(ភ្នំពេញ)៖ លោកបណ្ឌិត លី ឆេង អគ្គនាយកសាលា ប៊ែលធី នៅថ្ងៃទី១៦ ខែវិច្ឆិកានេះ បានជួបសំណេះសំណាលជាមួយកុមារាទាំង ៣នាក់ (១-ពេជ្រ ធារ៉ា ២-សុវណ្ណ សាលី ៣-ឈិន ភារម្យ) និងអាណាព្យាបាល ព្រមទាំងបានផ្តល់អាហារូបករណ៍ ១០០% សិក្សាមួយចប់កម្មវិធីទាំងថ្នាក់ចំណេះទូទៅ និងភាសាអង់គ្លេសទូទៅ នៅសាលា ប៊ែលធី អន្តរជាតិ។
លោកបណ្ឌិតបានលើកឡើងថា៖ «ដោយមើលឃើញពីភាពក្លាហាន ចេះតស៊ូក្នុងជីវិត និងមានក្តីស្រមៃចង់បន្តការសិក្សាឱ្យបានខ្ពស់ ថ្ងៃនេះ អ៊ំសូមផ្តល់អាហារូបករណ៍ ១០០% សម្រាប់ថ្នាក់ចំណេះទូទៅ (ពីថ្នាក់ទី៣ ដល់ទី១២) និងភាសាអង់គ្លេសទូទៅ (Preschool ដល់ Level 12) មួយចប់កម្មវិធីសិក្សាជូនដល់ក្មួយៗទាំង ៣នាក់ ឱ្យមកបន្តការសិក្សានៅសាលា ប៊ែលធី អន្តរជាតិ ដែលក្នុងនោះ រួមមាន៖ ១-កុមារា ពេជ្រ ធារ៉ា អាយុ ១៣ឆ្នាំ ២-កុមារា សុវណ្ណ សាលី អាយុ ១៣ឆ្នាំ និង ៣-កុមារា ឆុន ភារម្យ អាយុ ៩ឆ្នាំ»។
លោកបណ្ឌិត លី ឆេង បានបន្ថែមថា៖ «អ៊ំសូមកោតសរសើរក្មួយៗ បើទោះបីជាក្មួយជិះកង់ចាស់ មិនល្អដូចគេយ៉ាងណាក៏ដោយ ក៏ក្មួយមិនអស់សង្ឃឹម មិនបាក់ទឹកចិត្តនោះដែរ គឺក្មួយបានខិតខំប្រឹងប្រែងប្រកួតយ៉ាងក្លាហាន និងអស់ពីកម្លាំងកាយចិត្ត រហូតអាចទទួលបានចំណាត់ថ្នាក់លេខ៤ លេខ៥ និងលេខ៦ ក្នុងចំណោមអ្នកចូលរួមប្រកួតជាច្រើននាក់ ដែលមានទាំងជនជាតិខ្មែរ និងបរទេស។ ហើយអ៊ំក៏សូមលើកទឹកចិត្តក្មួយៗ ត្រូវខិតខំសិក្សារៀនសូត្រឱ្យបានពូកែ ធ្វើជាកូនល្អ សិស្សល្អ ពលរដ្ឋល្អនៅក្នុងសង្គម ដើម្បីក្លាយខ្លួនជាទំពាំងស្នងឫស្សី និងជាធនធានដ៏មានសារៈសំខាន់សម្រាប់ជួយអភិវឌ្ឍប្រទេសកម្ពុជានាពេលអនាគត»។
ទន្ទឹមគ្នានេះ លោកបណ្ឌិត លី ឆេង ក៏សូមថ្លែងអំណរគុណ ឯកឧត្តម គួច ចំរើន និងលោកជំទាវ ព្រមទាំងក្រុមការងារ ដែលបានជួយសម្របសម្រួលឱ្យកុមារាៗទាំង ៣នាក់ មានឱកាសបានទទួលអាហារូបករណ៍នាពេលនេះ៕




