(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានប្រកាសថា ការធ្វើតេស្តរកមេរោគកូវីដ១៩ លើអ្នកប៉ះពាល់ជាមួយនឹងរដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មនៃប្រទេសហុងគ្រី នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ មានចំនួន ២១២នាក់ ( ក្នុងនោះ មានជនជាតិហុងគ្រី ម្នាក់ ) ដែលទទួលបានលទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺអវិជ្ជមានវីរុសកូវីដ១៩ ទាំងអស់គ្នា។
ក្នុងសេចក្តីប្រកាស ក្រសួងសុខាភិបាល បញ្ជាក់ថា ចំនួនសរុបអ្នកប៉ះពាល់ជាមួយរដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មនៃប្រទេសហុងគ្រី ដែលបានធ្វើតេស្ត ទាំងអស់មាន ៨៤០នាក់ សម្រាប់ថ្ងៃទី០៤ និងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលមានលទ្ធផលអវិជ្ជមានវីរុសកូវីដ១៩ ទាំងអស់។
ទោះជាយ៉ាងនេះក្តី ក្រសួងសុខាភិបាល បានប្រកាសណែនាំដល់អ្នកដែលប៉ះពាល់ទាំងអស់ ដែលមានលទ្ធផលតេស្តលើកទី១ អវិជ្ជមានវីរុសកូវីដ១៩ ត្រូវបន្តធ្វើចត្តាឡីស័ក នៅតាមគេហដ្ឋានឲ្យបានត្រឹមត្រូវ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ហើយសូមវិលត្រឡប់មកធ្វើតេស្តឡើងវិញ ចំនួន ៣ដងទៀត នៅវិមានមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្ត្រី ដែលមានរៀបចំទីតាំងយកវត្ថុសំណាក សម្រាប់ធ្វើតេស្តរកវីរុសកូវីដ១៩ ចាប់ពីម៉ោង ៧ព្រឹក ទៅតាមកាលបរិច្ឆេទ ដូចខាងក្រោមនេះ៖ លើកទី២ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០។ លើកទី៣ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ និងលើកទី៤ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០។
ទន្ទឹមនឹងនេះ ក្រសួងសុខាភិបាល ក៏បានប្រកាសក្រើនរម្លឹក និងធ្វើការអំពាវនាវសាជាថ្មីម្តងទៀត សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការការពារខ្លួន ត្រូវពាក់ម៉ាស់ ( ក្នុងករណីចាំបាច់ ) ជាពិសេសនៅពេលចល័តធ្វើដំណើរ និងពេលជួបមនុស្សម្នាច្រើន ប្រើកន្សែង ឬក្រមាខ្ទប់មាត់ពេលក្អកកណ្តាស់ សម្អាតដៃជាប់ជាប្រចាំ រក្សាសុវត្ថិភាពសង្គម និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើង ដើម្បីចៀសវាងការចម្លងវីរុសកូវីដ១៩ ដែលអាចកើតមានឡើងគ្រប់ពេលវេលា គ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែង។
សូមរម្លឹកថា រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មហុងគ្រី បានមកបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជា កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០។ នៅពេលលោកទៅដល់ប្រទេសថៃ នាល្ងាចថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ ក៏ត្រូវបានពិនិត្យឃើញមានផ្ទុកមេរោគកូវីដ១៩ តែលោកមិនមានរោគសញ្ញាអ្វីឡើយ។
ភ្លាមៗ នៅកម្ពុជា បានធ្វើតេស្តរកមេរោគកូវីដ១៩ លើអ្នកដែលបានប៉ះពាល់ជាមួយលោករដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មហុងគ្រី។ ក្នុងនោះ ក៏មានសម្តេចតេជោ និងរដ្ឋមន្ត្រីការបរទេសកម្ពុជា ឯកឧត្តម ប្រាក់ សុខុន ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជាច្រើនផ្សេងទៀត។ តែលទ្ធផលសុទ្ធតែបញ្ជាក់ថា មិនមាននរណាម្នាក់ ឆ្លងមេរោគកូវីដ១៩ឡើយ។
យ៉ាងណាក៏ដោយ ថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រមទាំងអ្នកកាសែត ដែលបានប៉ះពាល់ និងធ្វើតេស្តលើកទី១ ទទួលលទ្ធផលអវិជ្ជមាននេះ បានធ្វើចត្តាឡីស័ក ឬដាក់ខ្លួនឲ្យនៅដាច់ដោយឡែក រយៈពេល ១៤ថ្ងៃ តាមការកំណត់ និងវិធានអនាម័យរបស់ក្រសួងសុខាភិបាលយ៉ាងខ្ជាប់ខ្ជួន៕




