(ភ្នំពេញ)៖ ឯកឧត្ដម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ បានចេញសេចក្ដីសម្រេចស្ដីពីការបែងចែកភារកិច្ចរបស់ថ្នាក់ដឹកនាំក្រសួងយុត្តិធម៌។ ការចេញសេចក្ដីសម្រេចនេះ គឺដើម្បីបែងចែកនិងប្រគល់ភារកិច្ចជូនរដ្ឋមន្ត្រី រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការនៃក្រសួងយុត្តិធម៌សំដៅធានាការដឹកនាំក្រសួងយុត្តិធម៌ឲ្យមានដំណើរការប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព និងមានការទទួលខុសត្រូវខ្ពស់ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្រ្ដចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល នីតិកាលទី៦នៃរដ្ឋសភាដែលការបែងចែកនិងការប្រគល់ភារកិច្ចនេះមានកំណត់ក្នុងប្រការបន្តបន្ទាប់។
ចំពោះរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ប្រធានស្ថាប័នទទួលបន្ទុក ដឹកនាំគ្រប់គ្រងការងាររួមទាំងអស់របស់ក្រសួងយុត្តិធម៌ និងវិស័យយុត្តិធម៌ ហើយទទួលបន្ទុកដឹកនាំការងាររួមទាក់ទងនឹងការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ព្រមទាំងទទួលបន្ទុកដឹកនាំត្រួតពិនិត្យ និងតាមដានការអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្រ្ដចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល ដែលមានការពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់ក្រសួងយុត្តិធម៌ និងទទួលបន្ទុកផ្ទាល់លើការងារចាត់តាំង ការងារគ្រប់គ្រងហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិរដ្ឋរបស់ក្រសួងយុត្តិធម៌ និងការងារសវនកម្មផ្ទៃក្នុង។
នៅក្នុងសេចក្ដីសម្រេចនេះឯកឧត្ដម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ក៏បានរៀបចំបែងចែក និងប្រគល់ភារកិច្ចជូនរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការនៅក្នុងក្រសួងយុត្តិធម៌ទាំងអស់ផងដែរ៕



