(ភ្នំពេញ)៖ ឯកឧត្តម ថងលួន ស៉ីសូលីត នាយករដ្ឋមន្ដ្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានផ្ញើលិខិតផ្លូវការមួយ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបានផ្ដល់ជំនួយសប្បុរធម៌ នូវម៉ាសចំនួន២លាន និងបរិក្ខាពេទ្យសំខាន់ជាច្រើនទៀត ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។
នៅក្នុងលិខិតដែល SWIFT NEWS ទទួលបាន ឯកឧត្តម ថងលួន ស៉ីសូលីត នាយករដ្ឋមន្ដ្រីឡាវ បានរៀបរាប់យ៉ាងដូច្នេះថា៖
«ខ្ញុំមានកិត្តិយសដែលបានទទួលលិខិតរបស់ សម្តេច ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ អំពីការផ្តល់ជំនួយសប្បុរសធម៌ រួមមានម៉ាសចំនួន ២ លាន បរិក្ខារពេទ្យសំខាន់ៗនិងចាំបាច់ដទៃទៀត ដល់សាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ ដើម្បីប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុង សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
តាងនាមរដ្ឋាភិបាល និងប្រជាជនឡាវ ក៏ដូចជាក្នុងនាម ខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវការដឹងគុណយ៉ាង ជ្រាលជ្រៅ និងសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះការឧបត្ថម្ភគាំទ្រដ៏មានតម្លៃ ដែល សម្តេច ក៏ដូចជា រដ្ឋាភិបាល និងប្រជាជនកម្ពុជា ផ្តល់ឲ្យក្នុងគ្រាដ៏លំបាកនេះ ដែលប្រទេសយើងទាំងពីរកំពុងជួបប្រទះ។ យើងខ្ញុំសូមសម្តែងនូវការដឹងគុណ និងក្តីរំភើបជាអតិបរមាចំពោះរដ្ឋាភិបាល និងប្រជាជននៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់ជំនួយដល់ប្រទេសឡាវ បើទោះជាកំពុងទទួលរងនូវផលប៉ះពាល់ដោយជំងឺ កូរ៉ូណាវីរុសយ៉ាងណាក៏ដោយ។
កាយវិការនេះជា ការឆ្លុះបញ្ចាំងអំពីចំណងមិត្តភាពដ៏ជិតស្និទ្ធនិងជា ប្រពៃណី ពីសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការ ក្នុងនាមជាអ្នកជិតខាងល្អ ក៏ដូចជាភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ និងយូរអង្វែង រវាងប្រទេសយើងទាំងពីរដែលកាន់តែស៊ីជម្រៅ និងប្រកបដោយផ្លែផ្កា ក្នុង រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
ខ្ញុំសូមធានាអះអាងចំពោះ សម្តេច ថា ជំនួយដែលទទួលបាននឹងត្រូវប្រើប្រាស់ឲ្យមានប្រសិទ្ធិភាពបំផុត សំដៅការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាតនេះនៅក្នុងប្រទេសឡាវ។ ទន្ទឹមនឹងនេះ ខ្ញុំជឿជាក់ថា រដ្ឋាភិបាល និងប្រជាជននៃព្រះរាជាណាចក្រកម្ពុជានឹងអាចធ្វើការទប់ស្កាត់ និងទទួលបានជ័យ ជម្នះក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩។
ជាថ្មីម្តងទៀត ខ្ញុំសូមឆ្លៀតយកឱកាសនេះ សូមគោរពជូនពរ សម្តេច សូមមានសុខភាពល្អបរិបូរណ៍ សុភមង្គល និងទទួលបានជោគជ័យកាន់តែច្រើនថែមទៀតនៅក្នុងការបំពេញភារកិច្ចដ៏ឧត្តុងឧត្តមរបស់សម្តេច។ សូម សម្តេច ទទួលនូវការគោរពរាប់អានដ៏ជ្រាលជ្រៅពីខ្ញុំ។»




