(ភ្នំពេញ)៖ ការធ្វើចត្តាឡីស័ក រយៈពេល ១៤ ថ្ងៃ នៅក្នុងសណ្ឋាគារ ដែលក្រសួងសុខាភិបាល បានរៀបចំ សម្រាប់តាមដានរកមេរោគ កូវីដ១៩ គឺត្រូវបានចំណាយសរុប ៨៨០ដុល្លារ។ ក្នុងនោះ តម្លៃម្ហូបអាហារ សរុប ៣៩០ដុល្លារ ឬ ៣០ដុល្លារ ក្នុង ១ថ្ងៃ និងតម្លៃស្នាក់នៅក្នុងសណ្ឋាគារ រយៈពេល ១៤ថ្ងៃ សរុប ៤៩០ដុល្លារ។ នេះបើតាមហ្វេសប៊ុក San Sek Sokhom ដែលអះអាងថា ជាជនជាតិខ្មែរ ដែលធ្វើដំណើរត្រលប់មកស្រុកវិញ ហើយត្រូវបានដាក់ឲ្យនៅចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ។
ចំពោះការលើកឡើងពីតម្លៃនៃការធ្វើចត្តាឡីស័ក្តិ នៅសណ្ឋាគារ រយៈពេល ១៤ថ្ងៃ ដើម្បីតាមដានរកមេរោគ កូវីដ១៩ ត្រូវបានលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានផ្សព្វផ្សាយនូវការឆ្លើយតបរបស់មន្ត្រីជំនាញតាម messenger ទៅកាន់អ្នកធ្វើចត្តាឡីស័ក្តិថា «ប្អូនមានជម្រើសដោយខ្លួនឯងតើ ក្នុងការស្នាក់នៅសណ្ឋាគារ ប្រសិនបើមិនមានលទ្ធភាពបង់ថ្លៃទេ ប្អូនអាចជ្រើសយកកន្លែង ដែលរដ្ឋរៀបចំជូន ដោយមិនបង់ថ្លៃបានដែរតើ។ អរគុណ»។
សូមរម្លឹកថា ថ្លៃសេវា សម្រាប់ការធ្វើតេស្តរកមេរោគកូវីដ១៩ ការធ្វើចត្តាឡីស័ក និងការពិនិត្យព្យាបាលអ្នកជំងឺកូវីដ១៩ ត្រូវបានរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញលិខិត កំណត់ថ្លៃ កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០។ នោះគឺតម្លៃស្នាក់នៅក្នុងសណ្ឋាគារ ឬមណ្ឌលសំចត ដែលកំណត់ដោយគណៈកម្មការអន្តរក្រសួង ដើម្បីធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ ថ្លៃ ៣០ដុល្លារ ក្នុង ១ថ្ងៃ សម្រាប់ម្នាក់។ រីឯថ្លៃអាហារបីពេល ថ្លៃ ៣០ដុល្លារ ក្នុង ១ថ្ងៃ សម្រាប់ ម្នាក់។
តារាងតម្លៃនេះ ត្រូវបានធ្វើឡើងសម្រាប់ជនបរទេស។ រីឯជនជាតិខ្មែរយើង ដែលត្រូវធ្វើចត្តាឡីស័ក គឺត្រូវបានរៀបចំដោយឥតគិតថ្លៃ នៅតាមសាលារៀន និងនៅមូលដ្ឋានកងទ័ពអាកាស ជាដើម៕




