(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានប្រកាសថា គ.ជ.ប ត្រូវបានអញ្ជើញឲ្យចូលរួមកម្មវិធីសង្កេតការណ៍បោះឆ្នោតអន្តរជាតិ តាមប្រព័ន្ធអនឡាញ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកសភា នៅរដ្ឋប៊ីហា ( Bihar ) ឆ្នាំ២០២០ នៅប្រទេសឥណ្ឌា ចាប់ពីថ្ងៃទី៥-៧ ខែវិច្ឆិកា ឆ្នាំ២០២០។ ការចូលរួមសង្កេតការណ៍ការបោះឆ្នោត នៅប្រទេសឥណ្ឌានេះ ធ្វើឡើងតាមប្រព័ន្ធអនឡាញ ពីប្រទេសកម្ពុជា។
តាមការអញ្ជើញនេះ ឯកឧត្តម ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប បានចាត់តាំងប្រតិភូ គ.ជ.ប ២រូប ដើម្បីចូលរួមក្នុងកម្មវិធីនេះ រួមមាន៖ ឯកឧត្តម ឌឹម សុវណ្ណារុំ សមាជិក និងជាអ្នកនាំពាក្យគ.ជ.ប និងឯកឧត្តម សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប។
គ.ជ.ប បានប្រកាសថា កម្មវិធីសង្កេតការណ៍តាមប្រព័ន្ធអនឡាញ ដែលគ.ជ.ប ឥណ្ឌា បានបង្កើតឡើងនេះ ស្របពេលដែលប្រទេសឥណ្ឌា និងពិភពលោក កំពុងទទួលរងការគំរាមកំហែងពីជំងឺកូវីដ១៩។ កម្មវិធីនេះ ក៏ជាការចែករំលែកបទពិសោធន៍នៃការអនុវត្តល្អៗ ក្នុងដំណើរការបោះឆ្នោតតាមបែបប្រជាធិបតេយ្យដ៏ធំបំផុតនៅប្រទេសឥណ្ឌា ក៏ដូចជាការបោះឆ្នោតប្រកបដោយសុវត្ថិភាពក្នុងកំឡុងពេលនៃការរាតត្បាតជំងឺកូវីដ១៩ ដែលកំពុងបន្តកើតមាននៅក្នុងប្រទេសនេះផងដែរ។
គ.ជ.ប បានប្រកាសថា ប្រជាពលរដ្ឋ នៅរដ្ឋប៊ីហា ( Bihar ) ជាង ៧២លាននាក់ នឹងត្រូវចេញទៅបោះឆ្នោត ជ្រើសតាំងសមាជិកសភា ចំនួន ២៤៣រូប។ ការបោះឆ្នោតនេះ នឹងប្រព្រឹត្តទៅជា ៣ដំណាក់កាល៖ ដំណាក់កាលទី១ ប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ដំណាក់កាលទី២ ប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ និងដំណាក់កាលទី៣ ប្រព្រឹត្តទៅនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០។
គ.ជ.ប បានបញ្ជាក់ថា ប្រតិភូ គ.ជ.ប កម្ពុជា នឹងចូលរួមសង្កេតការណ៍យ៉ាងយកចិត្តទុកដាក់លើដំណើរការបោះឆ្នោតនៅប្រទេសឥណ្ឌា តាមប្រព័ន្ធអនឡាញពីប្រទេសកម្ពុជា៕




