(អន្តរជាតិ)៖ យ៉ាងហោចណាស់មនុស្ស៣នាក់បានស្លាប់ និង២៨ នាក់រងរបួស បន្ទាប់ពីមានហេតុការណ៍ផ្ទុះហ្គាសដ៏ធំសម្បើមមួយបានកើតឡើងនៅក្នុងខេត្ត Samut Prakan ភាគខាងត្បូងប្រទេសថៃ។ នេះបើយោងតាមការចុះផ្សាយរបស់ CNA នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០។
ហេតុការណ៍ផ្ទុះហ្គាសនេះបានកើតឡើងកាលពីល្ងាចថ្ងៃទី២២ ខែតុលា ដោយនៅមជ្ឈមណ្ឌលឧស្សាហកម្ម Asia Industrial Estate Suvarnabhumi បានធ្លាយចេញពីទុយោដ៏ធំមួយរបស់ក្រុមហ៊ុន PTT និងក្រោយមកក៏បង្កឲ្យមានភ្លើងឆេះរាលដាលទៅដល់កន្លែងផ្ទុកហ្គាសសំខាន់ៗទើបមានហេតុការណ៍ផ្ទុះដ៏ធំសម្បើមនេះតែម្តង។
ភ្លាមៗនៅក្រោយពេលកើតហេតុអាជ្ញាធរប្រចាំនៅតំបន់កើតហេតុខាងលើបានរកឃើញពលរដ្ឋចំនួន ៣ នាក់ដែលរស់ក្បែរតំបន់កើតហេតុនោះបានស្លាប់បាត់បង់ជីវិត និងមនុស្ស២៨នាក់ផ្សេងទៀតបានរងរបួសធ្ងន់និងស្រាល៕




