(ភ្នំពេញ)៖ ដូចការគ្រោងទុក នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកានេះ ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បាបនយាងពន្លត់ទៀនជ័យ ដើម្បីបញ្ចប់ពិធីបុណ្យរំឮកខួបទិវាឯករាជ្យជាតិ លើកទី៦៧ ដែលបានដុតបំភ្លឺអស់រយៈពេល ៣ថ្ងៃ នៅវិមានឯករាជ្យ ចាប់តាំងពីថ្ងៃទី៩ ខែវិច្ឆិកា កន្លងទៅ។ ពិធីនេះ ដោយមានការផ្សាយផ្ទាល់តាមទូរទស្សន៍ជាតិកម្ពុជា ទ.ទ.ក។
នៅក្នុងពិធីពន្លត់ទៀនជ័យនៃទិវាបុណ្យឯករាជ្យជាតិ នារសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ មានការយាង និងអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនៃស្ថាប័នកំពូលរបស់ជាតិ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីរាជការគ្រប់ស្ថាប័ន កងកម្លាំងប្រដាប់អាវុធ អង្គទូតប្រចាំនៅកម្ពុជា លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
វិធានការសុខាភិបាល ត្រូវបានអនុវត្តយ៉ាងម៉ឹងម៉ាត់ក្នុងពិធីជួបជុំនេះ ដោយអ្នកចូលរួមទាំងអស់ រួមទាំងព្រះករុណា ព្រះមហាក្សត្រ ព្រមទាំងថ្នាក់ដឹកនាំកំពូលៗ សុទ្ធតែពាក់ម៉ាសជាប់ជានិច្ច និងយ៉ាងត្រឹមត្រូវ ដើម្បីការពារជំងឺកូវីដ១៩។
កម្ពុជា បានទទួលឯករាជ្យ កាលពីថ្ងៃ៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។ ចាប់ពីពេលនោះមក កម្ពុជា បានរៀបចំទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកា ជារៀងរាល់ឆ្នាំ ដើម្បីឧទ្ទិសដល់ព្រះរាជបូជនីយកិច្ចរបស់ព្រះបរមរតនកោដ្ឋ សម្តេច ព្រះនរោត្តម សីហនុ ដែលទ្រង់បានតស៊ូទាមទារឯករាជ្យពីអាណានិគមបារាំង៕
( រូបភាពពីរដ្ឋសភា )




