(ភ្នំពេញ)៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែវិច្ឆិកានេះ បានចុះទៅគោលដៅរង្វង់មូលកួចកាណុងខាងលិចស្ពានជ្រោយចង្វារ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ដើម្បីចែកម៉ាស់ក្រណាត់ជូនទៅដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ។ ការធ្វើបែបនេះ គឺដើម្បីជាការរំលឹកឲ្យប្រជាពលរដ្ឋ ពាក់ម៉ាក់ជាប់ជានិច្ចទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារនូវការរីករាលដាលនៃជំងឺកូវីដ១៩។
ក្នុងការចែកម៉ាស់ផ្ទាល់ដៃជូនទៅដល់អ្នកដំណើរនេះ អភិបាលរាជធានីភ្នំពេញក៏បានណែនាំអោយបងប្អូនប្រជាពលរដ្ឋអនុវត្តវិធានរបស់ក្រសួងសុខាភិបាលដោយត្រូវពាក់ម៉ាស់ លាងដៃនឹងអាកុល ការសម្អាតអនាម័យខ្លួនប្រាណ និងការរក្សាគម្លាតសុវត្ថិភាពពោលគឺ ត្រូវអនុវត្តឲ្យបានទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីធ្វើយ៉ាងណាការពារឲ្យបាននូវការរីករាលដាលនៃជំងឺ១៩។
ក្នុងនោះដែរ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ក៏បានផ្ដាំផ្ញើ និងណែនាំឲ្យប៉ូលិសចរាចរណ៍ដែលឈរនៅគោលដៅនោះ បន្តការចែកម៉ាស់ជូនបងប្អូនប្រជាពលរដ្ឋដែលមិនមានម៉ាស់ពាក់ ឲ្យពួកគាត់មានម៉ាស់ពាក់។
ឯកឧត្តមបានបន្តថា ម៉ាស់ទាំងនេះជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដោយសម្តេចបានប្រគល់មករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីឲ្យរដ្ឋបាលរាជធានីភ្នំពេញ បន្តចែកជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រនៅក្នុងសហគមន៍ដែលមិនមានថវិកាគ្រប់គ្រាន់ក្នុងការទិញម៉ាស់ពាក់ការពារជំងឺកូវីដ១៩។ ចំណែកប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ ដែលមិនមានពាក់ម៉ាស់ ក៏យើងប្រគល់ជូនពួកគាត់ផងដែរ ដើម្បីធ្វើយ៉ាងណារួមគ្នាទប់ស្កាត់ការរាលដាលជំងឺកូវីដ១៩ទាំងអស់គ្នា៕




