(ភ្នំពេញ)៖ ច្រើនខែមកហើយ ដែលលោក ខឹម វាសនា អ្នកនយោបាយមាត់ដាច បានសម្រុករៀបចំកន្លែងស្នាក់នៅ ក្នុងចំការនៅឯខេត្តសៀមរាប ដើម្បីប្រារព្ធបុណ្យខួបកំណើតរបស់លោក នៅថ្ងៃទី១១ ខែធ្នូ។
កាលពីយប់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ខឹម វាសនា បានលើកឡើងថា លោកឆ្លៀតពេលពន្យល់ធម៌ដល់ក្មេងៗ ដែលមកជួយធ្វើការនៅចំការរបស់ នាពេលយប់។
លោក ខឹម វាសនា បានបង្ហោះក្នុងហ្វេសប៊ុកថា «ពូនិយាយលេងនឹងក្មួយៗ មកជួយរៀបចំកន្លែងស្នាក់នៅ ក្នុងចំការឯសៀមរាប សំរាប់ឱកាសជួបជុំគ្នា ពូនឹងបានពន្យល់ធម៌ ដល់សមាជិកក្រុមគ្រួរសារយើង នៅថ្ងៃទី១១ ខែ១២ ឆ្នាំនេះថាៈ ពួកយើងទទួលរៀបចំស៊ីហ្កេមចុងឆ្នាំនេះ ខំធ្វើអោយបានល្អណាក្មួយៗ បើយើងរៀបចំស៊ីហ្កេមឆ្នាំនេះបានល្អ នោះយើងទទួលបានសិទ្ធិរៀបចំអូឡាំពិកហ្កេម នៅឆ្នាំក្រោយណាក្មួយៗ ហាហាហា»។
លោក ខឹម វាសនា ក៏បានបង្ហោះបន្ថែមលើ Status ផ្សេងទៀតថា «ពូមិនទាន់បញ្ចប់វិបស្សនាទេ តែពូសំរេចថា នឹងនិយាយពន្យល់ក្រុមគ្រួសារយើង អំពីធម៌ ឬធម្មជាតិ តើវាប្រព្រឹត្តទៅយ៉ាងម៉េច អោយពួកក្មួយៗ ដែលជាទ័ពស្នូល ក្នុងចលនាសង្គ្រោះយើង បានយល់ នៅថ្ងៃខួបកំនើតពូហើយ។ ការនិយាយពន្យល់ដំណើរធម្មជាតិ នាឱកាសនោះ គឺជាការបំភ្លឺជាថ្មី នាពាក់កណ្តាលកំលាំងត្រាស់ដឹងរបស់ព្រះពុទ្ធព្រះនាមសមណគោតមនោះហើយ ព្រោះមេរៀនរបស់ព្រះអង្គ ត្រូវរលត់ន័យទាំងស្រុង គ្មានសេសសល់បន្តិចបន្តួចណាទេ នាពាក់កណ្តាល៥០០០ឆ្នាំនៃអំណាចកំលាំងត្រាស់ដឹងរបស់ព្រះអង្គ។ ពូស្រមៃគិតដឹងថា បើពួកគេ ជាសមាជិក LDP ពិតប្រាកដមែន ទោះពេលឥលូវនេះ ពួកគេមិនយល់ពីធម្មជាតិ មិនយល់ពីធម៌ក៏ដោយ ក៏នៅពេលពូចេញពន្យល់ ពូដឹងច្បាស់ថា គេច្បាស់ជាអាចយល់បានគ្រប់ៗគ្នា គ្មានខ្វះចន្លោះម្នាក់ណាឡើយ ព្រោះវិញ្ញាណនៃទ្វារខួររបស់ពួកគេ គ្មានមានៈចំពោះពូទេ គឺទ្វារខួររបស់គេ បើកចំហមួយរយភាគរយ ប្រឹងស្ដាប់ការពន្យល់របស់ពូ ដោយវិញ្ញាណចង់ដឹងចង់យល់ពិតប្រាកដមែន។ វិញ្ញាណមានលក្ខណៈបែបនេះ គឺពូអាចពន្យល់អោយយល់នូវដំណើរធម្មជាតិ ថាវាប្រព្រឹត្តទៅយ៉ាងម៉េច ដោយគ្មានអ្វីដែលអាចមករាំងខ្ទប់ការពន្យល់របស់ពូអោយចូលទៅប៉ះខ្សែវិញ្ញាណរបស់ពួកគេបានទេ។ មួយរយភាគរយ វានឹងបានទៅជាប្រយោជន៍ដល់វិញ្ញាណរបស់ពួកគេ ក្នុងដំណើរឆ្លងកាត់វាលវដ្ដសង្សារដ៏សុខសាន្ត ស្ដាប់ធម៌យល់ វិញ្ញាណមានបញ្ញា ហើយក្នុងចំណោមការអោយទាំងអស់ ធម្មទានជាទានប្រសើរថ្លៃថ្លាឈ្នះអស់ទានទាំងពួង»។
លោក ខឹម វាសនា បន្តថា «សូមពួកក្មួយៗបើកសោតៈប្រសាទ ចាំទទួលការពន្យល់ពីធម៌របស់ពូ ដើម្បីជាប្រយោជន៍ដល់វិញ្ញាណពួកក្មួយ ក្នុងពេលឥលូវនេះ និងទៅអនាគតជាតិណាក្មួយ។ មនុស្សអត់អ្នកណាជួយអ្នកណា អោយយល់ធម៌បានទេ គឺមានតែវិញ្ញាណខ្លួនអ្នកផ្ទាល់ដែលជួយខ្លួនអ្នកបាន សូមក្មួយៗ ទទួលយកឱកាសដ៏កម្រនេះ ដើម្បីជាប្រយោជន៍ សម្រាប់ក្មួយៗ នៅពេលនេះ និងទៅអនាគតជាតិ»។
ក្នុង Status មួយទៀត នៅលើហ្វេសប៊ុក ផេក លោក ខឹម វាសនា សរសេរថា «ពូបានអោយអ្នកនៅចំការ សំរុកធ្វើកិច្ចការណា ដែលចាំបាច់ សំរាប់សាងសង់កន្លែងស្នាក់នៅ បន្ទប់ទឹក អោយបានច្រើន តាមដែលអាចធ្វើបាន សម្រាប់ទទួលពួកក្មួយ ដែលមកចូលរួមបុណ្យខួបកំណើតពូ នៅចម្ការសៀមរាប។ បុណ្យខួបកំណើតពូ គឺនៅថ្ងៃទី១១ ខែធ្នូ។ អ្នកនៅចម្ការគ្នារវល់ញាប់ដៃ ញាប់ជើងខ្លាំងណាស់ ដើម្បីធ្វើការងារនេះ»៕




