(អន្តរជាតិ)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុង អ៊ុន បានចូលរួមគោរពវិញ្ញាណក្ខន្ធកងទ័ពស្ម័គ្រចិត្តប្រជាជនចិន ក្នុងឱកាសរំលឹកខួប ៧០ ឆ្នាំនៃការដែលកងទ័ពស្ម័គ្រចិត្តប្រជាជនចិនចេញទៅជួយកូរ៉េខាងជើងប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់អាមេរិក នេះបើយោងតាមការចុះផ្សាយរបស់ CGTN នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០។
ទីភ្នាក់ងារសារព័ត៌មានកូរ៉េ (KCNA) បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថាលោកគីម រួមជាមួយមន្រ្តីកូរ៉េខាងជើង បានទៅគោរពវិញ្ញាណក្ខន្ធ នៅប៉មមួយកន្លែងស្ថិតនៅខេត្តPyonganខាងត្បូង។
លោក គីម ជុង អ៊ុន បាននិយាយថាទោះបីជាវាកន្លងផុតទៅ ៧០ឆ្នាំ ប្រជាជនកូរ៉េខាងជើងនៅតែចងចាំ ភាពជាវីរៈបុរសរបស់កងទ័ពស្ម័គ្រចិត្តប្រជាជនចិន ក្នុងការប្រឆាំងនឹងការឈ្លានពានរបស់សហរដ្ឋអាមេរិកនិងគាំទ្រកូរ៉េខាងជើងដោយមិនគិតពីខ្លួនឯង។ មេដឹកនាំកូរ៉េខាងជើងរូបនេះបាននិយាយថាមិនថាពេលវេលាកន្លងផុតទៅ ទំនាក់ទំនងរវាងយោធានិងប្រជាជនប្រទេសទាំងពីរ នៅតែមិនផ្លាស់ប្តូរ។
ជាមួយគ្នានេះផងដែរកាលពីថ្ងៃពុធ លោកគីម ក៏បានទៅទស្សនាអគារមិត្តភាពនៅទីក្រុងព្យុងយ៉ាង ដែលអគារមិត្តភាពបានកសាងនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ១៩៥៩ ដើម្បីរំលឹកដល់ការលះបង់របស់ កងទ័ពស្ម័គ្រចិត្តប្រជាជនចិន ក្នុងសង្គ្រាម៕




