(ភ្នំពេញ)៖ ការបើកវគ្គបណ្តុះបណ្តាលស្តីពីគោលការណ៍ទូទៅនៃរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន តាមរយៈវីដេអូ (Video Conference) នេះ ដើម្បីពង្រឹងសមត្ថភាពបន្ថែមដល់លោក លោកស្រីជាប្រធានការិយាល័យ ប.ស.ស. សាខាខេត្ត-ខណ្ឌទាំងអស់ ដែលអញ្ជើញប្រកាសបើកវគ្គក្រោមអធិបតីភាព ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម នារសៀលថ្ងៃព្រហស្បតិ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅសាលប្រជុំស្នាក់ការកណ្តាលនៃ ប.ស.ស. រាជធានីភ្នំពេញ។
ឯកឧត្តមអគ្គនាយក ក្នុងឱកាសអញ្ជើញបើកវគ្គបណ្តុះបណ្តាលខាងលើ បានថ្លែងការកោតសរសើរចំពោះថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តី និងបុគ្គលិក បេឡាជាតិសន្តិសុខសង្គម ដែលកន្លងមកនេះ បានអនុវត្ត និងបំពេញការងាររបស់ខ្លួនទទួលបានលទ្ធផលល្អប្រសើរគួរឱ្យកត់សម្គាល់នាពេលកន្លងមក។
ជាមួយគ្នានេះផងដែរ ឯកឧត្តមអគ្គនាយក បានជំរុញ និងលើកទឹកចិត្តទៅដល់លោក លោកស្រីដែលជាប្រធាន អនុប្រធាន គ្រប់សាខា ប.ស.ស. ខេត្ត-ខណ្ឌទាំងអស់ ត្រូវយកចិត្តទុកដាក់អោយបានខ្ពស់ក្នុងវគ្គបណ្ដុះបណ្ដាលនេះ ក្នុងន័យបង្កើនបន្ថែមទៀតនូវចំណេះដឹងថ្មីៗ ព្រមទាំងស្មារតីទទួលខុសត្រូវប្រកបដោយជោគជ័យ និងប្រសិទ្ធភាពខ្ពស់ក្នុងការផ្តល់សេវារបបសន្តិសុខសង្គម ជូនបងប្អូនដែលជាសមាជិករបស់ខ្លួន។
ទន្ទឹមគ្នានឹងស្ថានភាពនៃការឆ្លងវីរុស COVID-19 នៅតែបន្ដអូសបន្លាយ ដែលបង្កឱ្យមានផលប៉ះពាល់ទៅដល់សេដ្ឋកិច្ចពិភពលោកយ៉ាងធ្ងន់ធ្ងរ រួមទាំងប្រទេសកម្ពុជាយើងផងដែរនោះ ឯកឧត្តមអគ្គនាយក បានក្រើនរំលឹកដល់ លោក លោកស្រីដែលជាប្រធាន អនុប្រធាន គ្រប់សាខា ប.ស.ស. ខេត្ត-ខណ្ឌទាំងអស់ ធ្វើយ៉ាងរួមគ្នាចូលរួមទប់ស្កាត់នៃការរីករាលដាលនៃការឆ្លងវីរុសកូវីដ-១៩ នេះ ឆ្លើយតបទៅនឹងការអំពាវនាវពីសំណាក់ប្រមុខដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា ដែលសម្តេចតែងតែគិតគួរ និងយកចិត្តទុកដាក់ខ្ពស់បំផុតអំពីសុខទុក្ខ សុខុមាលភាព និងជីវិភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ គ្រប់ពេលវេលា៕




