ និងតេស្តលើកទី៣ បានចំនួន ១៣៥២សំណាក ) ដោយលទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានបង្ហាញថា មានអ្នកវិជ្ជមានវីរុសកូវីដ១៩ ចំនួន ៤នាក់ ( បានរាយការណ៍ជូនសាធារណជនរួចហើយ ) ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
ក្រសួងសុខាភិបាល នៅតែប្រកាសក្រើនរំលឹក និងអំពាវនាវសាជាថ្មីជូនដល់អ្នកដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍០៣វិច្ឆិកា ទាំងអស់ ឲ្យបន្តធ្វើចត្តាឡីស័ក ឲ្យបានគ្រប់ចំនួន ១៤ថ្ងៃ ដោយត្រឹមត្រូវហ្មត់ចត់ជាទីបំផុត និងធ្វើតេស្តលើកទី៤ឡើងវិញ ឲ្យបានគ្រប់គ្នា ទៅតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន និងរបស់ក្រសួងសុខាភិបាល ដើម្បីរួមគ្នាទប់ស្កាត់ការចម្លងវីរុសកូវីដ១៩ ចូលក្នុងសហគមន៍ជាយថាហេតុ។
សេចក្តីប្រកាស បញ្ជាក់ថា ថ្មីត្បិតតែតេស្តលើកទី៣ មានលទ្ធផលអវិជ្ជមានវីរុសកូវីដ១៩ ទាំងអស់គ្នា ដែលជាលទ្ធផលល្អប្រសើរ សម្រាប់កម្ពុជា នាពេលនេះក៏ពិតមែន ប៉ុន្តែយើងមិនត្រូវភ្លេចថា វីរុសកូវីដ១៩ នេះ អាចនឹងវ៉ៃលុកយើងបានគ្រប់ពេលវេលា គ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែង។ ដូច្នេះ នៅសល់តែប៉ុន្មានថ្ងៃទៀតទេ ដេលជាថ្ងៃត្រូវធ្វើតេស្តលើកទី៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ សម្រាប់អ្នកពាក់ព័ន្ធព្រឹត្តិការណ៍០៣វិច្ឆិកាទាំងអស់ ដើម្បីរួមគ្នាបញ្ចប់ស្ថានភាពចម្លងវីរុសកូវីដ១៩ នៃព្រឹត្តិការណ៍០៣វិច្ឆិកា និងបញ្ជាក់ពីភាពមាន ឬគ្មានការចម្លងវីរុសកូវីដ១៩ ចំពោះបុគ្គល ដែលមានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ១៩ កន្លងមកនេះ ហើយក៏សម្រាប់ការអាចបានវិលត្រឡប់ទៅកាន់ការរស់នៅធម្មតាតាមបែបគន្លងថ្មីវិញផងដែរ។
ដើម្បីបន្តបញ្ជៀសពីហានិភ័យខ្ពស់ ដែលពិបាកនឹងប៉ាន់ស្មានបានពីការចម្លងវីរុសដ៏កាចសាហាវនេះ ចូលក្នុងសហគមន៍ ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានប្រកាសអំពាវនាវ និងណែនាំដល់បងប្អូនសាធារណជនទាំងអស់ ត្រូវតែនាំគ្នាបន្តកិច្ចការពារសុខភាពរបស់ខ្លួន ដោយបុគ្គលគ្រប់រូបត្រូវអនុវត្តនួវិធានការសាមញ្ញៗ ដូចជា ការរក្សាគម្លាតសុវត្ថិភាព រួមមាន ការរក្សាគម្លាតសុវត្ថិភាពសង្គម និងការរក្សាគម្លាតសុវត្ថិភាពបុគ្គលជាចាំបាច់ រួមជាមួយនឹងការអនុវត្តអនាម័យដៃស្អាតជានិច្ច និងការពាក់ម៉ាសនៅពេលចាំបាច់ ជាពិសេសពេលធ្វើដំណើរ ឬចល័ត ឬមានបម្លាស់ទីពីកន្លែងមួយ ទៅកន្លែងមួយ៕




