(ភ្នំពេញ)៖ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចេញលិខិត ជម្រាប់ជូនឯកឧត្តមអភិបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ថា តាមបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងសុខាភិបាល នឹងបញ្ចេញម៉ាស់ចំនួន ២ ០០០ ០០០ ( ពីរលាន ) ម៉ាសក្រណាត់ ពីឃ្លាំងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ជូនឯកឧត្តមអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដើម្បីចែកជូនដល់ប្រជាពលរដ្ឋ ដែលខ្វះខាតក្នុងសហគមន៍ក្រីក្រ ក្នុងរាជធានីភ្នំពេញ។
វិធានការរបស់ក្រសួងសុខាភិបាល ក្នុងការបញ្ចេញម៉ាស់ ចែកដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋ ដែលខ្វះខាតក្នុងសហគមន៍ក្រីក្រ ក្នុងរាជធានីភ្នំពេញ នាពេលនេះ បានធ្វើឡើង ខណៈដែលម៉ាស់ឡើងថ្លៃក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ។
ម៉ាស់លក់តាមផ្លូវ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី៩វិច្ឆិកា ថ្លៃ ២០០០ រៀល ក្នុង ១ដុំ ដែលមាន ១០ម៉ាស់។ តែនៅថ្ងៃទី១០វិច្ឆិកា ឆ្នាំ២០២០ ម៉ាស់ ១០ បន្ទះ ថ្លៃ ៣០០០ រៀល។
ចំណែកនៅតាមកន្លែងលក់ថ្នាំពេទ្យ ម៉ាស់ ១ប្រអប់ ចំនួន ៥០បន្ទះ កាលពីថ្ងៃទី៩វិច្ឆិកា ថ្លៃ ៨០០០ រៀល ទៅ ១០០០០ រៀល។ តែនៅថ្ងៃទី១០វិច្ឆិកា ម៉ាស់ ១ប្រអប់ ចំនួន ៥០ម៉ាស់ ឡើងថ្លៃដល់ ១២០០០ រៀល៕



