(ភ្នំពេញ)៖ នៅព្រឹកព្រលឹមថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានរៀបរាប់តាមហ្វេសប៊ុកនូវដំណើររឿងទាក់ទងនឹងការស្លាប់របស់កូនប្រុសច្បងរបស់សម្តេច «ហ៊ុន កំសត់» នៅក្នុងសម័យខ្មែរក្រហម។
សម្តេចតេជោ ហ៊ុន សែន លើកឡើងថា «ថ្ងៃ១០ វិច្ឆិកា ២០២០ ខាងមុខនេះ ជាខួបលើកទី ៤៤ឆ្នាំ នៃការស្លាប់យ៉ាងវេទនារបស់កូនប្រុសច្បងរបស់ខ្ញុំ (១០ វិច្ឆិកា ១៩៧៦-១០ វិច្ឆិកា ២០២០)។ លើកនេះ ខ្ញុំចង់រៀបរាប់នូវដំណើររឿងទាក់ទងនឹងការស្លាប់របស់កូនខ្ញុំ»។
សម្តេចតេជោ ហ៊ុន សែន បន្តថា «ខ្ញុំ និងភរិយា បានរៀបការនៅថ្ងៃ៥ មករា ១៩៧៦ ពិតមែនតែក្រោយរៀបការប្តីប្រពន្ធយើងមិនបានរស់នៅជាមួយគ្នាដោយសារពួកអង្គការយកភរិយាខ្ញុំទៅលត់ដំឱ្យលើកប្រព័ន្ធភ្លឺស្រែ ប៉ុន្តែខ្ញុំតែងតែខិតខំរកពេលទៅជួបភរិយាខ្ញុំ។ ក្នុងអំឡុងខែកុម្ភៈ ឆ្នាំ១៩៧៦ ភរិយាខ្ញុំចាប់មានផ្ទៃពោះហើយធ្វើឱ្យនាងចាញ់កូនយ៉ាងខ្លាំង។ ទោះមានផ្ទៃពោះ និងចាញ់កូនក៏ភរិយាខ្ញុំនៅតែខិតខំធ្វើការយ៉ាងលំបាកតាមការចាត់តាំងរបស់អង្គការស៊ីអត់ស៊ីឃ្លាន ដូចប្រជាជនកម្ពុជាទូទាំងប្រទេសផ្សេងទៀតដែរ។ ប្តីប្រពន្ធយើង ពិតជាកំសត់ យើងមិនដែលបានរស់នៅជាមួយគ្នាលើសពីមួយសប្តាហ៍ឡើយ ខ្ញុំតែងស្រក់ទឹកភ្នែកអាណិតប្រពន្ធពេលនាងចាញ់កូន និងមានជម្ងឺដោយសារធ្វើការធ្ងន់ហួសកម្លាំង»។
សម្តេចតេជោ បន្តថា «ក្នុងខែតុលា ១៩៧៦ ខ្ញុំបានសុំអង្គការយកភរិយាខ្ញុំ ទៅទីបញ្ជាការកងវរសេនាធំ ដែលបោះទីតាំងនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ (ពេលនោះ គេបង្កើតជាស្រុកត្រមូង) មុនបញ្ជូននាង ទៅកាន់មន្ទីរពេទ្យ។ យុទ្ធមិត្តក្នុងអង្គភាព ក៏ដូចជាប្រជាជននៅភូមិកោះថ្ម និងភូមិក្តុលបានផ្តល់មតិមកខ្ញុំថា ទុកភរិយាខ្ញុំឱ្យឆ្លងទន្លេ នៅក្នុងអង្គភាព ដោយឆ្មបបុរាណ។ ដោយសារការព្រួយបារម្ភអំពីការឆ្លងទន្លេកូនដំបូង ហើយដែលអាចឈានដល់ការវះកាត់ ខ្ញុំ និងភរិយា បានពិភាក្សាគ្នា ហើយសម្រេចថា ត្រូវឆ្លងទន្លេ នៅមន្ទីរពេទ្យ សុវត្ថិភាពជាង»។
សម្តេចតេជោ ហ៊ុន សែន ក៏បានបន្តថា «ចុងខែតុលា ១៩៧៦ ខ្ញុំបានបញ្ជូនភរិយាខ្ញុំ មកកាន់មន្ទីរពេទ្យតំបន់ ដែលមានទីតាំង នៅស្រុកមេមត់ (ពេលនេះ ជាវិទ្យាល័យមេមត់)។ នៅមន្ទីរពេទ្យ មានគ្រូពេទ្យស្ត្រីម្នាក់ ជាពេទ្យឆ្មប ដែលធ្លាប់រៀនពេទ្យជាមួយភរិយាខ្ញុំ ដែលជាពេទ្យឆ្មបដូចគ្នា។ ឯប្រធានមន្ទីរពេទ្យ គឺជាមនុស្សល្អ និងរាប់អានជាមួយខ្ញុំច្រើនឆ្នាំមកហើយ ដែលធ្វើឱ្យខ្ញុំមានការជឿទុកចិត្តទៅលើមន្ទីរពេទ្យនេះ។ ជាអកុសល តាំងពីពេលយកភរិយាចូលមន្ទីរពេទ្យ នាចុងខែតុលា ១៩៧៦ ខ្ញុំពុំដែលបានទៅជួបភរិយាខ្ញុំទេ ដោយសារជាប់កិច្ចការផង និងប្រធានយោធាតំបន់ ដែលមកនៅអង្គភាពខ្ញុំ ខ្វះអាធ្យាស្រ័យផង ដែលមិនអាចសុំច្បាប់ ទៅមើលប្រពន្ធបាន។
ដូចទេវតាបានរៀបចំ នៅល្ងាចថ្ងៃទី៩ ខែវិច្ឆិកា ១៩៧៦ ប្រធានយោធាតំបន់ បានប្រាប់ខ្ញុំថា ព្រឹកស្អែក(១០ វិច្ឆិកា) សែនឯង ត្រូវធ្វើដំណើរជាមួយខ្ញុំ ទៅស្រុកពាមជីលាំង (ស្រុកពាមជីលាំង បានបង្កើតឡើងនៅឆ្នាំ១៩៧៣ ដោយយកឃុំខ្លះនៃស្រុកត្បូងឃ្មុំ និងឃុំខ្លះនៃស្រុកក្រូចឆ្មា)។ ខ្ញុំត្រេកអរខ្លាំងណាស់ ហើយសង្ឃឹមថា និងបានចូលមើលប្រពន្ធ នៅមន្ទីរពេទ្យ ព្រោះផ្លូវធ្វើដំណើរតាមផ្លូវជាតិលេខ៧ ដែលមន្ទីរពេទ្យ នៅជាប់នឹងផ្លូវស្រាប់។ ជាមួយនឹងការរីករាយខ្ញុំ ក៏មានការងឿងឆ្ងល់លើប្រធានយោធាតំបន់រូបនេះ ដោយសារការធ្វើដំណើរ ទៅស្រុកពាមជីលាំង គឺទៅរកនារី ១០០នាក់ ដើម្បីរៀបការឱ្យយុទ្ធជនពិការដែលជាកិច្ចការរបស់ស្នងការនយោបាយ មិនមែនរូបខ្ញុំ ដែលទទួលការងារសេនាធិការនោះឡើយ។
ខ្ញុំបានចោទចេញជាសំនួរ ថាតើគាត់ អាចបោកខ្ញុំ យកទៅចាប់ នៅក្រៅអង្គភាព ឬទេ? ព្រោះវាជារបៀប ដែលពួកនេះ ធ្លាប់បានធ្វើពីមុនមក ក្នុងការចាប់កម្មាភិបាលយុទ្ធជន វាតែងប្រាប់ថា ទៅរៀន ឬទៅបំពេញការងារ ឬបេសកកម្ម នៅក្រៅអង្គភាព។ បញ្ហាសំខាន់ ដែលធ្វើអោយខ្ញុំទទួលបញ្ជាយ៉ាងឆាប់នោះ គឺខ្ញុំចង់ឆ្លៀតចូលមើល រ៉ានី ដែលកំពុងសម្រាកនៅមន្ទីរពេទ្យមេមត់ ព្រោះយើងត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ៧ កាត់តាមមុខមន្ទីរពេទ្យនេះ»។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា «អាស្រ័យដោយនិស្ស័យប្តី និងប្រពន្ធ ឪពុក និងកូន នៅយប់ថ្ងៃ៩ ឈានដល់ព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ១៩៧៦ ខ្ញុំដេកមិនលក់សោះ សម្លេងសត្វមៀម ខ្លែងស្រាក និងសត្វផ្សេងៗទៀត បានយំឭកងរំពងចេញពីដើមជ្រៃដ៏ធំ ដែលនៅឃ្លាតពីផ្ទះខ្ញុំប្រហែល ៣០ម៉ែត្រ ធ្វើអោយខ្ញុំព្រឺក្បាល។ ខ្ញុំមានអារម្មណ៍ថា នឹងមានហេតុការណ៍ មិនល្អ សម្រាប់ខ្ញុំហើយ ព្រោះតាំងពីធំដឹងក្តីមក ខ្ញុំហាក់មានអ្នកតាមថែរក្សា ដែលអាចអោយខ្ញុំដឹងមុននូវហេតុការណ៍ ដែលនឹងកើតនាពេលខាងមុខ ទាំងល្អ ទាំងអាក្រក់ តាមរយៈនៃការយល់សប្តិ ឬតាមរយៈសត្វយំ ឬប្រផ្នូលផ្សេងៗទៀត។ល។ យប់នោះ ខ្ញុំនឹក រ៉ានី ខ្លាំងណាស់ ហើយគិតថា រ៉ានី អាចឆ្លងទន្លេយប់នេះ។ ខ្ញុំដេកមិនលក់សោះ ហើយក្រោយម៉ោង ១២យប់ សត្វមិនគ្រាន់តែនៅដើមជ្រៃប៉ុណ្ណោះទេ ដែលយំ តែនៅដើមឈើក្រៅបន្ទាយ ក៏ស្រែកយំ គួរអោយតក់ស្លុត។ ក្រោយម៉ោង ១២យប់ ជាពេលដែល រ៉ានី ចាប់ផ្តើមឈឺពោះឆ្លងទន្លេ។ ម៉ោងប្រហែល ២រំលងអាធ្រាត ចូលដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ១៩៧៦ ខ្ញុំចេញមកក្រៅផ្ទះ ឃើញភ្លើងហោះចេញពីដើមជ្រៃ ទៅកន្លែងផ្សេង និងពីកន្លែងផ្សេងមកដើមជ្រៃវិញ។ សម្លេងសត្វយំ កាន់តែកងរំពងខ្លាំងឡើង ហាក់ចង់ដាស់តឿនខ្ញុំថា ខ្ញុំនឹងជួបគ្រោះ។ ខ្ញុំព្រឺក្បាល កាន់តែខ្លាំង និងនឹកទៅដល់ភរិយារបស់ខ្ញុំ កាន់តែខ្លាំង។ ខ្ញុំអង្គុយយំម្នាក់ឯង អាណិតខ្លួន អាណិតប្រពន្ធ ដែលខំមកតាមប្តី ក្នុងពេលដែលប្តីមិនអាចការពារ និងថែទាំប្រពន្ធបាន រហូតខ្ញុំគិតថា មិនគួរមានប្រពន្ធ មានកូន ក្នុងពេលដែលប្រទេសជាតិ កំពុងជួបនឹងគ្រោះថ្នាក់បែបនេះទេ។ ខ្ញុំមិនសម្រាកទេ និងបន់អោយតែមេឃឆាប់ភ្លឺ»។
សម្តេចតេជោ បន្តថា «ខ្ញុំបានពិនិត្យសម្ភារៈរបស់ខ្ញុំឡើងវិញ ដែលកាំភ្លើងខ្ញុំ បានបញ្ចូលគ្រាប់កាំភ្លើងខ្លីម៉ាក K54 សម្រាប់ក្រវ៉ាត់ នឹងចង្កេះ និងកាំភ្លើងខ្លីមួយដើមទៀតម៉ាក K59 ដាក់ក្នុងកាបូបស្ពាយរបស់ខ្ញុំ។ កាំភ្លើងទាំង ២ដើម បើកសោរ ត្រៀមប្រយុទ្ធហើយស្រេច ព្រោះបារម្ភប្រធានយោធាតំបន់ បោកខ្ញុំ យកទៅចាប់ ឬសម្លាប់ក្រៅអង្គភាព»។
សម្តេចតេជោ បន្តទៀតថា «ម៉ោងប្រមាណ៥ មិនទាន់ភ្លឺផង ប្រធានយោធាតំបន់ បានជិះម៉ូតូមកដល់ផ្ទះខ្ញុំ ហើយសួរខ្ញុំថា តើរៀបចំខ្លួនហើយឬនៅ យើងចេញដំណើរទាន់ពេលព្រឹក។ ខ្ញុំបានឆ្លើយតបថា រួចហើយបង។ ប្រធានយោធាតំបន់ បានប្រាប់ខ្ញុំថា សែនឯងជាអ្នកជិះម៉ូតូឌុបខ្ញុំ។ ពេលនោះ ខ្ញុំគិតថា ពិតជាមិនស្រួលហើយ ហេតុអីគាត់អោយ ខ្ញុំជិះម៉ូតូឌុបគាត់ទៅវិញ? ឆ្លៀតពេលមិនទាន់ចេញពីផ្ទះ ខ្ញុំបានដើរចូលទៅក្នុងបន្ទប់ដកយកកាំភ្លើងចេញពីស្រោមមកសៀតនឹងចង្កេះឆ្វេងវិញងាយស្រួលប្រើដៃស្តាំដកចេញ ហើយបាញ់តែម្តង។ ពេលជិះម៉ូតូចេញមកតាមផ្លូវខ្ញុំ គិតថា ប្រសិនម្នាក់នេះ ដកកាំភ្លើងភ្ជង់ខ្ញុំពីក្រោយ ខ្ញុំត្រូវផ្តួលម៉ូតូភ្លាម ដើម្បីឱ្យដួលទាំងអស់គ្នា និងដើម្បីកុំអោយគាត់បាញ់ខ្ញុំពីក្រោយបាន។ ខ្ញុំត្រូវជិះម៉ូតូអោយលឿន ព្រោះគាត់ពិតជាមិនហ៊ានបាញ់ទេ នៅពេលម៉ូតូ នៅមានល្បឿនលឿន។ នេះជាការ ដែលខ្ញុំគិត ដើម្បីការពារជីវិត នាពេលនោះ តែរឿងបែបនេះ មិនបានកើតឡើង នាពេលនោះទេ ដូចនេះ បានជាខ្ញុំយកការសន្ឋិដ្ឋានមួយថា មូលហេតុ ដែលគាត់អោយខ្ញុំជិះម៉ូតូឌុបគាត់ អាចបណ្តាលមកពីគាត់ មិនទុកចិត្តខ្ញុំ ខ្លាចខ្ញុំបាញ់គាត់ ពីក្រោយដូច ដែលខ្ញុំគិតទៅលើរូបគាត់ នៅពីក្រោយខ្ញុំដែរ។ ផ្លូវជាតិលេខ៧ ពីឃុំទន្លូង មកមន្ទីរពេទ្យ នៅអនុវិទ្យាល័យមេមត់ ទទួលរងការខូចខាតយ៉ាងខ្លាំង តាំងពីឆ្នាំ១៩៧០-១៩៧១ ពេលដែលកងទ័ពអាមេរិក និងវៀតណាមខាងត្បូង បញ្ជូនរថក្រោះមកបើកបរលើផ្លូវនេះ នៅពេលដែលគេចូលឈ្លានពានកម្ពុជា នាពេលនោះ។ ដូចនេះ ទោះត្រូវជិះលឿន ក្នុងចម្ងាយផ្លូវជាង ៣០គីឡូម៉ែត្រ យើងត្រូវប្រើពេលប្រមាណមួយម៉ោង។ ចេញមកម៉ោងជាង ៥ មកដល់មន្ទីរពេទ្យម៉ោងជាង ៦ព្រឹក។ ពេលដល់មន្ទីរពេទ្យ ខ្ញុំបត់ម៉ូតូចូលមន្ទីរពេទ្យ ប្រធានយោធាតំបន់សួរខ្ញុំថា ចូលមន្ទីរពេទ្យធ្វើអី? ខ្ញុំឆ្លើយថា ចូលមើលប្រពន្ធខ្ញុំបន្តិច ព្រោះគាត់សម្រាកពេទ្យនៅទីនេះ។ គាត់ថា តែបន្តិចទេណា ប្រញាប់ធ្វើដំណើរទាន់ព្រឹក»។
សម្តេចតេជោ បន្តថា «ក្រោយម៉ោង ៦ព្រឹក ភាពតក់ស្លុត បានកើតឡើង សម្រាប់រូបខ្ញុំ គឺនៅពេលដែលខ្ញុំបានចូលដល់មន្ទីរពេទ្យ មានស្ត្រី ដែលសម្រាកព្យាបាលជាមួយភរិយាខ្ញុំ បានស្រែកប្រាប់ខ្ញុំថា ប្អូន ប្រពន្ធ ប្អូន ឆ្លងទន្លេ ឯកូនស្លាប់ហើយ។ ឯបងៗផ្សេងទៀត ស្រែកថា រ៉ានី ឆ្លងទន្លេ ឯកូនស្លាប់ហើយ។ មានបងស្រីម្នាក់ បាននិយាយថា រវល់ទៅណា មិនមកមើលប្រពន្ធ ទុកអោយប្រពន្ធឆ្លងទន្លេតែឯង។ល។
ខ្ញុំពុំឆ្លើយតបជាមួយពួកគាត់ទេ តែប្រឹងរត់សំដៅទៅបន្ទប់សម្រាលកូនដែលបិទទ្វារជិត ខ្ញុំរុញទ្វារបើកឡើង មិនឃើញ រ៉ានី ទេព្រោះ ពេទ្យបានបញ្ជូន រ៉ានី នៅបន្ទប់សម្រាកមួយផ្សេងទៀត។ និស្ស័យឪពុក និងកូន ខ្ញុំ បែរជាសម្លឹងទៅឃើញទារកមួយ ដែលកំពុងហូរឈាមចេញតាមមាត់ មានស្លាកស្នាម និងឆ្អឹងខ្នងប៉ះនឹងជ្រុងគ្រែ បាក់ឆ្អឹងខ្នង និងមានប្រឡាក់ដី។ នោះគឺកូននេះ កើតមក ត្រូវពេទ្យធ្វើអោយរបូតពីដៃធ្លាក់ទៅលើជ្រុងគ្រែ ហើយធ្លាក់ទៅដី ទើបរើសពីដី មកដាក់ចោលលើគ្រែវិញ។ ដោយឃើញ កូននៅហូរឈាម តាមមាត់នៅឡើយ ខ្ញុំប្រឹងស្រែកអោយគេជួយសង្គ្រោះជីវិតកូនខ្ញុំ។ អ្នកជម្ងឺ ជាស្ត្រី ៥នាក់ បានចូលមកជួយមើលដោយក្តីអាណិត បន្តិចក្រោយមកប្រធានមន្ទីរពេទ្យ ក៏បានចូលមកដល់។ គាត់ ក៏ជាមនុស្សល្អម្នាក់ បានសំដែងនូវការសោកស្តាយ និងសុំការអាធ្យាស្រ័យជំនួសគ្រូពេទ្យ ដែលធ្វើការធ្វេសប្រហែស ធ្វើអោយមានរឿងសោកនាដកម្មនេះ កើតឡើង។ ខ្ញុំបានស្នើសុំប្រធានមន្ទីរពេទ្យ អោយជួយរកចបកាប់ ដើម្បីខ្ញុំយកសាកសពកូនខ្ញុំ ទៅកប់ប៉ុន្តែស្រាប់តែប្រធានយោធាតំបន់ស្រែកពីមាត់ទ្វារមកថា មិនបាច់យកខ្មោចកូននេះ ទៅកប់ខ្លួនឯងទេ មានពេទ្យយកទៅកប់ហើយ។ ពេលឃើញ ប្រធានយោធាតំបន់មកដល់ ខ្ញុំក៏បានស្នើសុំទៅគាត់ ដោយពាក្យរាបសារទាំងទឹកភ្នែកថា ខ្ញុំសុំអនុញ្ញាតពីបង ដើម្បីយកសពកូនទៅកប់ និងនៅមើលថែប្រពន្ធខ្ញុំ ដែលទើបឆ្លងទន្លេ។ អាឃោរឃៅមួយនេះ ចាប់ផ្តើមបញ្ចេញនូវសារជាតិរបស់វាមកហើយ វាមិនគ្រាន់តែមិនចូលរួមសោកស្តាយនូវការបាត់បង់ដ៏ធំធេងរបស់ខ្ញុំ តែវាបែរជាយកពេលនេះ មកបំបាក់ស្មារតីខ្ញុំទៀតផង។ ចម្លើយរបស់វាមកកាន់ខ្ញុំដំបូង វានិយាយថា ចរិតពួកអនុធន មិនកែប្រែសោះ កម្មសិទ្ធិ មនោសញ្ចេតនាក្រាស់ មិត្តឯង មិនមែនគ្រូពេទ្យទេ បើមិត្តឯងនៅ ក៏អាកូននេះ មិនរស់ឡើងវិញដែរ។ មានពេទ្យយកខ្មោចកូននេះ ទៅកប់ហើយមិនបាច់កប់ខ្លួនឯងទេ។ ការងារអង្គការសំខាន់ជាងការងារបុគ្គល»។
សម្តេចតេជោ បន្ថែមថា «ឮសំដីបែបនេះ កំហឹងខ្ញុំក្តៅរោលរាលពេញខ្លួន តែការអត់ធ្មត់ គឺជារឿងចាំបាច់ ព្រោះការដឹកនាំការតស៊ូរំដោះប្រទេសពីពួកអង្គការ ទើបអស់មនុស្សបែបតិរច្ឆាននេះ។ មុនវាដើរចេញទៅ វាប្រាប់ខ្ញុំថា ខ្ញុំទៅចាំនៅខាងក្រៅ ១៥នាទី ត្រូវចេញដំណើរ។ ប្រធានមន្ទីរពេទ្យ ដែលនៅទីនោះដែរ សំដែងការហួសចិត្តផង និងភ័យខ្លាចផង ហើយចូលរួមអាណិតអាសូរដល់ខ្ញុំ។ ជាមួយទឹកភ្នែក ដែលស្រក់មកមិនឈប់ ខ្ញុំបានទាញយកក្រម៉ា ពីករខ្ញុំ ដែលសើមដោយទឹកភ្នែករបស់ខ្ញុំ មករុំសពកូនរបស់ខ្ញុំ ហើយស្នើសុំប្រធានមន្ទីរពេទ្យ អោយជួយរកក្រដាស់សរសេរអក្សរថា (កំសត់) ដាក់ក្នុងកូនដប ដើម្បីយកទៅកប់ជាមួយកូនខ្ញុំ។ បំណងរបស់ខ្ញុំ គឺដាក់ឈ្មោះកូននេះ មានឈ្មោះថា “កំសត់” និងងាយចំណាំ ដោយយើងមានអក្សរ នៅក្នុងដបបិទជិត។ ខ្ញុំមិនច្បាស់ថា ប្រធានមន្ទីរពេទ្យ ធ្វើតាមសំណូមពរខ្ញុំ ឬអត់នោះទេ ព្រោះតែប៉ុន្មានខែក្រោយមក គាត់ក៏ត្រូវពួកអង្គការ ចាប់យកទៅសម្លាប់ដែរ។ ដូចនេះហើយ ទើបខ្ញុំមិនដឹងថា សពកូនរបស់ខ្ញុំកប់នៅទីណា ពិតប្រាកដ។ បន្ទាប់ពីរុំសពកូន និងផ្តាំផ្ញើជាមួយប្រធានមន្ទីរពេទ្យរួចហើយ ខ្ញុំប្រញាប់ទៅរក រ៉ានី ដែលកំពុងអាំងភ្លើង នៅបន្ទប់មួយទៀត។ តាមពិត រ៉ានី មិនបានឃើញមុខកូនយ៉ាងណានោះទេ។ យើងជាប្តីប្រពន្ធក្មេងៗ មើលមុខគ្នា យំ ដោយការស្តាយស្រណោះ។ ខ្ញុំមិនមានក្រម៉ាជូតទឹកភ្នែកទៀតទេ ដោយសារក្រម៉ា បានយកទៅរុំសពកូនទៅហើយ មានដៃអាវទាំងសងខាង សម្រាប់ជូតទឹកភ្នែកដ៏ឈឺចាប់នេះ។ រ៉ានី ផ្តល់ក្រម៉ាអោយខ្ញុំ ទាំងខ្លួននាង នៅរងារញ័រញាក់ បន្ទាប់ពីឆ្លងទន្លេ ទើបបានប្រហែលជាងមួយម៉ោង។ សាកសពកូន មិនបានយកទៅកប់ ភរិយាទើបឆ្លងទន្លេ មិនបាននៅមើលថែទាំ តើទំហំនៃការឈឺចាប់ប៉ុណ្ណា? តែខ្ញុំបានយកឈ្នះលើចិត្តខ្លួងឯង ដើម្បីធ្វើការងារធំជាង គឺរំដោះប្រជាជន កម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត»។
សម្តេច បន្ថែមថា «ខ្ញុំបន្តដំណើរជាមួយប្រធានយោធាតំបន់ ទៅឃុំពាមជីលាំង ស្រុកពាមជីលាំង នាពេលនោះ និងជាស្រុកត្បូងឃ្មុំ នាពេលនេះ។ នេះជាការធ្វើដំណើរដោយបង្ខំចិត្ត ក្នុងពេលដែលវិញ្ញាណទាំងអស់ នៅជាមួយភរិយាដ៏កំសត់ និងការសោកស្តាយ ចំពោះកូន ដែលបាត់បង់ជីវិតទៅ។ យើងបានធ្វើដំណើរ និងធ្វើការនៅទីនោះ មួយយប់ និងមួយព្រឹក ពេលរសៀល ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ១៩៧៦ ពួកយើងបានធ្វើដំណើរត្រឡប់មកអង្គភាពវិញ។ ក្នុងពេលធ្វើដំណើរ ខ្ញុំបានឆ្លៀតស្នើសុំប្រធានយោធាតំបន់សាជាថ្មីម្តងទៀត ដើម្បីបាននៅមើលថែទាំភរិយាខ្ញុំ។ ប៉ុន្តែសំណើដដែល ចម្លើយក៏ដដែលដែរ បន្ថែមដោយការអប់រំមកលើខ្ញុំថា ខ្វះចរិតដាច់ខាត ក្រោយពេលមានប្រពន្ធ។ ខ្ញុំខឹងខ្លាំងណាស់ ស្ទើរតែអត់ទ្រាំមិនបាន បំរុងទាញកាំភ្លើងបាញ់អាចង្រៃនេះ នៅម្តុំបុស្តតាកុក ចន្លោះភូមិស្អំ និងភូមិដារ ដែលពេលនោះ មានសុទ្ធតែព្រៃ គ្មានមនុស្ស ស្រែ ចំការ ផ្ទះសម្បែង ដូចពេលនេះទេ។ ប៉ុន្តែខ្ញុំនៅតែអត់ធ្មត់បាន ដើម្បីដឹកនាំការតស៊ូមួយ ដែលខ្លួនបានម្ចាស់ការ រៀបចំកម្លាំងជាបណ្តាញសម្ងាត់មួយចំនួនរួចមកហើយ និងដែលមានមួយចំនួន ត្រូវគេចាប់ខ្លួនរួចទៅហើយ ដូចនេះ ចលនាតស៊ូ ត្រូវតែមានជាបន្ត មិនអាចបាត់បង់ដោយសារកំហឹងរបស់ខ្ញុំ បានឡើយ»។
សម្តេចតេជោ បន្ថែមថា «ម៉ោងប្រហែល ៤ល្ងាច ម៉ូតូមកដល់មុខមន្ទីរពេទ្យ ខ្ញុំឈប់ម៉ូតូដោយមិននិយាយអ្វីទាំងអស់ ព្រោះខ្ញុំជាអ្នកជិះស្រាប់។ ខ្ញុំដើរចូលទៅបន្ទប់ ដែល រ៉ានី សម្រាកពិនិត្យឃើញ រ៉ានី ហើមមុខ ហើមខ្លួន បន្ទាប់ពីឆ្លងទន្លេបានប្រហែល ៣៥ម៉ោង។ ដោយសារ រ៉ានី ជាគ្រូពេទ្យឆ្មបស្រាប់ នាងបានប្រាប់ខ្ញុំថា អាចមកពីពេទ្យកាយទម្លាក់សុកមិនអស់។ ពួកយើងបាន ត្រឹមទឹកភ្នែក តែ រ៉ានី ហាក់រឹងប៉ឹងជាងខ្ញុំ និងយល់ពីការងារដែលខ្ញុំត្រូវធ្វើ ទោះខ្ញុំមិនដែលប្រាប់នាងក៏ដោយ។ ខ្ញុំចាកចេញទាំងទឹកភ្នែក ដោយការអាណិតភរិយា និងពុំបានទៅសួរប្រធានមន្ទីរពេទ្យអំពីទីកន្លែង ដែលកប់សាកសពកូនខ្ញុំដែរ។ មកដល់អង្គភាព ខ្ញុំបានយករឿងនេះ ទៅជម្រាបប្រធាននយោបាយអង្គភាព ដែលគាត់ជាមនុស្សចិត្តបុណ្យម្នាក់ និងមានអាយុប្រហែលឪពុកខ្ញុំ។ គាត់បានអនុញ្ញាត អោយយក រ៉ានី ទៅព្យាបាលនៅអង្គភាព។ គាត់បានសំដែងនូវការហួសចិត្តចំពោះទង្វើប្រធានយោធាតំបន់មកលើខ្ញុំ ហើយប្រាប់ខ្ញុំថា ម្នាក់នេះ ជាអតីតចោរលួចគោអ្នកស្រុក ទៅលក់ អោយវៀតកុង នៅតាមព្រំដែនកម្ពុជា-វៀតណាម។ ដល់ប៉ូលិសតាមរកចាប់ ក៏រត់ចូលព្រៃតស៊ូជាមួយខ្មែរក្រហម ក្នុងអំឡុងឆ្នាំ១៩៦៨ ទើបគេក្លាយជាអ្នកមានអំណាចដ៏អស្ចារ្យ ក្នុងរបបខ្មែរក្រហម។ ប្រហែលដោយសារប្រធាននយោបាយអង្គភាព បានប្រាប់ទៅគាត់ថា ខ្ញុំអន់ចិត្ត និងដោយសារយុទ្ធជន ក្នុងអង្គភាពនេះ ស្ថិតក្រោមបញ្ជាខ្ញុំ ទើបធ្វើអោយប្រធានយោធាតំបន់រូបនេះ ចាកចេញពីអង្គភាព តាំងពីព្រលប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ១៩៧៦ ទៅរស់នៅទីបញ្ជាការយោធាតំបន់ នៅចំការដូង ស្រុកមេមត់ ដែលទើបកសាងរួច។ មុនពេលភ្លឺ ព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ១៩៧៦ ខ្ញុំប្រញាប់ចេញទៅមន្ទីរពេទ្យ ដើម្បីដឹកយក រ៉ានី មកអង្គភាពរបស់ខ្ញុំ ដែលបោះទីតាំង នៅភូមិកោះថ្ម ឃុំទន្លូង។ ពេលមកដល់ក្រឡេកឃើញយុទ្ធមិត្តខ្ញុំ បានជួយរៀបចំបន្ទប់ជញ្ជាំងភ្ជល់អោយខ្ញុំ។ ពួកគេបានដឹងពីរឿងកូនខ្ញុំស្លាប់ និងភរិយាខ្ញុំឈឺ ពួកគេបានចូលរួមសោកស្តាយ និងការលំបាកជាមួយប្តីប្រពន្ធរបស់ពួកយើង។ ជាសំណាង ល្អដែលខ្ញុំបានយក រ៉ានី មកអោយឆ្មបបុរាណ កាយទម្លាក់សុកទាន់ពេល បើពុំនោះទេ នឹងទៅជាក្រឡាភ្លើង និងឈានទៅគ្រោះថ្នាក់ដល់ជិវិតជាមិនខានឡើយ។ ខ្ញុំបានបំពេញភារកិច្ចជាស្វាមីពិតប្រាកដ សម្រាប់ភរិយាមួយរូប ដែលបានលះបង់គ្រប់យ៉ាង ដើម្បីរូបខ្ញុំ ដែលជាជនពិការម្នាក់។ ខ្ញុំរកបានអុសល្អៗ ដើម្បីដុតកំដៅ ដែលជំនាន់ដើម ហៅថា (អាំងភ្លើង) ក្រោយឆ្លងទន្លេរួច។ ឆ្នាំ១៩៧៦ ត្រូវនឹងឆ្នាំដែលមានធាតុអាកាសត្រជាក់ណាស់។ រ៉ានី មិនចេះផឹកស្រា ដែលខ្ញុំបានផ្សំទុកជាមួយសត្វអាញី និងទឹកឃ្មុំ។ ដូចនេះខ្ញុំត្រូវរកវិធីផ្សំថ្នាំតាមចាស់ៗនិយាយប្រាប់។ ខ្ញុំក្លាយជាអ្នកចេះផ្សំថ្នាំដើម្បីសុខភាពភរិយា។ សក់ក្បាលរបស់ខ្ញុំសំបូរដោយផេះ ព្រោះត្រូវផ្លុំភ្លើងដាំថ្នាំដាំបាយបំរើភរិយា។ រៀងរាល់ព្រឹក ក្នុងចន្លោះម៉ោង៤ ដល់ម៉ោងជាង៥ ខ្ញុំត្រូវក្រោកពីព្រលឹម ដើម្បីលាបពន្លៃ ត្រាំស្រា និងដុតភ្លើងឱ្យប្រពន្ធ»។
សម្តេចតេជោ ហ៊ុន សែន បន្ថែមទៀតថា «ខ្ញុំបំរើ រ៉ានី ដូចបំរើម្តាយចាស់ប្រហែលជាងកន្លះខែ ទើបរឹងដៃរឹងជើង តែខ្ញុំនៅតែចាត់ទុកថា ភរិយាខ្ញុំនៅសសៃខ្ចីនៅឡើយ។ ដូចនេះបានជាខ្ញុំ មិនបណ្តោយអោយនាងធ្វើអ្វី ហើយខ្ញុំក៏មិនទៅណាឆ្ងាយចោលនាងដែរ។ ទោះបីជួបការលំបាក តែនេះជាលើកដំបូងហើយ ដែលខ្ញុំបានរស់នៅជាមួយគ្នាលើសមួយសប្តាហ៍ បន្ទាប់ពីរៀបការហើយ។ ប្តីប្រពន្ធយើង បានរស់នៅជាមួយគ្នា ដោយមិនសូវមានការរំខានពីពួកអង្គការ ដូចពេលមុនឡើយ។
នេះជាការឈឺចាប់ ដែលមិនអាចបំភ្លេចបាន ចំពោះរឿងរ៉ាវ ដែលកូនប្រុសច្បង បានស្លាប់ តែការឈឺចាប់នោះហើយ ដែលបានជួយលើកទឹកចិត្តខ្ញុំ ឱ្យងើបឈរឡើង ដើម្បីសង្គ្រោះជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត កាលពីខែមករា ឆ្នាំ១៩៧៩»៕




