(ភ្នំពេញ)៖ ដោយមានការគាំទ្រថវិកាពីក្រសួងការបរទេសសហរដ្ឋអាមេរិក កម្មវិធីប្រព័ន្ធគ្រប់គ្រងមន្ទីរពេទ្យឌីជីថល «ពេទ្យយើង» ដែលកំពុងតែដាក់ឲ្យដំណើរការនៅតាមគ្លីនិក មន្ទីរពេទ្យរដ្ឋ និងឯកជនជិត ២០០ មន្ទីរពេទ្យ និងគ្លីនិករបស់ក្រុមហ៊ុន First Womentech Asia Co., LTD ឥឡូវនេះចាប់ផ្តើមទទួលគម្រោងស្នើរសុំ និងចុះឈ្មោះគ្លីនិក និងមន្ទីរពេទ្យនានានៅក្នុង រាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តបាត់ដំបង ដើម្បីចូលរួមអនុវត្ត គម្រោងបណ្ដាញមន្ទីរពេទ្យវ័យឆ្លាតបៃតងកម្ពុជា។
សេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ បានឲ្យដឹងថា «ពេទ្យយើង» សុំអញ្ជើញគ្លីនិក និងមន្ទីរពេទ្យឯកជនទាំងឡាយ (ទាំងមន្ទីរពេទ្យ ឬគ្លីនិកដៃគូស្រាប់ និងថ្មី) ដែលស្ថិតនៅក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប និង ខេត្តបាត់ដំបង មានបំណងចូលរួមក្នុងគម្រោងបណ្ដាញមន្ទីរពេទ្យវ័យឆ្លាតបៃតងកម្ពុជា សូមចុះឈ្មោះ និងបំពេញពាក្យស្នើរសុំតាមតំណភ្ជាប់នេះ៖ https://forms.gle/jZQoSDo3PXWWTa647 ឬទាក់ទងមកកាន់ ការិយាល័យកម្មវិធី «ពេទ្យយើង» តាមរយៈអ៊ីម៉ែល៖ socheat.b@pethyoeung.com និងទូរស័ព្ទ ឬតេឡេហ្គ្រាម ឬWHATSAPP៖ +855 12 995 226 ។
កម្មវិធីប្រព័ន្ធគ្រប់គ្រងមន្ទីរពេទ្យឌីជីថល «ពេទ្យយើង» នៃក្រុមហ៊ុន First Womentech Asia Co., LTD. និងក្រសួងការបរទេសសហរដ្ឋអាមេរិកកាលពីខែតុលា ឆ្នាំ២០២០ បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់ភាពជាដៃគូជាមួយគ្នា ដើម្បីពង្រឹងសមត្ថភាពគ្រប់គ្រងប្រតិបត្តិការ និងផ្តល់សេវាព្យាបាលបែបឌីជីថលដល់គ្លីនិក និងមន្ទីរពេទ្យឯកជននានានៅដែលជាគ្លីនិក និងមន្ទីរពេទ្យឯកជនដៃគូរស្រាប់ និងថ្មីៗ ចំនួន ៤៣ គ្លីនិក និងមន្ទីរពេទ្យ របស់កម្មវិធី «ពេទ្យយើង» ក្នុងគោលបំណងលើកស្ទួយវិស័យសុខាភិបាលកម្ពុជាផ្នែកសេវាឯកជន និងធ្វើទំនើបកម្មការគ្រប់គ្រងប្រតិបត្ដិការគ្លីនិក និងមន្ទីរពេទ្យឯកជនបែបឌីជីថលតាមរយៈបច្ចេកវិទ្យាសុខាភិបាលឌីជីថល នៃកម្មវិធី «ពេទ្យយើង»។
លោកស្រី ប៉ុង លីមសាន សហស្ថាបនិក និងនាយកប្រតិបត្តិ «ពេទ្យយើង» នៃក្រុមហ៊ុន First Womentech Asia បានលើឡើងកថា៖ «ក្នុងនាមយើងជាក្រុមហ៊ុន ដែលផ្ដល់ដំណោះស្រាយខាងផ្នែកបច្ចេកវិទ្យាវិស័យសុខាភិបាល ពួកយើងមិនត្រឹមតែចង់ផ្តល់ដំណោះស្រាយឲ្យគ្លីនិក និងមន្ទីពេទ្យជាដៃគូទាំងអស់មានសមត្ថភាពត្រឹមតែអាចផ្ដល់សេវាសុខភាព និងគ្រប់គ្រងសេវាព្យាបាលតាមបែបឌីជីថលទំនើបដល់អតិថិជនរបស់ពួកគាត់ ដូចជាការរក្សាទិន្នន័យអ្នកជំងឺ និងភ្ជាប់ ទំនាក់ទំនងប្រកបដោយសុវត្ថិភាព និងប្រសិទ្ធិភាពខ្ពស់ប៉ុណ្ណោះទេ យើងមានឆន្ទៈ និងគុណតំលៃបន្ថែម គឺយើងចង់ឱ្យគ្លីនិក និងមន្ទីពេទ្យជាដៃគូទាំងអស់ ដែលប្រតិបត្តិការ និងផ្តល់សេវាសុខភាពឌីជីថលជាមួយកម្មវិធី «ពេទ្យយើង» គ្លីនិក និងមន្ទីពេទ្យចូលរួមចំណែកកសាង និងផ្តល់ដំណោះស្រាយទីក្រុងស្អាត និងបៃតងនៅកម្ពុជា។ នេះជាហេតុផលចម្បង ដែលនាំឲ្យ យើងមានគំនិតផ្តូចផ្តើមបង្កើតគម្រោងបណ្ដាញមន្ទីរពេទ្យវ័យឆ្លាតបៃតងនេះឡើង»។
អ្នកស្រី ប៉ុង លីមសានមានប្រសាសន៍បន្តថា៖ «ជាមួយគម្រោងគាំទ្រផ្នែកហិរញ្ញវត្ថុបន្ថែមពីក្រសួងការបរទេសសហរដ្ឋអាមេរិក ខ្ញុំសង្ឃឹមថា «ពេទ្យយើង» នឹងមានលទ្ធភាពពង្រីកវិសាលភាពចាប់ដៃគូជាមួយគ្លីនិក និងមន្ទីរពេទ្យឯកជន នានាបានរហ័ស និងលឿនជាងមុន ដើម្បីផ្តល់ការកសាងសមត្ថភាពគ្លីនិក និងមន្ទីរពេទ្យទាំងអស់នោះក្លាយជាគ្លីនិក និងមន្ទីរពេទ្យប្រតិបត្តិការ និងផ្តល់សេវាព្យាបាលបែបឌីជីថលទំនើប និងក្លាយជាគ្លីនិក និងមមន្ទីរពេទ្យវៃឆ្លាតបៃតងចូលរួម ចំណែកកសាង និងផ្តល់ដំណោះស្រាយទីក្រុងស្អាត និងបៃតងនៅកម្ពុជា តាមរយៈការចូលរួមអនុវត្តគម្រោងបណ្ដាញមន្ទីរពេទ្យវ័យឆ្លាតបៃតង ហើយនឹងធ្វើឲ្យកាន់តែប្រសើរឡើងក្នុងការស់នៅប្រចាំថ្ងៃ ទាំងផ្នែកសុខភាព និងបរិស្ថានទីក្រុង។
គ្លីនិក និងមន្ទីរពេទ្យដៃគូទាំងអស់ ដែលត្រូវបានជ្រើសរើសចូលរជាសមាជិកគម្រោងបណ្ដាញមន្ទីរពេទ្យវ័យឆ្លាតបៃតង និងក្លាយជាគ្លីនិក និងមន្ទីរពេទ្យដំបូង និងឈានមុខគេក្នុងការចូលរួមចំណែកថែរក្សាបរិស្ថាន និងទីក្រុងស្អាត នៃបណ្តាអ្នកផ្តល់សេវាសុខាភិបាល និងសេវាព្យាបាលឯកជននៅកម្ពុជា។ គ្លីនិក និងមន្ទីរពេទ្យឯកជននៅក្នុង រាជធានីភ្នំពេញ ខេត្តសៀមរាប និង ខេត្តបាត់ដំបង ដែលត្រូវបានជ្រើសរើសចូលរួមក្នុងគម្រោងនឹងទទួលបានអត្ថប្រយោជន៍រួមមានការឧបត្ថម្ភ និងអាចទទួលបានអត្ថប្រយោជន៍ ក្នុងការគាំទ្របច្ចេកទេសយ៉ាងពេញលេញពីកម្មវិធី «ពេទ្យយើង»។ អ្នកស្រី ប៉ុង លីមសាន បានលើកឡើងថា៖ គ្លីនិក និង មន្ទីរពេទ្យដៃគូ ដែលចូលរួមនឹងទទួលបានការថវិកាមួយចំណែកសម្រាប់ចំណាយសម្រាប់សិក្ខាសាលាបណ្តុះបណ្តាលបច្ចេកទេសបុគ្គលិកប្រើប្រាស់កម្មវិធី «ពេទ្យយើង» ការចុះទៅផ្តល់បច្ចេកទេសប្រើប្រាស់បន្ថែម និងសិក្ខាសាលាបំប៉នឡើងវិញដើម្បីពង្រឹងសមត្ថភាពអ្នកប្រើប្រាស់ឲ្យពួកគាត់អាចប្រើប្រាស់ កម្មវិធី «ពេទ្យយើង» បានស្ទាត់ជំនាញ និងទទួលបានលិខិតបញ្ជាក់ពីសមាជិករបស់បណ្ដាញមន្ទីរពេទ្យវ័យឆ្លាតបៃតងដំបូងបង្អស់កម្ពុជាផងដែរ»។
លោកស្រី Lauren Higgins ជាមន្ត្រីផ្នែកសេដ្ឋកិច្ចរបស់ស្ថានទូតអាមេរិកប្រចាំទីក្រុងភ្នំពេញបានលើកឡើងថា៖ កម្មវិធីប្រព័ន្ធគ្រប់គ្រងមន្ទីរពេទ្យឌីជីថល «ពេទ្យយើង» ពុំមែនត្រឹមតែជាដំណោះស្រាយសម្រាប់គ្រប់គ្រង និងផ្តល់សេវាសុខាភិបាលបែបឌីជីថលតែប៉ុណ្ណោះទេ «ពេទ្យយើង» បានចូលរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់សមភាពយ៉េនឌ័រ ក្នុងវិស័យបច្ចេកវិទ្យាសុខាភិបាលនៅកម្ពុជា។ យើងពិតជាមានមោទនៈភាពក្នុងការចាប់ជាដៃគូធ្វើការជាមួយកម្មវិធី «ពេទ្យយើង» នៃក្រុមហ៊ុន First Womentech Asia តាមរយៈការផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុនេះ»។
ការចាប់ដៃគូរវាងកម្មវិធី «ពេទ្យយើង» និងក្រសួងការបរទេសសហរដ្ឋអាមេរិក ដើម្បីអនុវត្តគម្រោងបណ្តាញមន្ទីរពេទ្យ វៃឆ្លាតបៃតង គឺដើម្បីផ្ដល់បណ្តុះបណ្តាល និងពង្រឹងសមត្ថភាពដល់វេជ្ជបណ្ឌិត និងបុគ្គលិកនៅតាមមន្ទីរ ប្រមាណជាង ១០០០នាក់ មកពីគ្លីនិក និងមន្ទីពេទ្យដៃគូចំនួន ៤៣ លើជំនាញឌីជីថលប្រើប្រាស់ កម្មវិធី«ពេទ្យយើង»ឲ្យ ស្ទាត់ជំនាញ និងដើម្បីឲ្យវេជ្ជបណ្ឌិត និងបុគ្គលិកទាំងជាង១០០០នាក់អាចបញ្ចូលព័ត៌មានកំណត់ត្រាព្យាបាលបានត្រឹមត្រូវ រហ័ស និងរក្សាទិន្នន័យអ្នកជំងឺលើកម្មវិធី «ពេទ្យយើង» សម្រាប់ការមកទទួលសេវានៅគ្លីនិក និងមន្ទីរពេទ្យលើកក្រោយៗ ទៀត។
សូមជម្រាបថា កម្មវិធី «ពេទ្យយើង» នៃក្រុមហ៊ុន First Womentech Asia ជាប្រព័ន្ធគ្រប់គ្រងប្រតិបត្តិការ និងផ្តល់សេវា សុខាភិបាល និងព្យាបាលបែបឌីជីថល ដែលមានសមត្ថភាពខ្ពស់ និងវ័យឆ្លាតក្នុងការផ្ដល់ជំនួយ និងដោះស្រាយដល់គ្លីនិក និងមន្ទីរពេទ្យរដ្ឋ និងឯកជននានា ដែលជួបបញ្ហាលំបាកក្នុងការរក្សាកំណត់ត្រាព្យាបាលអ្នកជំងឺ គ្រប់គ្រងអ្នកជំងឺ រក្សាគុណភាពក្នុងការផ្តល់សេវាព្យាបាល និងការគ្រប់គ្រងប្រតិបត្តិការនៅមន្ទីរពេទ្យក្នុងនាសម័យទំនើប នៃយុសម័យប្រព័ន្ធគ្រប់គ្រងបែបឌីជីថល ។
«ពេទ្យយើង» ត្រូវបានទទួលស្គាល់ដោយក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងបានឈ្នះការប្រកួតប្រជែងថ្នាក់ជាតិ និងអន្តរជាតិមួយចំនួនដូចជាពានរង្វាន់ ក្រុមហ៊ុន Startup លើកកម្ពស់សមភាពយេនឌ័រក្នុងវិស័យបច្ចេកវិទ្យាសុខភិបាល និងក្រុមហ៊ុនមានទំនួលខុសត្រូវសង្គមក្នុងឆ្នាំ២០២០ និង២០១៩ និងបានចូលរួមការប្រកួតប្រជែងបែបអន្តរជាតិក្នុងទីក្រុង Geneva ប្រទេសស្វ៉ីស ឆ្នាំ២០១៩ និងទទួលបានពានរង្វាន់ពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កាលពីខែមិនា ឆ្នាំ២០១៩។ «ពេទ្យយើង» បានដាក់ឲ្យប្រើប្រាស់នៅគ្លីនិក និងមន្ទីពេទ្យឯកជន និងរដ្ឋជិត ២០០គ្លីនិក និងមន្ទីរពេទ្យនៅក្នុងប្រទេសកម្ពុជា។
«ពេទ្យយើង» មានអ្នកប្រើប្រាស់ទូទៅដល់ជិត១០០០នាក់មកពីគ្លីនិក និង មន្ទីរពេទ្យដៃគូ ដែលរួមមានវេជ្ចបណ្ឌិត គិលានុបដ្ឋាយិកា ឱសថការី អ្នកបច្ចេកទេសមន្ទីរពិសោធន៍ អ្នកជំនាញ ផ្នែកសុខភាព បុគ្គលិកផ្នែករដ្ឋបាល និងបានជួយក្នុងការគ្រប់គ្រងទិន្នន័យកំណត់ត្រាសេវាព្យាបាលអ្នកមកទទួលសេវា ព្យាបាលនៅតាមមន្ទីរពេទ្យដៃគូនានាប្រមាណមួយលានអ្នកផងដែរ។ ថ្មីៗនេះ «ពេទ្យយើង» ក៏បានបើកដំណើរការកម្មវិធីសេវាផ្តល់សេវាព្យាបាលវ័យឆ្លាតលើ ទូរស័ព្ទដៃ e-Health Yoeung App ដែលអ្នកជំងឺអាចស្វែងរកសេវាព្យាបាល ណាត់ជួប និងទទួលសេវាព្យាបាលពីចំងាយ តាមរយៈទូរស័ព្ទដៃ និងអាចបង់ថ្លៃ សេវាព្យាបាលតាមរយៈ e-Health Yoeung App ឬកាតវៃឆ្លាត៕



