ឯកឧត្ដម ប្រាក់ សុខុន បញ្ជាក់ថា សុខភាពរបស់ឯកឧត្ដមល្អជាធម្មតា ហើយធ្វើតេស្ត ២ដង គឺអវិជ្ជមានទាំង ២ដង​
SWIFT NEWS ថ្ងៃច័ន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ) ៖ ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន រដ្ឋមន្រ្ដីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា សុខភាពរបស់ឯកឧត្ដម គឺល្អជាធម្មតាទេ ហើយក្រុមគ្រួសាររបស់ឯកឧត្ដម អ្នកធ្វើការនៅក្នុងផ្ទះ ព្រមទាំងក្រុមគ្រួសាររបស់ពួកគេ និងរូបឯកឧត្ដមផ្ទាល់ បានធ្វើតេស្តចំនួន ២ដង​ទទួលបានលទ្ធផលអវិជ្ជមានទាំងអស់គ្នា។ នេះបើតាមការបង្ហោះសាររបស់ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន រដ្ឋមន្រ្ដីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ​នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០។

ខាងក្រោមនេះ ជាសារទាំងស្រុងរបស់ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន៖

«សួស្តី សហសេវិក សហការី មិត្តភក្តិ បងប្អូនទាំងអស់!

ថ្ងៃទី ១២ ខែវិច្ឆិកា នេះគឺចូលដល់ថ្ងៃទី១០ហើយ បើរាប់ពីថ្ងៃដែលខ្ញុំបានទទួលជួបប្រាស្រ័យការងារជាមួយលោករដ្ឋមន្ត្រីការបរទេសហុងគ្រី Péter Szijjártó ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។ ជារៀងរាល់ថ្ងៃ មានអ្នកសួរសុខទុក្ខខ្ញុំជាហូរហែថា តើខ្ញុំយ៉ាងម៉េចហើយ? មានបញ្ហាអីទេ? មានប្រែប្រួលក្នុងខ្លួនដែរឬអត់? ភាគច្រើនគឺជាមិត្តភ័ក្តិ អ្នកស្រឡាញ់រាប់អានគ្នា បារម្ភពីសុខភាពខ្ញុំ ហើយគេជូនពរឱ្យខ្ញុំចៀសផុតគ្រោះទាំងឡាយ ហើយបានឆាប់ត្រឡប់មកកាន់ជីវភាពធម្មតាឡើងវិញ។ អ្នកខ្លះក៏ភិតភ័យខ្លាចខ្ញុំទទួលការចម្លងមេរោគពីលោករដ្ឋមន្រ្តីការបរទេសហុងគ្រី ដែលអាចនាំឱ្យរាលដាលដល់អ្នកផ្សេងទៀត ពិសេសក្រោយពេលមន្ត្រីនគរបាលយើងម្នាក់ដែលបំរើការជាអង្គរក្សជូនលោករដ្ឋមន្ត្រី ព្រមទាំងទូតហុងគ្រី និងមន្ត្រីជាន់ខ្ពស់របស់យើង២នាក់ទៀត រកឃើញថាមានមេរោគ Covid-19 ។ តែក៏មានអ្នករាប់អានពីឆ្ងាយៗផ្ញើការសាកសួរសុខទុក្ខ និងជូនពរសុខភាពល្អ និងសុវត្ថិភាព មិនដាច់ដែរ។

ក្រុមគ្រួសារខ្ញុំ អ្នកធ្វើការនៅក្នុងផ្ទះ ព្រមទាំងក្រុមគ្រួសាររបស់ពួកគាត់ និងរូបខ្ញុំផ្ទាល់ បានធ្វើតេស្តចំនួន២ដងហើយ ទទួលបានលទ្ធផលអវិជ្ជមានទាំងអស់គ្នា ព្រមទាំងមានសុខភាពល្អជាធម្មតា។

តំាងពីថ្ងៃបន្ទាប់ពីទស្សនកិច្ចលោករដ្ឋមន្ត្រីការបរទេសហុងគ្រីមក ខ្ញុំនៅតែរក្សាទំលាប់ប្រចាំថ្ងៃរបស់ខ្ញុំដដែល គឺក្រោកហាត់ប្រាណខ្ទង់ម៉ោង៥ភ្លឺ ទទួលទានអាហារពេលព្រឹកចន្លោះពីម៉ោង ៦:៤៥ ទៅម៉ោង ៧:០០ រួចចូលបន្ទប់ធ្វើការ (ពេលនេះគឺធ្វើការក្នុងផ្ទះ) ដូចកាលមិនទាន់មានករណីព្រឹត្តិការណ៍ ៣ វិច្ឆិកា យ៉ាងដូច្នេះ។ កំដៅក្នុងខ្លួនធម្មតា បាយក៏បាន សម្រាន្តក៏ស្រួល។ ខ្លាចតែឡើងគីឡូទៅវិញទេ!

អ្វីដែលប្លែកខុសពីមុន គឺទីមួយ ក្នុងផ្ទះរបស់ខ្ញុំ គឺយើងនាំគ្នាអនុវត្តន៍វិធានការការពារ រិតត្បិតយ៉ាងហ្មត់ចត់ ពាក់ម៉ាស់គ្រប់គ្នា គ្រប់ពេល ពាក់ស្រោមដៃ លាងដៃញឹកញាប់ រក្សាគំលាត និងតាមសង្កេតការប្រែប្រួលយ៉ាងជាប់លាប់។ ទីពីរ ដោយសារតែតម្រូវធ្វើចត្តាឡីស័ក ការជួបភ្ញៀវ ការចូលរួមកម្មវិធីនានាក៏ត្រូវលុប ឬលើកទៅពេលក្រោយ ម្លោះហើយនាំឱ្យខ្ញុំមានពេលទំនេរ យកទៅរៀបចំទុកដាក់ឯកសារឡើងវិញ ពិចារណាពីផែនការការងារតទៅមុខដោយចិត្តត្រជាក់ មិនតក់ក្រហល់ ជំពាក់មុខ ជំពាក់ក្រោយដូចពេលមុន។ ពេលនេះ យើងមើលឃើញអត្ថប្រយោជន៍កាន់តែខ្ពស់នៃការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យា ដោយសារតែរាល់ការងារ រាប់ពីការរាយការណ៍ សុំយោបល់និងការសម្រេច ពិគ្រោះពិភាក្សាគ្នា អាចធ្វើឡើងបានដោយងាយតាមរយៈប្រព័ន្ធទំនើបនេះ។

ពេលខ្ញុំសន្ទនាតាមទូរស័ព្ទជាមួយលោករដ្ឋមន្ត្រី Szijjártó ក្រោយពីគាត់ត្រឡប់ដល់ស្រុកគាត់វិញនោះ លោកបានសំដែងការសោកស្តាយយ៉ាងខ្លាំង និងសុំផ្ញើនូវការសុំទោសរបស់លោកចំពោះការលំបាកដែលបង្កឡើងដោយរូបលោក។ លោកបញ្ជាក់អះអាងសារជាថ្មីថា ពេលលោកបានធ្វើតេស្តមុនលោកចេញដំណើរមកកម្ពុជា លទ្ធផលពេលនោះគឺអវិជ្ជមាន។ ប្រពន្ធ និងកូនលោកក៏ដូចជាសមាជិកគណៈប្រតិភូរបស់លោកទាំងអស់គ្នា លើកលែងតែឯកអគ្គរដ្ឋទូតម្នាក់ សុទ្ធតែអវិជ្ជមានកូវីដ-១៩ ទាំងអស់ រហូតដល់ថ្ងៃនេះ។

រូបលោក Péter Szijjártó ត្រូវបានផ្សព្វផ្សាយយ៉ាងល្បីល្បាញក្នុងបណ្តាញសង្គមនៅកម្ពុជា។ មានការធ្វើអត្ថាធិប្បាយបែបចំរុះស្តីពីដំណើរទស្សនកិច្ចរបស់គាត់មកភ្នំពេញ។ យ៉ាងណាក៏ដោយ គេមិនត្រូវភ្លេចទេថា លោក Szijjártó ជារដ្ឋមន្ត្រីការបរទេសនៃប្រទេសជាសមាជិកសហភាពអឺរ៉ុបមួយដែលតែងហ៊ានចេញមុខការពារយុត្តិធម៌ចំពោះកម្ពុជា។ គាត់គឺជាអ្នកក្រោកឡើង បន្លឺសំលេងប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅចូលកិច្ចការផ្ទៃក្នុងកម្ពុជា។ គាត់គឺជាអ្នកតវ៉ាប្រឆាំងនឹងការព្យួរភាពអនុគ្រោះពន្ធក្រោមក្របខ័ណ្ឌEBA 20% ពីកម្ពុជា។

ឧប្បត្តិហេតុនៃការចម្លងCovid-19នេះ មិនអាចធ្វើឱ្យប៉ះពាល់ សាបរលាបបំណងល្អ ថ្លៃថ្នូរ ដិតដានដោយមិត្តភាពជ្រាលជ្រៅនៃដំណើរទស្សនកិច្ចរបស់លោក Szijjártó ដែលបាននាំមកនូវផលចំណេញដល់ទំនាក់ទំនងទ្វេភាគីរបស់យើងនោះទេ។

ខ្ញុំជូនពរឱ្យលោករដ្ឋមន្ត្រីឆាប់ជាសះស្បើយ។

ខ្ញុំក៏សូមជូនពរដូចគ្នាដល់មន្ត្រីយើងទាំង០៣រូប ព្រមទាំងលោកឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំកម្ពុជា ឆាប់ជាសះស្បើយ។

ខ្ញុំសូមថ្លែងអំណរគុណ និងជូនពរផងដែរ ដល់សហសេវិក សហការី មិត្តភក្តិ និងបងប្អូនទាំងអស់ ដែលបានផ្ញើសារមកជូនពរខ្ញុំក្នុងអំឡុងពេលនេះ ទទួលបានសុខភាពល្អបរិបូណ៌ សិរីសួស្តី ជ័យមង្គល វិបុលសុខគ្រប់ប្រការ»។

 

អត្ថបទដែលជាប់ទាក់ទង
ប្រមុខការទូតកម្ពុជាអះអាងថា​ ឧប្បត្តិហេតុនៃការចម្លងជំងឺកូវីដ១៩នេះ ​មិនអាចធ្វើឲ្យប៉ះពាល់ដល់មិត្តភាពជ្រាលជ្រៅ​ នៃដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសហុងគ្រីនោះទេ​
ព័ត៌មានជាតិ
សម្ដេចក្រឡាហោម ស ខេង អញ្ជើញចុះសួរសុខទុក្ខ និងចែកស្រូវពូជ ​ជូនប្រជាពលរដ្ឋខ្វះខាត​ នៅស្រុកបាភ្នំ ខេត្តព្រៃវែង​
ព័ត៌មានជាតិ
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ដ្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដឹកនាំ​ប្រតិភូ ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន តាម​ប្រព័ន្ធ​វិ​ដេ​អូ​
ព័ត៌មានជាតិ
សេចក្តី​ព្រាង​ច្បាប់ ស្តីពី​ ការអនុម័ត​យល់ព្រម​លើ​ពិធីសារ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​គោក​រវាង​កម្ពុជា និង​វៀតណាម ឆ្លង​ផុត​ព្រឹទ្ធសភា​ហើយ​!
ព័ត៌មានជាតិ
ច្បាស់​ហើយ ពេលនេះ​! នឹង​មិនមាន​ការបិទ​ប្រទេស ឬ​រាជធានី​ខេត្ត ឬ​តំបន់​ណាមួយ​នោះទេ​!
ព័ត៌មានជាតិ
ក្លិប​ហាត់ប្រាណ ត្រូវ​បិទ​ជាថ្មី ដើម្បី​ចូលរួម​បង្ការ និង​ទប់ស្កាត់​នូវ​ការឆ្លង​កូ​វីដ​!
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី