សម្តេចពិជ័យសេនា ទៀ បាញ់ ត្រួតពិនិត្យការសាងសង់មជ្ឈមណ្ឌលកងរាជអាវុធហត្ថ ភ្នំជំរាយ ​និងឯកភាពប្តូរឈ្មោះទៅជា ​ភ្នំជុំរីករាយ វិញ​
SWIFT NEWS ថ្ងៃច័ន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(កំពង់ឆ្នាំង)៖ ក្នុងគោលបំណងជំរុញដល់ដំណើរការសាងសង់ហេដ្ឋារចនាសម្ព័ននានា មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជំរាយ អោយកាន់តែទទួលបានលទ្ធផលល្អ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អមដំណើរដោយឯកឧត្តម ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការខភម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ចាការរង និងជានាយសេនាធិការចំរុះ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេស ព្រមទាំងនាយទាហានជាន់ខ្ពស់ ក្នុងក្រសួងការពារជាតិ និងអគ្គបញ្ជាការកងទ័ពជើងគោក និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត បានអញ្ជើញចុះត្រួតពិនិត្យដំណើរការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជំរាយ ស្ថិតនៅក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដើម្បីធ្វើការវាយតម្លៃអំពីដំណើរការសាងសង់មជ្ឈមណ្ឌលហ្វឹកហ្វឺននេះ សំរាប់ការត្រៀមធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាបាញ់កាំភ្លើងកងទ័ពជើងគោកអាស៊ាន ក៏ដូចជាកីឡាស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣ នៅពេលខាងមុខផងដែរ។

ឧត្តមសេនីយ៍ឯក ភួង ស៊ីភិន មេបញ្ជាការរងកងរាជអាវុធហត្ថ និងជាប្រធានក្រុមការងារបច្ចេកទេស គម្រោងវិស្វកម្មកងរាជអាវុធហត្ថ បានបង្ហាញជូនគណៈប្រតិភូនាឱកាសនោះថា៖ មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជំរាយ មានផ្ទៃដីរួមសរុបចំនួន ៥០,៥២១,៥២០ម៉ែត្រក្រឡា។ ឯកឧត្តម បានបន្តថា៖ ចំពោះហេដ្ឋារចនាសម្ព័ន ដែលបានកំពុងដំណើរការកសាងនាពេលនេះ រួមមាន៖ ការសាងសង់ទីលានបាញ់គ្រាប់ពិត, ឃ្លាំងគ្រាប់, ឃ្លាំងអាវុធ, ស្ថានីយផលិតទឹកស្អាតទី២, ឃ្លាំងភស្ដុភាបច្ចេកទេស, ទីតាំងកសាងមណ្ឌលពិព័រណ៌ពហុបច្ចេកទេស, អគារទីចាត់ការ, អាងស្ដុកទឹក, វេទិកា, ការសិក្សារបស់សិក្ខាកាម និងអគារស្នាក់នៅ។

ហេដ្ឋារចនាសម្ព័ន្ធរបស់មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជំរាយ ចាប់ផ្ដើមសាងសង់នៅឆ្នាំ២០១៣ នៅលើផ្ទៃដីប្រមាណជាង ៥,០០០ហិកតា ដោយបានដំណើរការសាងសង់រហូតមកដល់ពេលនេះ សម្រេចបានតាមផែនការដែលគ្រោងទុក ដែលនឹងត្រូវបញ្ចប់ការសាងសង់ទាំងស្រុង នៅឆ្នាំ២០២២ខាងមុខ។ ឯកឧត្តម បានបញ្ជាក់ថា៖ មជ្ឈមណ្ឌលនេះ មិនត្រឹមតែក្លាយជាកន្លែងហ្វឹកហ្វឺនមួយដ៏ធំសម្រាប់ កងរាជអាវុធហត្ថ និង ខ.ភ.ម ប៉ុណ្ណោះនោះទេ ក៏ជាកន្លែងសម្រាប់ធ្វើការប្រឡង បាញ់គ្រាប់ដៃអាស៊ាន ក្នុងឱកាសដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកីឡាស៊ីហ្គេមផងដែរ។ រហូតមកដល់ពេលនេះ ក្រុមការងារបច្ចេកទេស បានខិតខំសម្របសម្រួលគ្រប់កិច្ចការ ដើម្បីពន្លឿនការចុះហត្ថលេខាទ្វេរភាគី (កម្ពុជា-ចិន) បានដំណើរការសាងសង់ទីលានបាញ់គ្រាប់ពិត កងអន្ដរាគមន៍អាវុធហត្ថ និងការរៀបចំបំពាក់ឧបករណ៍ សម្ភារៈបច្ចេកទេស និងមធ្យោបាយតាមពេលវេលា និងផែនការដែលបានគ្រោងទុក។

ក្នុងឱកាសនោះ បន្ទាប់ពីបានតាមដានស្តាប់នូវរបាយការសង្ខេប ស្តីពីលទ្ធផលការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជំរាយរួចមក សម្តេចពិជ័យសេនា ទៀ បាញ់ ព្រមទាំងប្រតិភូអមដំណើរទាំងអស់ បានចុះទៅពិនិត្យការដ្ឋានសាងសង់មណ្ឌលទីលានបាញ់គ្រាប់ពិត ដែលមាន៖ ទីលានបាញ់កាំភ្លើងខ្លីនារី -ទីលានបាញ់កាំភ្លើងខ្លីបុរស -ទីលានបាញ់កាំភ្លើងយន្ត -ទីលានបាញ់កាំភ្លើងវែង -ទីលានបាញ់កាំភ្លើងការ៉ាប៊ីន។ ក្រៅពីនេះមានសាងសង់ អគារវេទិកាយោធា -អគារកីឡាកររង់ចាំបាញ់ -ឃ្លាំងដាក់អាវុធ និងគ្រាប់ត្រៀមបាញ់ -ចំណតរថយន្ត -អគារហ្វឹកហាត់ជំនាញប្រឆាំងភេវរកម្ម -ឃ្លាំងដាក់គ្រាប់ -ឃ្លាំងដាក់កាំភ្លើង -បន្ទប់ដុតអុស -អគារស្នាក់នៅ និងផ្ទះបាយសម្រាប់កងការពារ និងអគារហ្វឹកហាត់តាមបច្ចេកទេសប្រព័ន្ធស៊ីមូឡេហ្សិន (Simulation)។ សម្តេចពិជ័យសេនា ទៀ បាញ់ ព្រមទាំងប្រតិភូអមដំណើរទាំងអស់ បានចុះទៅពិនិត្យការដ្ឋានសាងសង់ស្ថានីយផលិតទឹកស្អាតទី២ -អគារទីចាត់ការ -ស្ថានីយ៍ចម្រោះទឹកស្អាត -អគារស្នាក់នៅ -វេទិកាសំរាប់ការប្រារព្ធពិធី និងអាងស្តុកទឹក និងបានជួបសំណេះសំណាលជាមួយសិក្ខាកាម នៅក្នុងមជ្ឈមណ្ឌលកងរាជអាវុធហត្ថភ្នំជំរាយផងដែរ។

ក្នុងឱកាសចុះពិនិត្យការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ននានា មជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជំរាយនាពេលនោះ សម្ដេចពិជ័យសេនា ទៀ បាញ់ បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព នៃដំណើរការសាងសង់មជ្ឈមណ្ឌលហ្វឹកហ្វឺន ដែលនេះមានលក្ខណៈល្អប្រពៃ គឺចំទិសដៅដែលយើងចង់បាន ដែលត្រូវប្រើប្រាស់ជាពហុវិស័យ និងឈានដល់កំរិតអន្តរជាតិថែមទៀត។ សម្តេចពិជ័យសេនា ក៏បានឯកភាពចំពោះការស្នើសុំប្តូរឈ្មោះពីមជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជំរាយ ទៅជាភ្នំជុំរីករាយវិញ។ 

ទាក់ទងទៅនឹងការទទួលធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាបាញ់កាំភ្លើងកងទ័ពជើងគោកអាស៊ាន ឆ្នាំ២០២២ សម្តេចពិជ័យសេនា បានបញ្ជាក់ថា៖ ប្រសិនបើការសាងសង់ហេដ្ឋារចនាសម្ព័ននានា ក្នុងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជំរាយបានរួចរាល់ និងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ កម្ពុជានឹងប្រកាសទទួលធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាបាញ់កាំភ្លើងកងទ័ពជើងគោកអាស៊ាននេះ៕

អត្ថបទដែលជាប់ទាក់ទង
​កម្ពុជា-ជប៉ុន ដាក់ទិសដៅ៥ឆ្នាំ​ ជួយឲ្យប្រជាពលរដ្ឋកម្ពុជាចេះដាំបន្លែតាមបែបទំនើបរបស់ជប៉ុន ​ដើម្បីផ្គត់ផ្គង់តម្រូវការម្ហូបអាហារក្នុងវិស័យទេសចរណ៍​
ព័ត៌មានជាតិ
អាជ្ញាធរខេត្តស្ទឹងត្រែង ចុះសំណេះសំណាល និង នាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន៤០០គ្រួសារ
ព័ត៌មានជាតិ
ព្រឹត្តិការណ៍​ថ្ងៃ​៣​វិច្ឆិកា ចំនួន​អ្នក​ប៉ះពាល់ ដែល​បានធ្វើ​តេស្ត​រក​មេរោគ​កូ​វីដ​១៩ កើនឡើង​ដល់ ១៧៣៤​នាក់ ក្នុងនោះ មាន​អ្នក​ឆ្លង​តែ ៤​នាក់​ដដែល​ប៉ុណ្ណោះ​
ព័ត៌មានជាតិ
Good News៖ មាន​ស្ត្រី​ជនជាតិ​បារាំង​ម្នាក់ទៀត ត្រូវបាន​ព្យាបាល​ជា​សះ​ស្បើ​យពី​ជំងឺ​កូ​វីដ​១៩
ព័ត៌មានជាតិ
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ លើកទឹកចិត្តដល់កុមារក្រីក្រ ៣នាក់​ ដែលបានចូលរួមក្នុងកីឡាប្រណាំងកង់ នៅទីលានទួលម៉ូតូហោះព្រែកលៀប
ព័ត៌មានជាតិ
ឯកអគ្គរដ្ឋទូតជប៉ុនស្វែងរកទិន្នន័យថ្មីៗ ​ដែលក្រសួងផែនការសម្រេចបាន ​ដើម្បីជាមូលដ្ឋានគ្រឹះសម្រាប់ក្រុមហ៊ុនជប៉ុនវិនិយោគនៅកម្ពុជា​ កាន់តែច្រើនឡើង
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី