(សហរដ្ឋអាមេរិក)៖ ការបោះឆ្នោតប្រធានាធិបតីអាមេរិកអាណត្តិថ្មី បានចាប់ផ្តើមដោយ បេក្ខប្រធានាធិបតីគឺមានពីររូប គឺលោក ដូណាល់ ត្រាំ មកពីគណបក្សសាធារណរដ្ឋ និងលោក ចូ បៃដិន មកពីគណបក្សប្រជាធិបតេយ្យ។ នេះបើយោងតាមការចុះផ្សាយរបស់ CGTN នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០។
នៅក្នុងសហរដ្ឋអាមេរិក ដោយសាររដ្ឋនីមួយៗមានល្វែងម៉ោងខុសៗគ្នា ដូច្នេះពេលវេលាបើកការិយាល័យបោះឆ្នោតក៏ខុសគ្នាដែរដោយទីក្រុង Dixville Notch និងទីក្រុង Millsfiield ដែលជាទីក្រុងតូចចំនួន ២ នៅភាគឦសាននៃរដ្ឋ New Hampshire ជាទីតាំងដែលដំណើរការបោះឆ្នោតមុនគេ។
យោងតាមការចុះផ្សាយនូវដំណឹងចុងក្រោយនេះថា ជនជាតិអាមេរិកជាង ៩៨ លាននាក់បានបោះឆ្នោតរួចហើយ ទាំងតាមការបោះឆ្នោតតាមប្រៃសណីយ៍ និងការបោះឆ្នោតនៅឯការិយាល័យដោយផ្ទាល់។
ចំនួននៃពលរដ្ឋទៅបោះឆ្នោតមុនថ្ងៃកំណត់ដ៏សន្ធឹកសន្ធាប់នេះ ដោយសារតែមានការព្រួយបារម្ភនៃការឆ្លងកូវីដ-១៩ ដែលកាលពីសប្តាហ៍មុនសហរដ្ឋអាមេរិករកឃើញករណីឆ្លងថ្មីរហូតដល់ទៅ១០ម៉ឺននាក់ក្នុងរយៈពេល២៤ម៉ោង៕




