(ថៃ)៖ឯកឧត្តមឧត្តមសេនីយ៍ឯក Vichit Yathip ប្រធានសមាគមមិត្តភាពថៃ-កម្ពុជា និងជាប្រធានគម្រោងព្រះរាជឧបត្ថម្ភដល់ព្រះរាជាណាចក្រកម្ពុជាលើវិស័យអប់រំរបស់ព្រះអង្គម្ចាស់ក្សត្រីយ៍ មហាចក្រី សិរិនថន កាលពីព្រឹកថ្ងៃពុធទី២១ ខែតុលា ឆ្នាំ២០២០ បាននាំយកអំណោយជាឱសថ និងថវិកា មកប្រគល់ជូនស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ ដើម្បីប្រើប្រាស់ក្នុងកម្មវិធីសប្បុរធម៌នានា។
នៅក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក Vichit Yathip បានជម្រាបជូន ឯកឧត្តម អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជា ពីកិច្ចប្រឹងប្រែងរបស់សមាគមមិត្តភាពថៃ-កម្ពុជា ក្នុងការកៀងគរថវិកាពីវិស័យឯកជនថៃ ដើម្បីជួយដល់ប្រជាជនកម្ពុជាដែលកំពុងរងគ្រោះដោយសារទឹកជំនន់នៅកម្ពុជា ការស្វែងរកអាហារូបករណ៍ជូននិស្សិតខ្មែរ ក្រោមគម្រោងព្រះរាជឧបត្ថម្ភដល់ព្រះរាជាណាចក្រកម្ពុជាលើវិស័យអប់រំរបស់ ព្រះអង្គម្ចាស់ក្សត្រីយ៍ មហាចក្រី សិរិនថន និងការសម្របសម្រួលនាំយកនិស្សិតអាហារូបករណ៍មួយចំនួន ដែលជាប់គាំងដោយសារស្ថានការណ៍ជំងឺកូវីត១៩ ត្រលប់មកបន្តការសិក្សានៅក្នុងប្រទេសថៃវិញ។
ជាការឆ្លើយតប ឯកឧត្តម អ៊ូក សោភ័ណ បានថ្លែងអំណរគុណគណៈប្រតិភូសមាគមមិត្តភាពថៃ-កម្ពុជា ដែលបាននាំយកនូវអំណោយសប្បុរសធម៌ និងថវិកា មកប្រគល់ជូនស្ថានទូត ដើម្បីចូលរួមសម្រាលទុក្ខលំបាករបស់រាជរដ្ឋាភិបាលកម្ពុជា។ ទន្ទឹមនេះ ឯកឧត្តមឯកអគ្គរាជទូតកម្ពុជា ក៏បានលើកឡើងពីទំនាក់ទំនងវប្បធម៌ ប្រពៃណី និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសកម្ពុជា-ថៃ និងជានិច្ចជាកាលតែងយកចិត្តទុកដាក់ជួយគ្នាទៅវិញទៅមកក្នុងគ្រាមានទុក្ខលំបាក។
ឯកឧត្តម អ៊ូក សោភ័ណ នឹងនាំយកអំណោយដ៏ថ្លៃថ្លាទាំងនេះ ទៅប្រគល់ជូនក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីចែកជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង៕




