(ភ្នំពេញ)៖ ក្នុងសារជូនបងប្អូនជនរួមជាតិ ចេញពីកន្លែងធ្វើចត្តាឡីស័ក នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា «ថ្មីៗនេះ មានមនុស្សអាក្រក់មួយចំនួន បានបំផុសពាក្យចចាមអារាមថា រាជរដ្ឋាភិបាល នឹងបិទរាជធានីភ្នំពេញ និងហាមឃាត់ការធ្វើដំណើរពីខេត្តមួយ ទៅកាន់ខេត្តមួយ។ ក្នុងឋានៈជាប្រមុខរាជរដ្ឋាភិបាល ខ្ញុំសូមបញ្ជាក់ថា នឹងមិនមានការបិទប្រទេស ឬរាជធានីខេត្ត ឬតំបន់ណាមួយនោះទេ»។
សម្តេចតេជោ ហ៊ុន សែន បន្ថែមថា «ការឃោសនាអកុសលរបស់ពួកអាក្រក់ទាំងនេះ សំដៅធ្វើឱ្យប្រទេសមានចលាចល ទំនិញឡើងថ្លៃ ប្រជាជនរស់នៅមិនបានស្ងប់ចិត្ត ដើម្បីពួកគេគេងចំណេញខាងនយោបាយតែប៉ុណ្ណោះ»។
សម្តេចតេជោ ហ៊ុន សែន បន្ថែមថា «បញ្ហាសំខាន់ ក្នុងការប្រយុទ្ធជាមួយជំងឺកូវីដ-១៩ នៅពេលនេះ គឺប្រជាជនគ្រប់រូបការពារខ្លួន តាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសការពាក់ម៉ាស់ ការលាងដៃ ការមិនជួបជុំប្រមូលផ្តុំ ការរក្សាគម្លាតសុវត្ថិភាព។ល។»។
សម្តេចតេជោ ហ៊ុន សែន បន្តថា «សម្រាប់ការពាក់ម៉ាស់ ដែលកាលពីម្សិលមិញនេះ ខ្ញុំបានបញ្ជាឱ្យបញ្ចេញម៉ាស់ក្រណាត់ ចំនួន ២លានម៉ាស់ ជូនទៅសាលារាជធានីភ្នំពេញ ដើម្បីចែកជូនប្រជាជនក្រីក្រ។ នគរបាលចរាចរណ៍ ក៏នឹងជូនម៉ាស់ សម្រាប់អ្នកជិះកង់ ជិះម៉ូតូ ដែលមិនបានពាក់ម៉ាស់។ សូមបងប្អូនពាក់ម៉ាស់ទាំងអស់គ្នា ដើម្បីយើងឈានទៅបញ្ចប់ព្រិត្តិការណ៍ ៣វិច្ឆកា ឲ្យបានឆាប់ ដើម្បីនាំប្រទេស មកកាន់ភាពប្រក្រតី ដូចមុនថ្ងៃ៣ វិច្ឆិកា ២០២០ វិញ»។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា «សម្រាប់បងប្អូន ដែលបាន នឹងកំពុងធ្វើចត្តាឡីស័ក នៅតាមផ្ទះ ត្រូវបន្តធ្វើឱ្យបានហ្មត់ចត់ និងសូមអាជ្ញាធរមូលដ្ឋានតាមដានត្រួតពិនិត្យ នឹងជួយដោះស្រាយជីវភាពសម្រាប់គ្រួសារក្រីក្រ ដែលពួកគាត់មិនអាចចេញប្រកបរបររកស៊ីបាន ក្នុងពេលធ្វើចត្តាឡីស័ក។ ត្រូវផ្តល់ស្បៀងអាហារជូនពួកគាត់ កុំអោយពួកគាត់ខ្វះស្បៀងអាហារ ក្នុងពេលធ្វើចត្តាឡីស័ក។ សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខសេចក្តីចំរើន»៕



