(អន្តរជាតិ)៖ អាជ្ញាធរសុខាភិបាលរបស់ប្រេស៊ីលបានប្រកាសថា អ្នកស្ម័គ្រចិត្តចូលរួមក្នុងការសាកល្បងធ្វើតេស្ត វ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណា ដែលអភិវឌ្ឍឡើងដោយសាកលវិទ្យាល័យអុកស្វឺដ (Oxford) និងក្រុមហ៊ុន អាស្ត្រាហ្សេណេកា (AstraZeneca) នៃចក្រភពអង់គ្លេស បានបាត់បង់ជីវិតនៅប្រេស៊ីល។ អ្នកស្ម័គ្រចិត្តរូបនោះមិនត្រូវបានគេបង្ហាញឈ្មោះនោះទេ ប៉ុន្តែត្រូវបានបង្ហើបថាជាគ្រូពេទ្យ ឬសិស្សពេទ្យ ដែលមានអាយុ ២៨ឆ្នាំ។
គេនៅមិនទាន់ដឹងថា តើបុរសនោះបានទទួលយកវ៉ាក់សាំងរបស់ AstraZeneca ឬជាផ្នែកមួយនៃក្រុមអ្នកប្រើថ្នាំ placebo នោះទេ។ ទីភ្នាក់ងារឃ្លាំមើលសុខភាពជាតិរបស់ប្រេស៊ីល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទិន្នន័យគ្លីនិកត្រូវបានរក្សាសម្ងាត់ ដើម្បីការពារអ្នកចូលរួម និងភាពសុចរិតនៃការសិក្សា ហើយការសិក្សាសាកល្បងវ៉ាក់សាំងនេះ ក៏ទំនងនឹងនៅតែបន្ដផងដែរ។
ជម្រាបដែរថាក្រុមហ៊ុនឱសថអង់គ្លេស-ស៊ុយអ៊ែត AstraZeneca កំពុងធ្វើការសាកល្បងដំណាក់កាលទី៣ នៃវ៉ាក់សាំងបង្ការ COVID-19 របស់ខ្លួន ក្នុងភាពជាដៃគូជាមួយសាកលវិទ្យាល័យ Oxford ។ ការសិក្សានេះបានធ្វើឡើងនៅក្នុងប្រទេសប្រេស៊ីល អង់គ្លេស ឥណ្ឌា និងអាហ្វ្រិកខាងត្បូង។ នៅក្នុងខែកញ្ញា ការសិក្សានៅចក្រភពអង់គ្លេសត្រូវបានផ្អាក ដោយសារមានអ្នកចូលរួមម្នាក់បានធ្វើទុក្ខដោយសារវ៉ាក់សាំងផងដែរ៕




