(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានប្រកាសនៅព្រឹកថ្ងៃទី២ ខែវិច្ឆិកានេះថា មានស្ត្រីជនជាតិខ្មែរម្នាក់ អាយុ ៣១ ឆ្នាំ មានអាសយដ្ឋានស្នាក់នៅស្រុកចិត្តបុរី ខេត្តក្រចេះ ទើបរកឃើញឆ្លងជំងឺកូវីដ១៩ កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០។ ស្ត្រីរូបនេះ បានធ្វើដំណើរមកពីប្រទេសជប៉ុន ដោយបន្តជើងហោះហើរ នៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជា នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០។ បច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
ក្រសួងសុខាភិបាល បានកត់សម្គាល់ថា តាមជើងហោះហើរខាងលើនេះ មានបុរសជនជាតិប៉ូឡូញម្នាក់ បានធ្វើតេស្តលើកទី១ ពេលមកដល់កម្ពុជានោះ គឺវិជ្ជមានវីរុសកូវីដ១៩ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ រីឯអ្នកដំណើរ ៥២នាក់ ដែលមានលទ្ធផលតេស្តអវិជ្ជមានវីរុស កូវីដ១៩ នៅពេលនោះ ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័ក នៅតាមសណ្ឋាគារ ចំនួន ៣កន្លែង នៅក្នុងរាជធានីភ្នំពេញ ( ចំនួន ២៦នាក់ ) និងនៅមណ្ឌលទ័ពអាកាស ចំនួន ២៦នាក់ ( ដែលនៅក្នុងចំនួននេះ មានស្ត្រី ដែលរកឃើញមានវីរុសកូវីដ១៩ ខាងលើនេះដែរ)។
ដូច្នេះក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកដំណើរ ដែលនៅមណ្ឌលទ័ពអាកាសទាំង ២៥នាក់ ដែលមានហានិភ័យក្នុងការចម្លងបន្តពីស្ត្រីខាងលើនេះ តម្រូវឲ្យនៅបន្តធ្វើចត្តាឡីស័ក ចំនួន ១៤ថ្ងៃ បន្ថែមទៀត ដើម្បីតាមដានសុខភាពជាបន្ត។
ក្រសួងសុខាភិបាល បានប្រកាសថា គិតត្រឹមម៉ោង ៧ព្រឹក ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជា គឺរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ២៩២នាក់ ( ស្ត្រី ៦០នាក់ និងបុរស ២៣២នាក់ )។ ក្នុងនោះ ២៨៣នាក់ ត្រូវបានព្យាបាលជាសះស្បើយ និង ៩នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ( បុរសជនជាតិខ្មែរ ៤នាក់ ស្ត្រីជនជាតិខ្មែរ ២នាក់ បុរសជនជាតិប៉ូឡូញ ម្នាក់ បុរសជនជាតិបារាំង ម្នាក់ និងស្ត្រីជនជាតិបារាំង ម្នាក់ )៕





