(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានប្រកាសថា នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានធ្វើតេស្តអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍ ០៣វិច្ឆិកា បានចំនួន ៨៨នាក់ ដែលលទ្ធផល បង្ហាញថា អវិជ្ជមានវីរុសកូវីដ១៩ ទាំងអស់។ គិតពីថ្ងៃទី៤ ដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ សរុបចំនួនតេស្ត ដែលបានធ្វើវិភាគ មាន ២៤៩៧ វត្ថុសំណាក ( ក្នុងចំនួននេះ មានអ្នកដែលបានធ្វើតេស្ត លើកទី១ ចំនួន ១៦៨០នាក់ និងលើកទី២ មានចំនួន ៨១៧ នាក់ ) ដោយលទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានបង្ហាញថា មានអ្នកវិជ្ជមានវីរុសកូវីដ១៩ ចំនួន ០៤នាក់ ( បានរាយការណ៍ជូនសាធារណជនរួចហើយ ) ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ រីឯអ្នកមានលទ្ធផល អវិជ្ជមានវីរុសកូវីដ១៩ មានចំនួន ១៦៧៦ នាក់ ( ស្មើនឹង ៩៩,៧៦% នៃចំនួនអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍ ០៣វិច្ឆិកាសរុបទាំងអស់ )។




