(បន្ទាយមានជ័យ)៖ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ ឯកឧត្តមសាស្រ្តចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ដឹកនាំក្រុមការងារ ដែលមានវត្តមានលោកជំទាវវេជ្ជបណ្ឌិត លី អាយឡែន តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា លោកជំទាវរដ្ឋលេខាធិការពីរនាក់ និងមន្ត្រីសុខាភិបាលមួយចំនួនទៀត បានធ្វើដំណើរចុះទៅពិនិត្យស្ថានភាពទឹកជំនន់ជន់លិចមន្ទីរពេទ្យថ្មពួក និងមូលដ្ឋានសុខាភិបាលមួយចំនួន នៅក្នុងខេត្តបន្ទាយមានជ័យ។
របាយការណ៍ពីលោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យបានឲ្យក្រុមការងារដឹងថា នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ វេលាម៉ោងប្រហែល ១៩:២១ នាទី មានទឹកហូរធ្លាក់យ៉ាងគំហុកលិចពីប្រទេសថៃ ជន់លិចឃុំមួយចំនួនរបស់ស្រុកថ្មពួក ក្នុងនោះបានធ្វើឲ្យមានការជន់ទឹកលិចមន្ទីរពេទ្យបង្អែកថ្មពួក ស្រុកប្រតិបត្តិថ្មពួក និងមណ្ឌលសុខភាពគំរូ ដែលទីតាំងទាំងបីនេះ ស្ថិតក្នុងមន្ទីរពេទ្យបង្អែកថ្មពួក ដោយមានកំពស់ទឹកជន់លិច ប្រហែល១ម៉ែត្រ ហើយកន្លែងខ្លះអាចលើសពីនេះ។
ចំពោះអ្នកជម្ងឺចំនួន១៣នាក់ ដែលកំពុងព្យាបាល ត្រូវបានជួយសង្រ្គោះជម្លៀសដឹកចេញទៅកាន់មន្ទីរពេទ្យបង្អែកស្វាយចេកបានទាន់ពេលវេលា ហើយករណីជំងឺធ្ងន់០១នាក់ ក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្តមង្គលបូរី រីឯអ្នកជម្ងឺផ្សេងទៀតចំនួន ២៧នាក់ ដែលមានសភាពធូរស្បើយខ្លះបានសុំចេញទៅផ្ទះ ខ្លះទៀតត្រូវបាននាំយកចេញទៅសម្រាកនៅផ្ទះបងប្អូននៅជិតមន្ទីរពេទ្យដែលមិនលិចទឹក។
រីឯសម្ភារៈបរិក្ខាពេទ្យសំខាន់ៗ ដូចជា ម៉ាស៊ីនអេកូសាស្រ្ត ឱសថ និងបរិក្ខាពេទ្យសំខាន់ៗមួយចំនួន ត្រូវបានកម្លាំងកងទ័ពជួយអន្តាគមន៍លីសែងដាក់លើទូក យកមកលើគោក។ ចំពោះអគ្គិសនី ត្រូវបានបិទទាំងស្រុង ហើយស្ថានភាពជាក់ស្តែង តាមការពិនិត្យជាបឋម ទំហំនៃការខូចខាតមន្ទីរពេទ្យបង្អែកថ្មពួកនេះ គឺអាចលើសពី ៧០%។ រីឯបុគ្គលិក និងក្រុមគ្រូពេទ្យមួយចំនួនធំដែលបម្រើការនៅក្នុងមន្ទីរពេទ្យបង្អែកថ្មពូក ក៏ត្រូវរងនូវទឹកជន់លិចលង់ផ្ទះសម្បែងរបស់ពួកគាត់ដែរ។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន ឯ.ឧ. សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានសំដែងនូវការសោកស្តាយចំពោះគ្រោះទឹកជំនន់នេះ ហើយបានណែនាំមន្ទីរសុខាភិបាលខេត្ត ចាត់ចែងបន្តឲ្យមានក្រុមគ្រូពេទ្យចល័ត និងប្រចាំការបន្តការយកចិត្តទុកដាក់ផ្តល់សេវាសុខភាពជូនបងប្អូនប្រជាពលរដ្ឋ និងណែនាំឲ្យរៀបចំផែនការសម្រាប់រៀបចំឡើងវិញនូវការខូចខាតទាំងប៉ុន្មាន ក្រោយពេលទឹកស្រកទៅវិញ ព្រមទាំងអំពាវនាវឲ្យបងប្អូនប្រជាលរដ្ឋ មានការប្រុងប្រយ័ត្ន រក្សាអនាម័យដៃ និងខ្លួនប្រាណឲ្យបានជាប់ជាប្រចាំ អនាម័យចំណីអាហារ ពិសេសត្រូវប្រើប្រាស់ទឹកស្អាត ពិសារទឹកដាំពុះ ដើម្បីចៀសវាងជំងឺរាករូស រាកមួយ ឫពុលចំណីអាហារ ប្រយ័ត្នពស់ចឹក និងសត្វអសិរពិសទិចឫខាំ ការពារកូនចៅក្រែងលង់ទឹក និងការពារជំងឺឆ្លង ដូចជាគ្រុនផ្តាសាយធំ គ្រុនឈីក គ្រុនឈាម គ្រុនចាញ់ ជំងឺរលាកផ្លូវដង្ហើម ជំងឺកូវីដ-១៩ ជំងឺរលាកបំពង់ក កមរមាស់ជាដើម។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីក៏បានចែកមុងនៅទីទួលសុវត្ថិភាព នៅស្រុកមង្គលបូរីចំនួន ២០០គ្រួសារផងដែរ៕




