(ភ្នំពេញ)៖ ឯកឧត្ដម ប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ នៅថ្ងៃទី១១ ខែវិច្ឆិកានេះ បាន ជម្រាបជូនឯកឧត្ដមអភិបាលរាជធានីភ្នំពេញ និងអភិបាលខេត្តកណ្ដាលស្ដីពីការផ្អាកជាបណ្ដោះអាសន្ននៃការរៀបចំវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ និងកិច្ចប្រជុំនានាដែលមានមនុស្សជាច្រើនចូលរួម។
យោងតាមលិខិតរបស់អគ្គនាយកដ្ឋានរដ្ឋបាល បានលើកឡើងថា ក្នុងអំឡុងពេលថ្មីៗកន្លងមកនេះ ស្ថានភាពជំងឺកូវីដ-១៩នៅក្នុងភូមិសាស្រ្ដរាជធានីភ្នំពេញ និងខេត្តកណ្ដាលមានហានិភ័យខ្ពស់ ក្នុងការបន្តចម្លងទៅក្នុងសហគមន៍មូលដ្ឋាន ដែលចាំបាច់ត្រូវបន្តប្រុងប្រយ័ត្នខ្ពស់ និងត្រូវយកចិត្តទុកដាក់ក្នុងការអនុវត្តវិធានការនានា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ របស់ក្រសួងសុខាភិបាលឲ្យបានហ្មត់ចង់។
ក្នុងស្មារតីនេះដើម្បីបន្តការអនុវត្តវិធានការទប់ស្កាត់ឲ្យបានទាន់ពេលវេលា នូវការរីករាលដាលនៃជំងឺកូវីដ-១៩សំដៅថែរក្សាសុខភាពសាធារណៈ និងសុវត្ថិភាពសង្គម អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ស្នើសុំឯកឧត្ដមអភិបាលរាជធានីភ្នំពេញ និងឯកឧត្ដមអភិបាលខេត្តកណ្ដាល ធ្វើការផ្អាកជាបណ្ដោះអាសន្នរយៈពេល២សប្ដាហ៍នៃការរៀបចំវេទិកាផ្សព្វផ្សាយ ពិគ្រោះយោបល់ និងកិច្ចប្រជុំនានាដែលមានមនុស្សជាច្រើនចូលរួម ដែលរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញ ខេត្តកណ្ដាល រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ក្នុងមូលដ្ឋានរាជធានីខេត្តទាំងពីរ។
ជាមួយគ្នានេះអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ក៏បានស្នើឲ្យបន្តអនុវត្តវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ស្របតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលឲ្យបានជាប់ជាប្រចាំនៅតាមទីកន្លែងបំពេញការងារ៕



