(ភ្នំពេញ)៖ ក្រសួងសុខាភិបាល កំពុងស្រាវជ្រាវករណីឡានក្រុងស្លាកលេខរដ្ឋមួយគ្រឿង ដែលដឹកអ្នកដំណើរបរទេសពីព្រលានយន្តហោះទម្លាក់តាមផ្លូវ ដោយពុំទាន់ដឹងលទ្ធផលតេស្តមេរោគកូវីដ១៩។
លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ក្នុងបណ្តាញសង្គម Telegram នៅថ្ងៃទី១៨ ខែតុលានេះថា៖
«ខ្ញុំបានឃើញហើយ បានចាត់ជំនាញពិនិត្យនិងស្រាវជ្រាវករណីនេះហើយ។ អរគុណ»។
ការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់ក្រសួង បានធ្វើឡើងបន្ទាប់ពីទទួលបានព័ត៌មានឡានក្រុងស្លាកលេខរដ្ឋមួយគ្រឿង ដែលដឹកអ្នកដំណើរចេញពីព្រលានយន្តហោះ យកទៅដាក់នៅសណ្ឋាគារ ដើម្បីរង់ចាំលទ្ធផលធ្វើតេស្តរកមេរោគកូវីដ១៩ ២៤ម៉ោងនោះ បានលួចទម្លាក់អ្នកដំណើរបរទេសនៅតាមផ្លូវ ដោយមិនទាន់ដឹងពីលទ្ធផលនៅឡើយ។
បើតាមរូបភាពដែលបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក ឡានក្រុងមួយនេះ ត្រូវបានគេថតផ្លាកលេខបាន គឺរដ្ឋ 3-0215៕




