(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ មានអាជីវកម្មមណ្ឌលកម្សាន្ត ម៉ាស្សា ស្ប៉ា ៣៦២ ទីតាំង បានបិទ នៅក្នុងរាជធានីភ្នំពេញ។ នេះបើតាមមន្ទីរទេសចរណ៍ រាជធានីភ្នំពេញ។
ស្ថិតិអាជីវកម្មមណ្ឌលកម្សាន្ត ម៉ាស្សា ស្ប៉ា ដែលបានបិទ នៅរាជធានីភ្នំពេញ ដែលប្រកាសដោយលោក ម៉ម វាសនា ប្រធានមន្ទីរទេសចរណ៍ រាជធានីភ្នំពេញ បង្ហាញថា ដោយអនុវត្តយ៉ាងម៉ឹងម៉ាត់តាមគោលការណ៍របស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍ រហូតមកដល់ពេលនេះ រដ្ឋបាលរាជធានីភ្នំពេញ បានបិទទីតាំងសេវាកម្សាន្តទេសចរណ៍ និងសេវាកម្មសុខភាព តាមខណ្ឌទាំង ១៤ ក្នុងរាជធានីភ្នំពេញ រួមមាន៖ អាជីវកម្មមណ្ឌលកម្សាន្ត គឺខារ៉ាអូខេ ១០៩ទីតាំង ឌីស្កូតែក ៣៩ទីតាំង បៀរហ្គាឌិន ២១ទីតាំង។ ចំណែកអាជីវកម្មម៉ាស្សា និងស្ប៉ា គឺម៉ាស្សា ១៨៥ទីតាំង និងស្ប៉ា ៨ទីតាំង។
លោកប្រធានមន្ទីរ បញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំដល់មន្ទីរទេសចរណ៍រាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌទាំង ១៤ បន្តបិទ និងឃ្លាំមើលទីតាំង ដែលនៅសេសសល់បន្តទៀត។
សូមរម្លឹកថា វិធានការបិទជាបណ្តោះអាសន្ននូវមណ្ឌលកម្សាន្ត ម៉ាស្សា ស្ប៉ា ខារ៉ាអូខេ នៅពេលនេះ ជាលើកទី២ហើយ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។ លើកទី១ បានធ្វើឡើង កាលពីអំឡុងខែមីនា ឆ្នាំ២០២០៕



