កម្ពុជា ចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍នាំចូលអន្តរជាតិចិនលើកទី៣ នៅទីក្រុងសៀងហៃ ប្រទេសចិន​​
SWIFT NEWS ថ្ងៃច័ន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ ឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម កាលពីរាត្រីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ បានដឹកនាំប្រតិភូពាណិជ្ជកម្មកម្ពុជា ចូលរួម “ពិធីសម្ពោធពិព័រណ៍នាំចូលអន្តរជាតិចិនលើកទី៣ (The 3rd China International Import Expo) និងវេទិកាសេដ្ឋកិច្ចអន្តរជាតិ (Hongqiao International Economic Forum)” នៅទីក្រុងសៀងហៃ ប្រទេសចិន ដែលប្រព្រឹត្តទៅតាមរយៈប្រព័ន្ធវីឌីអូអនឡាញ ក្រោមអធិបតីភាពឯកឧត្តម ហាន ចឹង ឧបនាយករដ្ឋមន្រ្តីចិន (Vice-Premier HAN Zheng) និងថ្លែងសុន្ទរកថាបើកតាមប្រព័ន្ធវីឌីអូដោយ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន និងមានការចូលរួមពី នាយកដ្ឋមន្រ្តី ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តី នៃបណ្តាប្រទេសនានានៅក្នុងតំបន់ និងពិភពលោក។

នៅក្នុងឱកាសនោះ ឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនពីង បានស្វាគមន៍ប្រទេសចូលរួមទាំងអស់ ហើយបានប្រកាសពីភាពជោគជ័យរបស់ប្រទេសចិនចំពោះការអនុវត្តនូវវិធានការណ៍ជំរុញពាណិជ្ជកម្ម ជាពិសេសការពង្រីកការនាំចេញ-នាំចូលផលិតផលនិងសេវាកម្មគ្រប់ប្រភេទ ដែលឯកឧត្តមបានលើកឡើងកាលពីឆ្នាំទៅ។ 

ឯកឧត្តម បានជំរុញឲ្យប្រទេសទាំងអស់ ចូលរួមសហការគ្នាប្រយុទ្ធប្រឆាំងនិងដោះស្រាយបញ្ហាប្រឈមរួមនានា តាមរយៈការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងការទំនាក់ទំនងគ្នាដោយបើកចំហរ ហើយប្រទេសចិន នឹងចូលរួមយ៉ាងសកម្មបំផុត ដើម្បីជំរុញឲ្យមានអនាគតដ៏ត្រចះត្រចង់មួយសម្រាប់មនុស្សជាតិទាំងមូល ក្នុងគ្រាដែលពិភពលោកជួបនឹងបញ្ហាជំងឺឆ្លងកូវីដ-១៩ នៅឡើយ។  

ឈរលើយុទ្ធសាស្រ្តបើកចំហរ ឯកឧត្តមប្រធានាធិបតីចិន បានស្នើដល់ប្រទេសទាំងអស់ រួមសហការគ្នាអនុវត្តនូវកិច្ចសហប្រតិបត្តិការសំខាន់ៗបីចំណុច៖ ១. ប្តេជ្ញាបើកចំហរសម្រាប់កិច្ចសហប្រតិបត្តិការដែលធ្វើឲ្យមានផលប្រយោជន៍ដល់គ្នា ២. ប្តេជ្ញាបើកចំហរសម្រាប់កិច្ចសហប្រតិបត្តិការដែលមានការទទួលខុសត្រូវរួមគ្នា និង៣. ប្តេជ្ញាបើកចំហរសម្រាប់កិច្ចសហប្រតិបត្តិការដែលធ្វើឲ្យមានអភិបាលកិច្ចល្អដល់គ្នា។

«នៅក្នុងជំហានបន្ទាប់ ប្រទេសចិន នឹងបន្តប្រកាន់ខ្ជាប់នូវយុទ្ធសាស្រ្តបើកចំហរ កិច្ចសហប្រតិបត្តិការ និងសាមគ្គីភាព ដើម្បីលទ្ធផលឈ្នះ-ឈ្នះទាំងអស់គ្នា។ យើង នឹងពង្រីកការបើកចំហរគ្រប់ជ្រុងជ្រោយដោយមិនងាករេ និងបើកច្រកដ៏មានប្រសិទ្ធភាពជាច្រើនទៀតដើម្បីតភ្ជាប់ទីផ្សារក្នុងស្រុកនិងក្រៅស្រុក ក៏ដូចជាចែករំលែកទីផ្សារនិងដោះដូរគ្នានូវប្រភពធនធាននិងផលិតកម្មជាច្រើនមុខ ក្នុងទិសដៅជំរុញទីផ្សារចិនចូលក្នុងទីផ្សារមួយសម្រាប់ពិភពលោក ទីផ្សារមួយសម្រាប់ការចែករំលែកទាំងអស់គ្នា និងជាទីផ្សារមួយដែលងាយស្រួលអាចចូលរួមបានគ្រប់គ្នា។ តាមមធ្យោបាយនេះ យើងអាចនាំយកនូវថាមពលវិជ្ជមានទាំងអស់គ្នា ចូលទៅកាន់សហគមន៍អន្តរជាតិ» ឯកឧត្តម ស៊ី ជីនពីង បានគូសបញ្ជាក់។

សូមជម្រាបថា នេះជាលើកទីបីហើយ ដែលកម្ពុជាបានចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍នាំចូលអន្តរជាតិចិនដ៏ធំនេះ។ កាលពីឆ្នាំ២០១៩កន្លងទៅ កម្ពុជាបានទទួលធ្វើជាប្រទេសកិត្តិយស ក្នុងព្រឹត្តិការណ៍នេះ ដោយបានចូលរួមក្នុងកិច្ចប្រជុំនិងវេទិកាសេដ្ឋកិច្ចសំខាន់ៗដឹកនាំក្រុមហ៊ុនឯកជនធំៗចូលរួម និងមានការរៀបចំពន្លាជាតិតាមរចនាបទខ្មែរទំហំ ១៣៦ម៉ែត្រការ៉េ ដើម្បីផ្សព្វផ្សាយពីសក្តានុពលវិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ និងវប្បធម៌ជាតិ ផងដែរ។ 

សម្រាប់ឆ្នាំ២០២០នេះ ដោយសារតែបញ្ហាជំងឺឆ្លងកូវីដ-១៩ កម្ពុជា ក៏ដូចជាបណ្តាប្រទេសផ្សេងទៀត មិនអាចរៀបចំពន្លាជាតិ និងដឹកនាំគណៈប្រតិភូចូលរួមផ្ទាល់ទេ ចូលរួមតែវិស័យឯកជនដែលមានដៃគូនិងផលិតផលស្រាប់នៅប្រទេសចិន និងតំណាងអគ្គកុងស៊ុលកម្ពុជាប្រចាំនៅទីក្រុងសៀងហៃ ប្រទេសចិនតែប៉ុណ្ណោះ៕

អត្ថបទដែលជាប់ទាក់ទង
TOP NEWS: ក្រុមលោក ចូ បៃដិន ស្នើឲ្យបិទគណនេយ្យ Twitter របស់លោក ដូណាល់ ត្រាំ រហូតដល់ការរាប់សន្លឹកឆ្នោតរួចរាល់
ព័ត៌មានជាតិ
មន្ត្រីរាជការ និង​មន្ត្រី​ជាប់កិច្ចសន្យា នៃ​រដ្ឋបាល​ខណ្ឌដូនពេញ ១៣៦ នាក់ ទទួលបាន​ការយល់ដឹង​បន្ថែម​អំពី​អត្ថប្រយោជន៍​នៃ​របប​សន្តិសុខ​សង្គម​
ព័ត៌មានជាតិ
TOP NEWS: សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថាលោកមានសុខភាពល្អ និងបន្តបំពេញការងារជាធម្មតា
ព័ត៌មានជាតិ
កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ ឃាត់ខ្លួន​យុវជន​ប្រុស​ស្រី ១៣​នាក់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​
ព័ត៌មានជាតិ
TOP NEWS: រដ្ឋាភិបាលចិន នឹងថ្វាយគ្រឿងឥស្សរិយយស «មិត្តភាព នៃសាធារណរដ្ឋប្រជាមានិតចិន» ដល់សម្តេចម៉ែ នៅថ្ងៃស្អែកនេះ
ព័ត៌មានជាតិ
​គ្រឹះស្ថាន​អប់រំ​ចំនួន២របស់ថៃ ​ផ្តល់អាហារូបករណ៍​​ថ្នាក់​​បណ្ឌិត បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​បរិញ្ញាបត្រ​​ ​ដល់និស្សិត​កម្ពុជា ​និង​ប្រទេស​នានា​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី