(ភ្នំពេញ)៖ ក្នុងសារលើគណនីហ្វេសប៊ុក នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកានេះ ឯកឧត្តម សួស យ៉ារ៉ា អ្នកតំណាងរាស្ត្រ ដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩ បានបញ្ជាក់ថា ឯកឧត្តម នៅមានសុខភាពល្អជាធម្មតាទេ ហើយ ឯកឧត្តម សូមថ្លែងអំណរគុណមិត្តភក្តិក្រុមគ្រួសារ ដែលបានផ្តល់សារលើកទឹកចិត្ត ឯកឧត្តម។ ខាងក្រោមនេះ គឺជាសារលើហ្វេសប៊ុករបស់ឯកឧត្តម សួស យ៉ារ៉ា ដែលបានបង្ហោះនៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០៖
ខ្ញុំបាទ សួស យ៉ារ៉ា សូមគោរពថ្លែងសារ ដូចតទៅ
១- សូមអរគុណមិត្ត និងញាតិគ្រប់គ្នា ដែលបានផ្តល់សារលើកទឹកចិត្ត ខ្ញុំសូមចងចាំទុកក្នុងចិត្ត
២- ក្រោមការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ ស្ថានភាពខ្ញុំនៅ ធម្មតាមិនទាន់មានការវិវឌ្ឍណាមួយដែលគួរបារម្ភទេ
៣- ខ្ញុំបានអនុវត្តចត្តាឡឺស័កយ៉ាងម៉ឺងម៉ាត់ មិនដូចការបំផ្លើសថា ខ្ញុំបានទៅទិវាបុណ្យឯករាជ្យ ឬទីណាផ្សេងៗឡើយ
៤- មេរោគ COVID-19 ជាមេរោគរាតត្បាតសកល សូមកុំយកវាធ្វើជាល្បែងនយោបាយ ឬភូតកុហក ឫប្រឌិតដើម្បីបំភ័យសាធារណ:ជន
៥- ត្រូវប្រុងប្រយ័ត្នបំផុតមេរោគ COVID-19 អាចឆ្លងតាមខ្យល់ ក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ ដែលពុំមានលំហគ្រប់គ្រាន់ ដូច្នេះគ្រប់គ្នា ត្រូវពាក់ម៉ាស់ដាច់ខាត
៦- សូមអរគុណការយកចិត្តទុកដាក់ពីបណ្តាមិត្តអង្គទូត និងមិត្តអន្តរជាតិទាំងឡាយ ពិសេសស្ថានទូតចិន ដែលបានផ្ញើសំភារ:សំខាន់ៗ សម្រាប់ថែរក្សាសុខភាព
៧- សូមប្រជាជនទាំងអស់ គោរពតាមបទបញ្ជារបស់ក្រសួងសុខាភិបាល ដែលជាសេនាធិការផ្ទាល់របស់រាជរដ្ឋាភិបាល
៨- សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត គឺជាមេដឹកនាំល្អ និងជាទីទុកចិត្តបំផុតក្នុងការគ្រប់គ្រងសភាពការណ៍ក្នុងគ្រាលំបាក ហើយជាពិសេស គឺលោកទាំងពីរ បានយកសុខទុក្ខប្រជាជនជាចំបង
១០- សូមថ្នាក់ដឹកនាំ មន្ត្រី និងប្រជាជនរួមសាមគ្គីគ្នា អនុវត្តវិធានការក្រសួងសុខាភិបាលយកឈ្នះព្រឹត្តិការណ៍ ៣វិច្ឆិការនេះ ដោយមិនមានការឆ្លងទៅសហគមន៍។
ដោយគោរព និងសូមការយោគយល់អំពីខ្ញុំបាទ-សួសយ៉ារ៉ា៕



