(ភ្នំពេញ)៖ ក្រសួងការបរទេស បានប្រកាសនៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ ថា កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបានជួប និងប្រាស្រ័យទាក់ទងផ្ទាល់ជាមួយគណៈប្រតិភូហុងគ្រី ដឹកនាំដោយឯកឧត្តម ភើធើ ស៊ីចាតូ ( Péter Szijjártó ) រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មហុងគ្រី បានធ្វើតេស្តសំណាករកវីរុស កូវីដ១៩។ នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ក្រសួងសុខាភិបាល បានបញ្ជាក់ថា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិទាំងអស់ ដែលបានធ្វើតេស្ត មានលទ្ធផលអវិជ្ជមានកូវីដ-១៩។
ទោះជាយ៉ាងនេះក្តី ក្រសួងការបរទេស បានគូសបញ្ជាក់ថា «ថ្នាក់ដឹកនាំ និងមន្ត្រីរាជការពាក់ព័ន្ធទាំងអស់ នឹងបន្តធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃទៀត និងរង់ចាំការធ្វើតេស្តជាបន្តបន្ទាប់ទៀត តាមការកំណត់របស់ក្រសួងសុខាភិបាល»៕




