(ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃរដ្ឋបាលខណ្ឌដូនពេញ ចំនួន ១៣៦ នាក់ ទទួលបានការយល់ដឹងបន្ថែមអំពីអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម ដែលបានធ្វើបទបង្ហាញដោយលោក សុក បូរ៉ា ប្រធានការិយាល័យតាវកាលិក នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)។
គោលបំណងនៃកិច្ចប្រជុំផ្សព្វផ្សាយខាងលើនេះ គឺដើម្បីឱ្យពួកគាត់បានយល់ដឹងកាន់តែច្បាស់បន្ថែមទៀត ស្តីពី ការប្រើប្រាស់ប័ណ្ណសមាជិក ប.ស.ស. ព្រមទាំងការទទួលបានសេវាថែទាំសុខភាព នៅតាមមូលដ្ឋានសុខាភិបាល ដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស. ដោយឥតបង់ថ្លៃ។
សូមបញ្ជាក់ថា ពិធីផ្សព្វផ្សាយនេះ បានធ្វើឡើង នៅសាលាខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្រោមអធិបតីភាព លោកស្រី នូ ថាវរី អភិបាលរងខណ្ឌ តំណាងលោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ ដោយមានការចូលរួមពីសំណាក់លោក លោកស្រី មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា សរុបប្រមាណជា ១៣៦នាក់៕




