(ភ្នំពេញ)៖ ប្រមុខរាជរាដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅព្រឹកនេះថា «ថ្មីៗនេះមានមនុស្សអាក្រក់មួយចំនួនបានបំផុសពាក្យចចាមអារាមថា រាជរដ្ឋាភិបាល នឹងបិទរាជធានីភ្នំពេញ និងហាមឃាត់ការធ្វើដំណើរ ពីខេត្តមួយទៅកាន់ខេត្តមួយ»។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា «ក្នុងឋានៈជាប្រមុខរាជរដ្ឋាភិបាល ខ្ញុំសូមបញ្ជាក់ថា នឹងមិនមានការបិទប្រទេស ឬរាជធានីខេត្ត ឬតំបន់ណាមួយនោះទេ។ ការឃោសនាអកុសលរបស់ពួកអាក្រក់ទាំងនេះ សំដៅធ្វើឱ្យប្រទេសមាចលាចល ទំនិញឡើងថ្លៃ ប្រជាជនរស់នៅមិនបានស្ងប់ចិត្ត ដើម្បីពួកគេគេងចំណេញខាងនយោបាយតែប៉ុណ្ណោះ»។
សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំថា បញ្ហាសំខាន់ក្នុងការប្រយុទ្ធជាមួយជំងឺកូវីដ-១៩នៅពេលនេះ គឺប្រជាជនគ្រប់រូបការពារខ្លួនតាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសការពាក់ម៉ាស់ ការលាងដៃ ការមិនជួបជុំប្រមូលផ្តុំ ការរក្សាគម្លាតសុវត្ថិភាព។ល។
សម្រាប់ការពាក់ម៉ាស់ដែលកាលពីម្សិលមិញនេះ «ខ្ញុំបានបញ្ជាឱ្យបញ្ចេញម៉ាស់ក្រណាត់ចំនួន២លានម៉ាស់ ជូនទៅសាលារាជធានីភ្នំពេញ ដើម្បីចែកជូនប្រជាជនក្រីក្រ។ នគរបាលចរាចរណ៍ ក៏នឹងជូនម៉ាស់សម្រាប់អ្នកជិះកង់ ជិះម៉ូតូដែលមិនបានពាក់ម៉ាស់»។
សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវ សូមបងប្អូនពាក់ម៉ាស់ទាំងអស់គ្នា ដើម្បីយើងឈានទៅបញ្ចប់ព្រឹត្តិការណ៍៣វិច្ឆិកាឱ្យបានឆាប់ ដើម្បីនាំប្រទេសមកកាន់ភាពប្រក្រតី ដូចមុនថ្ងៃ៣ វិច្ឆិកា ២០២០ វិញ។ សម្រាប់បងប្អូនដែលបាននឹងកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះត្រូវបន្តធ្វើឱ្យបានហ្មត់ចត់នឹងសូមអាជ្ញាធរមូលដ្ឋានតាមដានត្រួតពិនិត្យនឹងជួយដោះស្រាយជីវភាពសម្រាប់គ្រួសារក្រីក្រដែលពួកគាត់មិនអាចចេញប្រកបរបររកស៊ីបាន ក្នុងពេលធ្វើចត្តាឡីស័ក។ ត្រូវផ្តល់ស្បៀងអាហារជូនពួកគាត់កុំអោយពួកគាត់ខ្វះស្បៀងអាហារក្នុងពេលធ្វើចត្តាឡីស័ក៕



