(អន្តរជាតិ)៖ សារព័ត៌មាន BBC បានដកស្រង់សំដីប្រភពពីវិមាន Kensington បានឱ្យដឹងថា ព្រះអង្គម្ចាស់វីលៀម បានឆ្លងជំងឺ COVID-19 កាលពីខែមេសា ក្នុងពេលស្រដៀងគ្នានឹងព្រះវរបិតារបស់ទ្រង់ គឺព្រះអង្គម្ចាស់ឆាលស៍។ នេះបើយោងតាមការចុះផ្សាយរបស់ CGTN នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០។
ព្រះអង្គម្ចាស់វីលៀម បានបង្ហើបថាទ្រង់ទុករឿងនេះជាអាថ៌កំបាំង ពីព្រោះព្រះអង្គមិនចង់ធ្វើឱ្យមានការភ្ញាក់ផ្អើលដល់ប្រទេស ទ្រង់ត្រូវបានព្យាបាលដោយវេជ្ជបណ្ឌិតនៅវិមាន ហើយធ្វើតាមការណែនាំរបស់រដ្ឋាភិបាល ដោយដាក់ឱ្យនៅដាច់ដោយឡែកពីគេ នៅឯផ្ទះគ្រួសារ Anmer Hall ក្នុងតំបន់ Norfolk ។
ទូរទស្សន៍ BBC ក៏បានបញ្ជាក់ពីរបាយការណ៍នេះកាលពីល្ងាចថ្ងៃអាទិត្យ ដែលចេញដោយវិមាន Kensington ប៉ុន្តែការិយាល័យរបស់ ព្រះអង្គម្ចាស់វីលៀម បានបដិសេធមិនធ្វើអត្ថាធិប្បាយជាផ្លូវការទេ។ ចំណែកខាងព្រះបរមរាជវាំង ក៏មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានដែរកាលពីល្ងាចថ្ងៃអាទិត្យ៕




