(អន្តរជាតិ)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានស្រក់ទឹកភ្នែក ក្នុងពេលថ្លែងសុន្ទរកថានៅឯពិធីព្យុហយាត្រាយោធា កាលពីចុងសប្តាហ៍កន្លងទៅនេះ ដោយលោកបានថ្លែងអំណរគុណដល់កងទ័ពចំពោះការលះបង់ និងបានសុំអភ័យទោសដល់ប្រជាពលរដ្ឋ ចំពោះការដែលមិនបានធ្វើឲ្យជីវភាពរបស់ពួកគេប្រសើរឡើង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានរ៉យទ័រចុះផ្សាយថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០។
នៅក្នុងខ្សែវីដេអូដែលត្រូវបានចេញផ្សាយដោយស្ថានីយ៍ទូរទស្សន៍រដ្ឋ មេដឹកនាំកូរ៉េខាងជើងរូបនេះ បានស្រក់ទឹកភ្នែក ថ្លែងអំណរគុណដល់កងទ័ពរាប់ពាន់នាក់ដែលបានប្រមូលផ្តុំគ្នាឆ្លើយតបទៅនឹងគ្រោះធម្មជាតិ ដែលបានបំផ្លាញនាពេលថ្មីៗនេះ និងសម្រាប់ការជួយចូលរួមទប់ស្កាត់ការរាតត្បាតជំងឺ COVID-19។
លោក គីម បានលើកឡើងថា COVID-19 ក៏ដូចជាការដាក់ទណ្ឌកម្មអន្តរជាតិ គ្រោះធម្មជាតិ សុទ្ធជាឧបសគ្គដែលរារាំងរដ្ឋាភិបាលមិនឲ្យធ្វើតាមការសន្យា ដើម្បីធ្វើឱ្យប្រសើរឡើងនូវការរស់នៅរបស់ពលរដ្ឋកូរ៉េខាងជើង។
លោកបានមានប្រសាសន៍ថា «ការខិតខំប្រឹងប្រែង និងភាពស្មោះត្រង់របស់ខ្ញុំមិនគ្រប់គ្រាន់ដើម្បីកំចាត់ទុក្ខលំបាករបស់ប្រជាជន។ ទោះយ៉ាងណាប្រជាជនរបស់យើងតែងតែជឿជាក់លើខ្ញុំជានិច្ចហើយគាំទ្រជម្រើសនិងការប្តេជ្ញាចិត្តរបស់ខ្ញុំទោះបីវាជាអ្វីក៏ដោយ»។
សេដ្ឋកិច្ចរបស់កូរ៉េខាងជើង ត្រូវបានរឹតត្បិតយ៉ាងធ្ងន់ធ្ងរដោយរងការដាក់ទណ្ឌកម្មអន្តរជាតិព្រោះតែអាវុធនុយក្លេអ៊ែរ និងកម្មវិធីមីស៊ីលផ្លោង ខណៈប្រទេសនេះបានបិទព្រំដែនស្ទើរតែទាំងអស់ក្នុងកិច្ចប្រឹងប្រែងមួយដើម្បីការពារការផ្ទុះឡើងនៃជំងឺឆ្លង៕




