(ខេត្តបន្ទាយមានជ័យ)៖ នាម៉ោងជាង ៧ព្រឹកថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២០ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋ ១ម៉ឺនគ្រួសារ ដែលរងគ្រោះដោយសារទឹកជំនន់ នៅស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។
ក្នុងពិធីនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា នាពេលនេះ រថយន្តយោធា ២៩០គ្រឿង ដែលកម្ពុជា ទើបទិញពីចិន កំពុងបញ្ចេញមហិទ្ធិឫទ្ធិ ដោយក្លាយជាមធ្យោបាយ សម្រាប់សង្គ្រោះប្រជាពលរដ្ឋ ដោយគ្រោះទឹកជំនន់។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា «វត្តមានកងទ័ព ជាមួយនឹងមធ្យោបាយដឹកជញ្ជូន ក៏បានបញ្ជាក់បង្ហាញអំពីអ្វីដែលហៅថា រថយន្ត ២៩០គ្រឿង ដែលបានក្លាយជាប្រធានបទនៃការវាយប្រហារក្នុងរយៈពេលកន្លងមក ឥឡូវសកម្មភាពនៃរថយន្តទាំងនោះ កំពុងបញ្ចេញមហិទ្ធឫទ្ធិ ពន្យល់ទៅអ្នកដែលមិនយល់ ពីមុនថា ទិញរថយន្ត មកធ្វើអី? ដើម្បីដឹកទ័ព សម្លាប់ប្រជាជនឬម៉េច? ប៉ុន្តែទីចុងបំផុត អ្វីៗ ដែលជាមធ្យោបាយបំពាក់ឲ្យកងទ័ព ក្លាយទៅជាមធ្យោបាយសម្រាប់សង្គ្រោះប្រជាពលរដ្ឋ។ នេះហើយ ដែលចង់បញ្ជាក់ថា យើងយកទង្វើជាក់ស្តែង ដើម្បីឆ្លើយតបជាមួយនឹងការចោទប្រកាន់ថា ទិញរថយន្ត ដើម្បីយកមកដឹកកងទ័ពទៅបង្ក្រាបប្រជាពលរដ្ឋ។ ក៏ប៉ុន្តែប្រជាពលរដ្ឋរបស់យើង ទទួលបាននូវការសង្គ្រោះពីសំណាក់កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់។ កងកម្លាំងប្រដាប់អាវុធ រួមមាន កងទ័ព អាវុធហត្ថ មាននគរបាល បូកទាំងកម្លាំងផ្សេងៗទៀត»៕




