(សហរដ្ឋអាមេរិក)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថាលោកជឿជាក់ឱកាសក្នុងការឈ្នះឆ្នោត ស្របពេលដែលការបោះឆ្នោតទើបតែចាប់ផ្តើម នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ លោកបានបង្ហាញក្ដីសង្ឃឹមដែរថាលោកនឹងទទួលបានជ័យជម្នះក្នុងរដ្ឋសំខាន់ៗដូចជារដ្ឋ Florida និង Arizona។ នេះបើយោងតាមការចុះផ្សាយរបស់ CNA នៅយប់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០។
លោក ដូណាល់ ត្រាំ ធ្វើការកត់សម្គាល់បែបនេះ ក្នុងបទសម្ភាសន៍តាមទូរស័ព្ទជាមួយទូរទស្សន៍ Fox News។ លោក ត្រាំ បាននិយាយថាលោករំពឹងថានឹងទទួលបានជ័យជំនះនៅក្នុងរដ្ឋសំខាន់ៗទាំងអស់ ប៉ុន្តែលោកថានឹងមិន «លេងល្បែង» ដោយប្រកាសអំពីជ័យជម្នះរបស់លោកឆាប់ពេកនោះទេ។
នៅក្នុងកិច្ចសម្ភាសន៍ លោក ដូណាល់ ត្រាំ បានបង្ហាញក្ដីសង្ឃឹមដែរថាលោកនឹងទទួលបានជ័យជម្នះក្នុងរដ្ឋ Swing state ដូចជា Texas, Florida, Arizona, North Carolina និងរដ្ឋ Pennsylvania ជាដើម។
លោកក៏បាននិយាយអំពីការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតចុងក្រោយរបស់គាត់ថា «វាជារឿងដ៏អស្ចារ្យមួយដែលមិនគួរឱ្យជឿក្នុងរយៈពេលបីសប្តាហ៍» ដោយលោកថាជារឿងគួរឱ្យ «រំជួលចិត្ត» ដោយដឹងច្បាស់ថាវាអាចជាយុទ្ធនាការឃោសនាបោះឆ្នោតចុងក្រោយរបស់លោកក្នុងនាមជាបេក្ខជនប្រធានាធិបតី៕



