(ភ្នំពេញ)៖ «ឧប្បត្តិហេតុនៃការចម្លងCovid-19នេះ មិនអាចធ្វើឱ្យប៉ះពាល់ សាបរលាបបំណងល្អ ថ្លៃថ្នូរ ដិតដានដោយមិត្តភាពជ្រាលជ្រៅនៃដំណើរទស្សនកិច្ចរបស់លោក Szijjártó ដែលបាននាំមកនូវផលចំណេញដល់ទំនាក់ទំនងទ្វេភាគីរបស់យើងនោះទេ»។ នេះជាសារនៅលើហ្វេសប៊ុកឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១២ ខែវិច្ឆិកានេះ។
សូមបញ្ជាក់ថា លោក Péter Szijjártó រដ្ឋមន្រ្តីការបរទេស និងពាណិជ្ជកម្មហុងគ្រី បានដឹកនាំគណៈប្រតិភូ មកបំពេញទស្សនកិច្ចរយៈពេល១ថ្ងៃ នៅក្នុងប្រទេសកម្ពុជា កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងចុះហត្ថលេខាលើឯកសារចំនួន៣ រវាងប្រទេសទាំងពីរ។ លោក Szijjártó ត្រូវបានរកឃើញថា មានផ្ទុកមេរោគកូវីដ១៩ ក្រោយពេលចាកចេញពីប្រទេសកម្ពុជា ទៅដល់ប្រទេសថៃ។
ការរកឃើញលទ្ធផលវិជ្ជមានមេរោគកូវីដ១៩ លើខ្លួនរដ្ឋមន្រ្តីការបរទេសហុងគ្រីរូបនេះ បានជំរុញឲ្យកម្ពុជាប្រមូលអ្នកពាក់ព័ន្ធជាង១ពាន់នាក់ ដើម្បីធ្វើតេស្តរកមេរោគកូវីដ១៩ ដោយក្នុងនោះ ក្រសួងសុខាភិបាលបានរកឃើញមានមនុស្សចំនួន៤នាក់ បានឆ្លងជំងឺនេះពីដ្ឋមន្រ្តីការបរទេសហុងគ្រី អំឡុងពេលធ្វើដំណើទស្សនកិច្ចនៅកម្ពុជា៕



