(ភ្នំពេញ)៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចេញលិខិត ជូនអភិបាលរាជធានីខេត្តទូទាំងប្រទេស ក្នុងកម្មវត្ថុ ស្នើសុំផ្អាកអាជីវកម្មក្លិបហាត់ប្រាណ ដើម្បីសុខភាពនៅក្នុង និងក្រៅសណ្ឋាគារ នៅទូទាំងរាជធានីខេត្ត ជាបណ្តោះអាសន្ន។ ការស្នើសុំបិទក្លិបហាត់ប្រាណជាបណ្តោះអាសន្នជាថ្មី នាពេលនេះ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់នូវការឆ្លងរាលដាលជំងឺកូវីដ។
ក្នុងលិខិត ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បញ្ជាក់ថា «ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដោយអនុវត្តតាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្រសួងទេសចរណ៍ស្នើសុំឲ្យអាជីវកម្មក្លិបហាត់ប្រាណ ដើម្បីសុខភាព នៅក្នុង និងក្រៅសណ្ឋាគារ នៅទូទាំងរាជធានីខេត្ត ផ្អាកអាជីវកម្មជាបណ្តោះអាសន្ន រហូតមានការជូនដំណឹងជាថ្មី»។
សូមរម្លឹកថា អំឡុងពេលជំងឺកូវីដ១៩ ឆ្លងរាលដាលខ្លាំងនៅកម្ពុជា កាលពីខែមីនា ឆ្នាំ២០២០ រាជរដ្ឋាភិបាល បានសម្រេចបិទក្លិបហាត់ប្រាណ កន្លែងកម្សាន្ត KTV ហាងម៉ាស្សា ស្ប៉ា សាលារៀន រោងកុន និងសារមន្ទីរមួយរយៈរួចមកហើយ៕



