(ក្រចេះ)៖ បងប្អូនប្រជាកសិករ ដែលរងគ្រោះដោយទឹកជំនន់ ក្នុងខេត្តក្រចេះ បានទទួលពូជស្រូវពីរាជរដ្ឋាភិបាល តាមរយៈឯកឧត្តម ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។
ក្នុងឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ាណែត តំណាងសម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ផ្ដាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន ដែលសម្ដេចតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ ដោយសារទឹកជំនន់ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់អត់អាហារស្លាប់ដោយពុំបានដឹងឮពីអាជ្ញាធរនោះឡើយ។ រាជរដ្ឋាភិបាលកម្ពុជាបានខិតខំយ៉ាងប្ដូរផ្ដាច់ ដើម្បីអនុវត្តយុទ្ធសាស្ត្រកំណែទម្រង់ស៊ីជម្រៅ និងអភិវឌ្ឍន៍លើគ្រប់វិស័យ ជាពិសេសវិស័យកសិកម្ម ឧស្សាហកម្ម ដែលកំពុងតែដើរតួរនាទីយ៉ាងសំខាន់ ក្នុងការជំរុញការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ រក្សានៅសន្តិសុខស្បៀងអាហារ ជូនប្រជាជនកម្ពុជានឹងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋក្នុងពេលប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ រួមទាំងដោះស្រាយបញ្ហាប្រឈមពីគ្រោះទឹកជំនន់ផងដែរ។
សូមបញ្ជាក់ថា ប្រជាកសិករទាំង២.៣៧២គ្រួសារ ក្នុងមួយគ្រួសារទទួលបានគ្រាប់ស្រូវពូជចំនួន ១០០គីឡូក្រាម និងថវិកាចំនួន ១០ម៉ឺនរៀល ដើម្បីស្តារឡើងវិញបន្ទាប់ពីរងការខូចខាតដោយទឹកជំនន់ទន្លេមេគង្គ។
គួរបញ្ជាក់ដែរថា បន្ទាប់ពីទទួលរងឥទិ្ធពលព្យុះ និងភ្លៀងធ្លាក់ខ្លាំងរយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នាកន្លងទៅ ក្នុងភូមិសាស្រ្តខេត្តក្រចេះ បានទទួលរងគ្រោះនូវទឹកជំនន់ទន្លេមេគង្គតាមបណ្តាក្រុង ស្រុក បានធ្វើឱ្យប៉ះពាល់ប្រជាពលរដ្ឋចំនួន៤ស្រុក/ក្រុង ក្នុងនោះមានមកពីស្រុក៣ ក្រុង១ រួមមាន ស្រុកចិត្របុរី ស្រុកឆ្លូង ស្រុកព្រែកប្រសព្វ និងក្រុងក្រចេះ៕




