(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានប្រកាស ច្រានចោលនូវការលើកឡើងរបស់លោក សម រង្ស៊ី អតីតមេបក្សប្រឆាំង ដែលកំពុងរស់នៅប្រទេសបារាំង ពាក់ព័ន្ធនឹងជំងឺកូវីដ១៩។
លោជំទាវ ឱ វណ្ណឌីន បានលើកឡើងថា «ខ្ញុំនឹងឆ្លើយតប ក្នុងពេលខាងមុខនេះ គ្រាន់តែជាបឋមនេះ សូមបញ្ជាក់ថា ក្រសួង សូមច្រានចោលទាំងស្រុងនូវការលើកឡើងនេះ»។
លោកជំទាវ ឱ វណ្ណឌីន បានលើកឡើងដូច្នេះ ឆ្លើយតបនឹងអ្នកកាសែត ដែលបានជម្រាបសួរលោកជំទាវ តាមក្រុមតេឡេក្រាម អំពីការលើកឡើងរបស់លោក សម រង្ស៊ី លើទំព័រហ្វេសប៊ុករបស់លោក ទាក់ទងបញ្ហាជំងឺកូវីដ-១៩។
លោក សម រង្ស៊ី បានបង្ហាញការស្រាវជ្រាវ ក្នុងទស្សនាវដ្ដីអន្តរជាតិ The Geopolitics ស្តីពីជំងឺកូវីដ-១៩។ ក្នុងការស្រាវជ្រាវនេះ បង្ហាញថា ប្រជាជនតំបន់អាស៊ីអាគ្នេយ៍ (ប្រទេសកម្ពុជា, ឡាវ, វៀតណាម, ថៃ និងភូមា) ទៅដល់ប្រទេសឥណ្ឌា និងទ្វីបអាហ្វ្រិក ប៉ះពាល់តិចតួចណាស់ពីជំងឺកូវីដ-១៩ ផ្ទុយពីទ្វីបអឺរ៉ុបខាងលិច និងទ្វីបអាមេរិកខាងជើង។ មូលហេតុទី១ គឺកំដៅធាតុអាកាស ដោយសារតែមេរោគកូរ៉ូណា (Coronavirus) វាពិបាកលូតលាស់ និងពិបាកឆ្លង ក្នុងកំដៅចាប់ពី ៣០ អង្សារសេ (C) ឡើងទៅ។ មូលហេតុទី ២ គឺវ័យក្មេង និងសុខភាពរឹងមាំ នៃប្រជាពលរដ្ឋ ភាគច្រើនលើសលប់ ដែលរស់នៅក្នុងប្រទេសក្រីក្រ ដូចក្នុងតំបន់យើង។ នៅបស្ចឹមប្រទេស មនុស្សដែលស្លាប់ដោយជំងឺកូវីដ-១៩ ភាគច្រើនលើសលប់ គឺរហូតដល់ទៅ ៩០ ភាគរយ មានអាយុលើសពី ៦៥ ឆ្នាំឡើងទៅ ហើយពួកគាត់មានជំងឺរ៉ាំរ៉ៃក្នុងខ្លួន ដូចជាជំងឺទឹកនោមផ្អែម និងជំងឺបេះដូង តាំងពីមុនឆ្លងជំងឺកូវីដ-១៩។ មូលហេតុទី ៣ គឺភាពសុំា (Immunity) ពីជំងឺគ្រុនចាញ់។ គេកត់សម្គាល់ថា ក្នុងតំបន់គ្រុនចាញ់ លើទូទាំងពិភពលោក មានអ្នកស្លាប់ដោយជំងឺកូវីដ-១៩ តិចតួចណាស់ ហាក់ដូចជាអ្នករស់នៅក្នុងតំបន់គ្រុនចាញ់នោះ មានភាពសុំា ចំពោះជំងឺកូវីដ-១៩ ផងដែរ។ មូលហេតុទី ៤ គឺសារជាតិ Hemoglobin E ដែលមានក្នុងគ្រាប់ឈាមក្រហម នៃប្រជាពលរដ្ឋ ក្នុងតំបន់អាស៊ីភាគអាគ្នេយ៍ និងភូមិភាគឦសាន នៃប្រទេសឥណ្ឌា។ សារជាតិ Hemoglobin E នេះ ហាក់ដូចជាជួយការពារពីជំងឺគ្រុនចាញ់ផង និងជំងឺកូវីដ-១៩ ផង៕



